ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំជាលើកដំបូង ក្នុងបេសកកម្មដឹកនាំ​ និងសម្របសម្រួលការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ ៖ រសៀលនេះ គណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ ដែលហៅកាត់ថា គ.ក.ស. បានបើក​កិច្ចប្រជុំជាលើកដំបូងរបស់ខ្លួន ក្នុងបេសកកម្មដឹកនាំ​ និងសម្របសម្រួលការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។ នេះជាប្រសាសន៍ របស់លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ។ 

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ គណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ ជាវិធានការមួយក្នុងចំណោមវិធានការផ្សេងទៀត ដែលមានសមាសភាពចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនៃក្រសួងស្ថាប័ន អង្គភាពទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងទិសដៅកែទម្រង់ស្ថាប័នមួយឱ្យមានលក្ខណៈកាន់តែគ្រប់ជ្រុងជ្រោយ​ និងធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តការងារក្នុងក្របខ័ណ្ឌកែទម្រង់រដ្ឋបាលសាធារណៈ។​ គណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.)​ មានអនុគណៈកម្មការចំនួន៤​ ដើម្បីជួយសម្រួល និងបំពេញការងាររួមមាន៖ (១) អនុគណៈកម្មការបរិវត្តកម្មសេវាសាធារណៈ​ និងនវានុវត្តន៍ (២)អនុគណៈកម្មការឧត្តមភាពសេវាសាធារណៈ (៣) អនុគណៈកម្មការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស និង(៤)អនុគណៈកម្មការកសាងសមត្ថភាពមន្ត្រី។ 

លោកថា៖ ទោះបីជាកិច្ចប្រជុំនេះ ជាការជួបជុំគ្នាលើកដំបូងក៏ពិតមែន​ តែសមាជិក​ សមាជិកាបានយល់ជ្រាបយ៉ាងច្បាស់ពីតួនាទី ភារកិច្ច ក៏ដូចជាការងារគន្លឹះរបស់គណៈកម្មាធិការ រួមទាំងផែនការការងារឆ្ពោះទៅមុខក្នុងការរៀបចំ​ និងអនុវត្តកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយបានចូលរួមជាធាតុចូលជាច្រើនក្នុងកិច្ចប្រជុំ។ ​សម្រាប់ជំហានថ្មីមួយនេះ​ ខ្ញុំជឿជាក់យ៉ាងមុតមាំថា  លោក​ លោកស្រីដែលជាសមាជិក សមាជិកា និងក្រុមការងារទាំងអស់របស់គណៈកម្មាធិការនឹងបន្តការយកចិត្តទុកដាក់កាន់តែស្រួចស្រាវលើការងារកែទម្រង់រដ្ឋបាលសាធារណៈក្នុងកាតព្វកិច្ចជាសេនាធិការរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ស្វាហាប់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី៕

ដោយ ៖ សហការី


ចែករំលែក៖