ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដោះស្រាយគំនុំចាស់ដោយប្រើកាំបិតបុ័ងតោដេញកាប់ទៅលើបុរសម្នាក់ទៀតជាគូគំនុំ​ រហូតរងរបួសធ្ងន់ធ្ងរ តែទីបំផុតត្រូវសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងឃាត់ខ្លួនយកមកអនុវត្តទោសទៅតាមផ្លូវច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០២៣នេះថា៖​ ជនសង័្សយនិងជាជនដៃដល់ម្នាក់ក្នុងករណីករណីហិង្សាដោយប្រើប្រាស់អាវុធត្រូវបានសមត្ថកិច្ចន​គរបាលក្រុងបាត់ដំបងបញ្ជូនមកផែនជំនាញនៅស្នង​ការដ្ឋានដើម្បីអនុវត្តបន្តស្របតាមនីតិវិធីនិងច្បាប់ បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួននិងធ្វើការស្រាវជ្រាវចប់សព្វគ្រប់រួចមក​ កាលពីព្រឹកមិញនេះ​។ 

សូមជម្រាបជូនថា កាលពីថ្ងៃទី១០ខែធ្នូឆ្នាំ២០២៣​វេ​លាម៉ោង២០និង៣០នាទីនៅចំណុចក្រុមទី០១ ភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីហិង្សាដោយប្រើប្រាស់អាវុធកាប់ទៅលើបុរសម្នាក់ឈ្មោះ វុធ ម៉ អាយុ ២៣ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បណ្តាលឱ្យរងរបួសជាទម្ងន់ ហើយត្រូវបាននាំយក​ទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ពេលសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងទទួលបានព័ត៌មាននេះ តាមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍​ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វើការស្រាវជ្រាវភ្លាមៗរហូតឃាត់ខ្លួនជនសង័្សយក្នុងករណីហិង្សា ខាងលើនោះ​បានគឺឈ្មោះវ៉ាង និមិត្ត ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបងមកកាន់អធិការដ្ឋាននគរបាលក្រុងដើម្បីធ្វើការសាកសួរស្រាវជ្រាវ។

ក្រោយពីសាកសួរជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះជាច្រើនកាំបិតពិតប្រា​កដមែន ហើយចំពោះមូលហេតុដែលនាំទៅដល់ការប្រើអំពើហិង្សាបែបនេះគឺដោយសារតែរឿងគំនុំតែប៉ុណ្ណោះ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតសម្ភារមានកាំបិតបុ័ងតោដងដែកចំនួន០១៕

ដោយ៖ អរុណរះ


ចែករំលែក៖