ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២៣ នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម រវាងកម្ពុជា និងសហគមអន្តរជាតិ។
កម្មវិធីពិព័រណ៍នេះ មានក្រុមហ៊ុន សហគ្រាសចូលរួមចំនួន១៣៦ (ក្នុងស្រុក ៨៦) ស្តង់ចំនួន ២៣២ស្តង់ (ក្នុងស្រុកចំនួន ១៦៤ស្តង់) និងមានការចូលរួម ១៧ប្រទេស រួមមាន ញ៉ូសាឡេន មីយ៉ាន់ អូស្រ្តាលី ចិន បារំាង កូរ៉េ ជប៉ុន ឡាវ ហ្វីលីពីន និងឥណ្ឌូនេស៊ី។ល។ ផលិតផលផលដែលនឹងត្រូវដាក់តាំងបង្ហាញលក់ មានដូចជា៖ ផលិតផលកសិកម្ម កសិ-ពាណិជ្ជកម្ម ផលិតផលសម្គាល់ភូមិសាស្រ្តទំនិញ (GI) រួមមាន ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ផ្កាអំបិលកំពត-កែប ក្រូចថ្លុងកោះទ្រង់ បង្កងតាកែវ ទឹកត្រីកំពត-កែប និងទឹកឃ្មុំព្រៃមណ្ឌលគិរី អង្ករ ស្វាយចន្ទី ផលិតផលសូត្រ និងការកែច្នៃ ផលិតផលហាឡាលកម្ពុជា ផលិតផលម្រេចនិងគ្រឿងទេសកម្ពុជា គ្រឿងឧបភោគ-បរិភោគ ផលិតផលម្ហូបអាហារ និងភេសជ្ជៈ គ្រឿងសម្អាងនិងតុបតែងកាយ រថយន្តនិងគ្រឿងបន្លាស់ សម្ភារៈធ្វើដំណើរ គ្រឿងអលង្ការនិងត្បូងថ្មមានតម្លៃ គ្រឿងអេឡិចត្រូនិក សម្លៀកបំពាក់និងស្បែកជើង វត្ថុអនុស្សាវរីយ៍ ទំនិញប្រើប្រាស់ទូទៅមកពីបរទេស។ល។
ក្រៅពីសកម្មភាពខាងលើនេះ ក្រសួងពាណិជ្ជកម្មក៏នឹងរៀបចំនូវកម្មវិធីផ្សេងៗទៀត ដូចជា៖ ជំនួបពាណិជ្ជកម្ម ស្តីពីជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ , វេទិកាជំរុញធុរកិច្ចវិនិយោគកម្ពុជា-ឥណ្ឌូណេស៊ី , ការប្រគំតន្រ្តី និងការសម្របសម្រួលជាមួយដៃគូពាក់ព័ន្ធ រៀបចំឱ្យមានភ្ញៀវបរទេសជាអ្នកទស្សនាពាណិជ្ជកម្ម “Trade Visitors” មកពីប្រទេសឡាវ ភូមា និងប្រទេសចិន មកទស្សនាពិព័រណ៍ និងបានជួបផ្ទាល់ជាមួយពាណិជ្ជករកម្ពុជាតាមស្ថានភាពជាក់ស្តែង។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២២កន្លងទៅ ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល បានទាក់ទាញក្រុមហ៊ុន សហគ្រាសទាំងក្នុងស្រុក និងអន្តរជាតិមកពីប្រទេសជាមិត្ត ក្នុងតំបន់ ដូចជា៖ ប្រទេសជាសមាជិក អាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អាម៉េរិក ឥណ្ឌា តួកគី អ៊ីតាលី ប៉ាគីស្ថាន ព្រមទាំងមន្ទីរពាណិជ្ជកម្ម រាជធានី-ខេត្ត សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្រូវអង្ករ អង្គការ សមាគមអាជីវកម្ម ក្រុមហ៊ុន សហគ្រាសក្នុងស្រុក និងក្រុមហ៊ុនបរទេសដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជាមកចូលរួមចំនួន១៨១ ក្រុមហ៊ុន សហគ្រាស និងមានស្ដង់សរុបចំនួន២៦៨ស្ដង់៕
ដោយ៖ សហការី