ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យម្នាក់យកកាំបិតបុ័ងតោកាប់ក្បាលនឹងដៃបុរសម្នាក់បណ្តាលឱ្យរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌដូនពេញសហការជាមួយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ផ្សារ​កណ្ដាល​ទី​១ ​ឃាត់ខ្លួនជនសង្ស័យ​ចំនួន​០១នាក់​ក្នុង​ករណី​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់ទោស​ (យកកាំបិតបុ័ងតោកាប់បុរសម្នាក់បណ្តាលឲ្យរបួសធ្ងន់ ត្រង់ដៃនិងក្បាល)។

ការចុះឃាត់ខ្លួននេះបានធ្វើឡើងនៅម៉ោង៥ព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នា២០២៣ នៅចំណុច​ផ្លូវ​លេខ​១៥កែងផ្លូវ​លេខ​១៥៤ ភូមិ​៧ សង្កាត់​ផ្សារ​កណ្ដាល​ទី១ នាំមកប៉ុស្តិ៍រដ្ឋបាលដើម្បីសាកសួរ។ 

លោកម៉ៅ ចាន់ថុន អធិការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ​  កែវ​ វណ្ណៈ ភេទប្រុស​ អាយុ​២៣ឆ្នំា​ ជនជាតិ​ខ្មែរ​ មុខរបរ​និង​ទី​លំនៅ​ពុំពិត​ប្រាកដ​(មានសារធាតុញៀន)។

ចំណែកជនរងគ្រោះមានឈ្មោះ​ ទូច​ ចិន្តា​ ភេទប្រុស​ អាយុ​២៩ឆ្នំា​ជនជាតិ​ខ្មែរ​ មុខរបរ​នៅផ្ទះ មានទីលំនៅផ្ទះលេខ​២៤E២z ផ្លូវ​លេខ​១៣​សង្កាត់​ផ្សារ​កណ្ដាល​ទី​១​។

លោកអធិការរងបានឲ្យដឹងទៀតថា ដំណើររឿងហេតុបានកើតឡើងកាលពីថ្ងៃទី​០៩​ខែធ្នូ ឆ្នាំ​២០២៣ វេលា​ម៉ោង​១៧និង១៥នាទី​ ជនរងគ្រោះ​កំពុង​តែ​ឈរ​លេង​នៅចំណុច​ម្តុំ​ហាត់​ប្រាណ​សួនច្បារ​មាត់​ទន្លេ​ផ្លូវ​ព្រះសុីសុវត្តិ​ភូមិ​៦ សង្កាត់​ផ្សារ​កណ្ដាល​ទី១ស្រាប់​តែ​ជនសង្ស័យ​បានយក​កាំបិត​បុ័ង​តោ​ មកកាប់លេីជនរងគ្រោះ​បណ្តាលរងបួស​ធ្ងន់ធ្ងរ ត្រង់ដៃនិងក្បាល។

ក្រោយពីធ្វើសកម្មភាពរួចជន​សង្ស័យបានរត់គេចខ្លួនបាត់ រីឯជនរងគ្រោះ​ក៏ត្រូវ​បានប្រជាពលរដ្ឋជួយសង្រ្គោះដោយបាននាំទៅ​មន្ទីរពេទ្យ​កាល់ម៉ែត។  ក្រោយពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចយើងបានចុះដល់កន្លែងកើតហេតុ ប្រមូលព័ត៌មាន និងសាក្សីបំភ្លឺ ដោយបន្តទៅមន្ទីរពេទ្យសាកសួរជនរងគ្រោះ និងទទួលពាក្យបណ្តឹងនៅមន្ទីរពេទ្យ រួចព្រមទាំងកំណត់បាននូវអត្តសញ្ញាណជនសង្ស័យ។

វត្ថុតាងដកហូតរួមមានកាំបិត​បុ័ង​តោ​ ដងឈេីចំនួន​០១​ ។

តាម​ចម្លើយសារភាព​របស់​ជន​សង្ស័យ​ ខ្លួន​ពិត​ជា​បាន​ប្រព្រឹត្តិ​អំពេី ហិង្សារដោយយក​កាំបិតបុ័ងតោ​កាប់ទៅលេី​ជន​ជនរងគ្រោះ​ពិត​ប្រាកដមែន​ដោយសារ​តែរឿង​គំនុំ(រឿងប្រចណ្ឌប្រពន្ធ)។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ​កំពុង​តែសាកសួររួច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អធិការ​ដ្ឋាន ដេីម្បីចាត់វិធានការបន្តតាមនីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖