ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកួតបាល់ទាត់នៅទួរគីក្លាយទៅជាកីឡាប្រដាល់ក្រោយប្រធានក្លិបរត់មកវាយមុខអជ្ញាកណ្តាលក្រោយចប់ការប្រកួត

ចែករំលែក៖

​ការប្រកួតបាល់ទាត់នៅក្នុងក្របខណ្ឌកំពូលរបស់ប្រទេសទួរគីបានបញ្ចប់ដោយអំពើហិង្សាដោយសារតែលោក Faruk Kocaប្រធានក្លិបMKE Ankaragucu បានរត់ទៅវាយចំកណ្តាលមុខរបស់អជ្ញាកណ្តាលHalil Umut Meler 

​អំពើហិង្សានេះកើតឡើងក្នុងជំនួបរវាងក្រុមបាល់ទាត់  MKE Ankaragucu​ដែលជាម្ចាស់ផ្ទះនិងCaykur Rizespor ។ ម្ចាស់ផ្ទះបាននាំមុខមុនតាំងពីនាទីទី១៤មកម្លេះប៉ុន្តែម្ចាស់ផ្ទះបានទទួលកាតក្រហមនៅនាទីទី៥០សល់គ្នាតែ១០នាក់។ ក្រុមភ្ញៀវក៏បានទទួលកាតក្រហមមួយផងដែរនៅចុងម៉ោងបន្ថែម ប៉ុន្តែពួកគេមានឱកាសតាមស្មើវិញ នៅជិតចប់ការប្រកួតហើយក្នុងនាទី៩៧ ហើយលោកអជ្ញាកណ្តាល Umut Meler បានផ្លុំកញ្ចែបញ្ចប់ការប្រកួតភ្លាម លោក Faruk Koca បានរត់មកវាយគាត់ចំកណ្តាលមុខតែម្តងធ្វើឲ្យគាត់ដួលទៅលើវាលស្មៅនិងប៉ោងក្រោមភ្នែក។

លោកMehmet Buyukeksi  ប្រធានសហព័ន្ធបាល់ទាត់របស់ទួរគីបានថ្លែងនៅក្នុងសន្និសីទក្រោយចប់ការប្រកួតថា ការប្រកួតបាល់ទាត់ទាំងអស់ត្រូវផ្អាកជាបន្ទាន់ ដោយអំពើហិង្សាដែលបានកើតឡើងពិតជាផ្តល់ក្តីអាម៉ាស់យ៉ាងខ្លាំងចំពោះយើង។

​ចំណែកលោកRecep Tayyip Erdoganប្រធានាធិបតីប្រទេសទួរគីក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពហិង្សារបស់លោកFaruk Kocaប្រធានក្លិប MKE Ankaragucu ទៅលើអជ្ញាកណ្តាលHalil Umut Melerហើយបានជូនពរអជ្ញាកាណ្តាលឆាប់ជាសះស្បើយផងដែរ។ លោកប្រធានាធិបតីបានបញ្ជាក់ថា “កីឡាមានន័យថាសនិ្តភាពនិងភាតរភាព។ កីឡាមិនត្រូវគ្នាជាមួយនឹងអំពើហិង្សាឡើយ។ យើងមិនអនុញ្ញាតឲ្យអំពើហិង្សាកើតឡើងបែបនេះទៀតទេក្នុងវិស័យកីឡារបស់ប្រទេសយើង។”៕

ដោយ៖ ភារៈ


ចែករំលែក៖