ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋបាន ព្យាយាមរត់គេចខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងនគរបាលស្រុកសំរោងទង បានបញ្ជូនជនសង្ស័យម្នាក់ទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបន្តនីតិវិធីដោយ ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើ សកម្មភាពកាច់សោ.ក ម៉ូតូហើយជិះគេចខ្លួន។

ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២ នាក់ត្រូវបាននគរបាលឃាត់ខ្លួនបាន ខណៈដែលក្រុមជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋបានហើយព្យាយាមជិះរត់គេចខ្លួន។

នគរបាលបានឱ្យដឹងថា កាលវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ មានជនសង្ស័យ ២នាក់ប្រុស មានឈ្មោះ ៖ទី១.ឈ្មោះ សុត សំរិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន) និងទី២.ឈ្មោះ ភា  ភេទប្រុស អាយុ៣៨ឆ្នាំរស់នៅភ្នំពេញ (គេចខ្លួន) បានធ្វើសកម្មភាព លួចកាច់សោ.កម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ តាកែវ 1W-7934 មានលេខតួ និង លេខម៉ាស៊ីន ៥៨៥៧៨៣០ នៅចំណុចមុខផ្ទះរបស់ជនរងគ្រោះឈ្មោះ យ៉ុន ដាណែត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិត្រពាំងខ្លុង (ក្រាំងមន្រ្តី) ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ខណៈដែលជនរងគ្រោះកំពុងតែហូបបាយ ក៏បានឮសំឡេងម៉ូតូបញ្ឆេះជិះចេញ ក៏រត់ទៅមើលម៉ូតូស្រាប់តែមិនឃើញម៉ូតូ។ 

ពេលនោះ ជនរងគ្រោះក៏បានស្រែកហៅឈ្មោះ យ៉ុន ដាណុច ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវជាបងបង្កើត រស់នៅខាងលិចផ្ទះរបងជាប់គ្នា ឱ្យយកម៉ូតូជិះដេញតាមជន សង្ស័យ រហូតមកដល់ចំណុចផ្លូវបំបែកជាបី ស្ថិតក្នុងភូមិពាមខ្វាវ ឃុំដំបូករូង ក៏ឃើញជនសង្ស័យ០២នាក់ខាងលើ ជិះម៉ូតូម្នាក់១គ្រឿង ហើយជនសង្ស័យឈ្មោះ ភា ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ មើលស៊េរីម៉ូតូមិនច្បាស់ ជិះបត់ទៅទិសខាងត្បូង។ ចំណែកជនសង្ស័យឈ្មោះ សុត សំរិទ្ធ ជិះម៉ូតូជនរងគ្រោះបត់មកទិសខាង កើត  ហើយជនរងគ្រោះក៏បានជិះដេញតាមម៉ូតូរបស់ខ្លួនមកដល់ផ្លូវកោង ភូមិមានជ័យ ឃុំខាងលើ ជនសង្ស័យក៏បានដួលម៉ូតូ ហើយត្រូវបានជនរងគ្រោះដេញចាប់បាន និងរាយការណ៍ប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដំបូករូង។

 នគរបាលបានបន្តទៀតថា ក្រោយឃាត់ខ្លួន វត្ថុតាងដកហូតពីជនសង្ស័យឈ្មោះ សុត សំរិទ្ធ រួមមាន ៖

– ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ តាកែវ1W-7934 (ម៉ូតូជនរងគ្រោះ)

– កូនសោរម៉ូតូ០៤

– ដែកកេះ០១

– សោរសំរាប់កាច់កម៉ូតូ០២

– សោរអក្សរT ០១

-សោរខ្សៀ០១

– លេខ៨ ចំនួន០៨សន្លឹកទុកបិតលើផ្លាកលេខម៉ូតូ

– ទូរស័ព្ទម៉ាកoppo ចំនួន០១គ្រឿង

ចំពោះវត្ថុតាងម៉ូតូរបស់ជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ ទទួលជូនម្ចាស់ដើមវិញ។ 

ចំណែកជនសង្ស័យ រួមនិងវត្ថុតាងមួយចំនួនខាងលើ កម្លាំងសមត្ថកិច្ចយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីបន្តនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖