(ហាណូយ, វៀតណាម)៖ កម្ពុជា និងវៀតណាម បានឯកភាពគ្នាបើកឱ្យមានការហោះហើរត្រង់ពីរដ្ឋធានីហាណូយ ប្រទេសវៀតណាម មកកាន់ខេត្តសៀមរាប ប្រទេសកម្ពុជា។
កិច្ចព្រមព្រៀងហោះហើរត្រង់នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម នៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម នារសៀលថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២៣។
តាមរយៈការបើកឱ្យមានជើងហោះហើរត្រង់នេះ គឺនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន តាមរយៈការទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាម និងលំហូរធុរជន វិនិយោគិន ក៏ដូចជាការសម្រួលដល់មធ្យោយបាយធ្វើដំណើរ និងការដឹកជញ្ជូនជាដើម។ល។
សូមបញ្ជាក់ថា មកដល់ឆ្នាំ២០២៣នេះ កម្ពុជា និងវៀតណាម មានទំនាក់ទំនងការទូតផ្លូវការជាមួយគ្នារយៈពេល៥៦ឆ្នាំមកហើយ។ រយៈពេល៥៦ឆ្នាំមកនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសភូមិផងទាំងពីរនេះ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។
វៀតណាម បានក្លាយជាប្រទេសសមាជិកអាស៊ានដំបូងគេ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ជ្រើសធ្វើដំណើរបំពេញទស្សនកិច្ចជាផ្លូវការ។ ក្នុងជំនួបជាមួយមេដឹកនាំជាន់ខ្ពស់របស់វៀតណាម សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ដោយសម្តេចសង្កត់ធ្ងន់ថា នៅតែបន្តរក្សាទំនាក់ទំនងល្អ មិនប្តូរនយោបាយនៃទំនាក់ទំនងល្អជាមួយប្រទេសជាមិត្តនោះឡើយ៕
ដោយ ៖ សហការី