ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡែនឌ័រមួយគ្រឿង ត្រូវបានឆាបឆេះ ពេលកំពុង​បើកបរលើផ្លូវល្បឿនលឿនចន្លោះគីឡូម៉ែត្រលេខ១៥ (ភ្នំពេញ-ព្រះសីហនុ)

ចែករំលែក៖

ភ្នំពេញ៖ រថយន្តហាយឡែនឌ័រមួយគ្រឿង ត្រូវបានឆាបឆេះជាអគ្គិភ័យ ពេលកំពុង​បើកបរលើផ្លូវល្បឿនលឿនចន្លោះគីឡូម៉ែត្រលេខ១៥ (ភ្នំពេញ-ព្រះសីហនុ) បង្កជាអណ្តាតភ្លើងសន្ធោសន្ធៅ ហើយក្រុមការងារ លើកំណាត់ភ្លើង (ភ្នំពេញ-ព្រះសីហនុ) បានព្យាយាមជួយអន្តរាគមន៍ពន្លត់ ប៉ុន្តែលទ្ធផល រថយន្តខាងលើបានខូចខាតទាំងស្រុងតែម្ដង។

ករណីនេះ បានកើតឡើងកាលពីម៉ោងជិត១០កន្លះព្រឹកថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០២៣នេះ បណ្ដាលឱ្យរងការខូចខាតទាំងស្រុង ។

ក្រោយកើតហេតុសមត្ថកិច្ចនិងក្រុមការងារផ្លូវល្បឿនលឿនបានជួយអន្តរាគមន៍ពន្លត់ដែរ ប៉ុន្តែដោយសារស្ថានភាពភ្លើង​ឆេះខ្លាំងមិនអាចជួយបាន ។ ទោះជាយ៉ាងនេះក្តី ក្រៅពីខូចខាតរថយន្តនិងសម្ភារក្នុងរថយន្ត មិនមានមនុស្សរងគ្រោះថ្នាក់នោះទេ ។

សូមជម្រាបជូនថា, បញ្ហាឆាបឆេះរថយន្តលើកំណាត់ផ្លូវល្បឿនលឿន(ភ្នំពេញ-ព្រះសីហនុ) តែងកើតមានជាបន្តបន្ទាប់ ពិសេសទៅលើប្រភេទរថយន្តទំនើបៗ ដោយករណីឆ្លងចរន្តអគ្គិសនី ករណីបើកក្នុងល្បឿនលឿនបែកកង់ឆេះ បើកបររេចង្កូត ។ល។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ រថយន្តគ្រប់ប្រភេទ មេត្តាពិនិត្យលើបច្ចេកទេសយានយន្តរបស់ខ្លួន ឲ្យបានដិតដល់ ជៀសវាងបង្កហានិភ័យ ដោយយថាហេតុណាមួយកើតឡើង ៕

ដោយ ៖ សហការី


ចែករំលែក៖