ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​ បន្តចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅព្រឹក​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កាលពីយប់មិញនេះ​ បានចាត់ឱ្យលោកឧត្តមសេនីយ៍ត្រី ឌិន លីក្រូ ស្នងការរងផែនការងារ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ បានដឹងនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ និងកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។ 

ជាមួយគ្នានេះ​ កម្លាំង​ក្រុមការងារ​ផ្លូវ​ជាតិ​ នៃ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បានចុះ​រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ តេស្ដ​រក​សារធាតុ​ញៀន​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​​ និង​ពង្រឹង​ការ​ពាក់មួក​សុវត្ថិភាព​នៅ​ពេល​យប់​។ 

ដោយឡែក​កម្លាំងនគរបាលទេសចរណ៍ ប្រចាំការល្បាត ដើម្បីការពារ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តតាមឆ្នេរ​មាត់​សមុទ្រ​។ 

សូមជម្រាបជូនថា​ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក និងកម្លាំងអធិការដ្ឋាននគរបាលគ្រប់ស្រុក-ក្រុង​ នៃខេត្តព្រះសីហនុទាំងអស់​ ជារៀង​រាល់​ថ្ងៃ​តែងតែ​ចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀនផងដែរ៕

ដោយ៖ សហការី


ចែករំលែក៖