ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍គន់ គីម ៖ ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ អន្លង់វែងសាងសង់បានជាង៨០ភាគរយហើយ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ ៖ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ប្រធានអនុគណៈកម្មការសាងសង់ស្តូបឈ្នះ ឈ្នះ តេជោសែនតំបន់អន្លង់វែង បានឲ្យដឹងថា រហូតមកដល់ពេលនេះមានរយៈពេលជិត២ឆ្នាំនៃការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ អន្លង់វែងសម្រេចបានជាង៨០ភាគរយហើយ។

​ក្នុងឱកាសចុះពិនិត្យការសាងសង់ស្រូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ អន្លង់វែង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៣ នាយឧត្តមសេនីយ៍ គន់ គីម បានឲ្យដឹងថា គិតត្រឹមពាក់កណ្ដាលខែធ្នូនេះ មានរយៈពេលជិត២ឆ្នាំហើយដែលក្រុមការងារសម្រេចបានលទ្ធផលជាច្រើនលើការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ។ នាយឧត្តមសេនីយ៍ បញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ក្រុមការងារនឹងបន្តការឆ្លាក់នៃខ្លឹមសារ និងអត្ថន័យរបស់នយោបាយ ឈ្នះ ឈ្នះ ដែលកកើតពីការខិតខំតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការផ្សះផ្សាជាតិបញ្ចប់សង្រ្គាម នាំមកនូវសន្ដិភាពពេញលេញសម្រាប់ជាតិកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ ២៩ ធ្នូ ១៩៩៨ ជាពិសេសតំបន់បញ្ចប់សង្គ្រាមស៊ីវិល នៅអន្លង់វែងនេះជុំវិញស្តូបអនុស្សាវរីយ៍។

នាយឧត្តមសេនីយ៍គន់ គីម បញ្ជាក់បន្ថែមទៀតថា ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ អន្លង់វែង ជាទីតាំងសំខាន់ដែលត្រូវបានបញ្ចប់សង្គ្រាមស៊ីវិល ចុងក្រោយបង្អស់ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន រហូតធ្វើឲ្យកម្ពុជាមានសន្តិភាពពេញលេញមកដល់ពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា កម្ពុជាបានបញ្ចប់សង្រ្គាមទាំងស្រុងនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន ព្រោះតែនយោបាយឈ្នះឈ្នះនេះហើយ ទើបនាំឲ្យកម្ពុជាមានសន្តិភាព ហើយទុកឱកាសឲ្យប្រទេសជាតិអាចធ្វើការអភិវឌ្ឍនៅលើគ្រប់វិស័យរហូតមកដល់ពេលនេះ។ ការរំលឹកឡើងវិញអំពីកត្តាប្រវត្តិសាស្រ្ដនេះ ត្រូវបានធ្វើដើម្បីជាការដឹងគុណចំពោះស្ថាបនិកនយោបាយឈ្នះឈ្នះ ដើម្បីទុកជាការចងចាំអំពីការខិតខំតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការផ្សះផ្សាជាតិ បញ្ចប់សង្រ្គាមនាំមកនូវសុខសន្ដិភាពពេញលេញសម្រាប់ជាតិកម្ពុជា៕

ដោយ៖ សហការី


ចែករំលែក៖