ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានមានប្រសាសន៍ណែនាំទៅកាន់អាជ្ញាធរមានសមត្ថកិច្ចគ្រប់មូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស រួមទាំងបាតុភាពអវិជ្ជមាននានាក្នុងសង្គម ដើម្បីធានារក្សាបរិយាកាសសន្តិសុខជាទូទៅផង និងសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលនឹងប្រព្រឹត្តទៅនៅក្នុងឆ្នាំ២០២៤ខាងមុខនេះផងដែរ។
ប្រសាសន៍ណែនាំរបស់ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ ដោយមានការអញ្ជើញចូលរួមជាសហអធិបតីពីលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងមន្រ្តីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើនរូបទៀត។
បើតាមលោកអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ទោះបីបរិយាកាសជារួមនៅកម្ពុជាមានលក្ខណៈល្អប្រសើរ ប៉ុន្តែបទល្មើសចោរកម្មនានា អំពើមនុស្សឃាត អំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម ព្រមទាំងសកម្មភាពអនាធិបតេយ្យ រួមទាំងទំនាស់ផ្សេងៗ នៅតែបន្តកើតឡើង ដែលជះឥទ្ធិពលដល់ចិត្តសាស្ត្រ និងជីវភាពសង្គម ជាពិសេសអាចក្លាយជាកម្មវត្ថុនៃការចោទប្រកាន់អំពីការគំរាមកំហែង និងរិះគន់ផ្នែកនយោបាយពីសំណាក់មជ្ឈដ្ឋានអគតិដែលមានទស្សនៈទុទ្ទិដ្ឋិនិយមលើរាជរដ្ឋាភិបាល។
ក្នុងន័យនេះ លោកអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានណែនាំអាជ្ញាធរមានសមត្ថកិច្ច បន្តចាត់វិធានការ បង្ការ ទប់ស្កាត់ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាពស្របតាមច្បាប់ ព្រមទាំងបង្ក្រាបឱ្យបានទាន់ពេលវេលាចំពោះបទល្មើសទាំងនោះ ហើយរាល់បទល្មើសដែលកើតឡើង ទោះក្នុងរូបភាពណាក៏ដោយ ត្រូវខិតខំស្រាវជ្រាវរកឱ្យឃើញជនប្រព្រឹត្តបទល្មើស ដើម្បីនាំខ្លួនយកទៅផ្តន្ទាទោសតាមច្បាប់ជាធរមាន បញ្ចៀសឱ្យបាននូវនិរទណ្ឌភាពក្នុងសង្គម។
ថ្លែងដោយភ្ជាប់ទៅនឹងកិច្ចការបោះឆ្នោត ក្នុងនាមជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត លោកអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ឱ្យយកចិត្តទុកដាក់សហការផ្តល់សេវាសន្តិសុខឱ្យបានល្អ ជាពិសេសត្រូវសហការជាមួយ គ.ជ.ប. គ្រប់ថ្នាក់ និងភាគីពាក់ព័ន្ធដើម្បីមានវិធានការអប់រំ បំភ្លឺជូនមហាជនឱ្យបានយល់ពីឧបាយកលញុះញង់ ប៉ុនប៉ងរំខានការបោះឆ្នោត សំដៅរួមគ្នារក្សាភាពស្ងប់ស្ងាត់ និងត្រូវដោះស្រាយបញ្ហាដោយសន្តិវិធី និងចាត់វិធានឱ្យបានស្របទៅតាមច្បាប់។
ការបោះឆ្នោតសកល និងអសកលជាច្រើនលើកនៅកម្ពុជានាពេលកន្លងមក គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ប្រកបដោយមោទនភាពជាតិ និងជាសក្ខីភាព នៃឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិ ឈរលើការសហការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ដើម្បីពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយកិត្យានុភាព ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ៕
ដោយ ៖ សហការី