ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រួងព័ត៌មាន៖ និស្សិតម្នាក់ដែលចេញទៅបន្តការសិក្សានៅក្រៅប្រទេស គឺជាឯកអគ្គរាជទូតតំណាងអោយកម្ពុជា ក្រៅពីការទទួលបានចំណេះដឹងប៉ុណ្ណោះទេ តែជាអ្នកផ្សព្វផ្សាយនូវវប្បធម៍ ប្រពៃណី ទំនៀមទំលាប់ សាសនា អោយបរទេសបានដឹងបានស្គាល់កម្ពុជាកាន់តែច្បាស់

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រួងព័ត៌មាន៖ និស្សិតម្នាក់ដែលចេញទៅបន្តការសិក្សានៅក្រៅប្រទេស គឺជាឯកអគ្គរាជទូតតំណាងអោយកម្ពុជា ក្រៅពីការទទួលបានចំណេះដឹងប៉ុណ្ណោះទេ តែជាអ្នកផ្សព្វផ្សាយនូវវប្បធម៍ ប្រពៃណី ទំនៀមទំលាប់ សាសនា អោយបរទេសបានដឹងបានស្គាល់កម្ពុជាកាន់តែច្បាស់ ។ នេះជាប្រសាសន៍គូសបញ្ជាក់របស់ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាល អូស្ត្រាលីសម្រាប់ឆ្នាំសិក្សា២០២៤ ដែលបានអញ្ជើញចូលជួបសម្តែងគារវកិច្ច និងទទួលយកអនុសាសន៍ មុននឹងចេញទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នាសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន។ លោក បោង ចន្ទ័សម្បត្តិ តំណាងក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ថា ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ រដ្ឋាភិបាលអូស្ត្រាលីសម្រាប់ឆ្នាំសិក្សា២០២៤ (Australia Awards Scholarship 2024) គឺមានសមាសភាពមកពីបណ្តាក្រសួង ស្ថាប័នសាធារណៈ វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ដែលនឹងចេញទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅតាមសាកលវិទ្យាល័យនានានៃប្រទេសអូស្ត្រាលី នាដើមខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។ កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី គឺជាផ្នែកមួយ នៃជំនួយអភិវឌ្ឍរបស់រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ឱកាសដល់យុវជនកម្ពុជា ដែលជាមន្ត្រីរាជការ បុគ្គលិក នៃវិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការបន្តការសិក្សា កសាងសមត្ថភាព និងជំនាញបន្ថែម ដើម្បីបម្រើដល់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា។ ដូច្នេះក្នុងឱកាសនេះ ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាល អូស្ត្រាលីសម្រាប់ឆ្នាំសិក្សា២០២៤ ចំនួន ១៨ រូប អនុញ្ញាតគោរពស្នើសុំអនុសាសន៍ណែនាំពី លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា សម្រាប់ជាពុទ្ធិបន្ថែមក្នុងការ បន្តចូលរួមអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព និងបរិយាបន្ន ក្រោមម្លប់ស្ថិរភាព និង សុខសន្តិភាព ស្របតាមយុទ្ធសាសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ។ លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើការចែករំលែកបទពិសោធន៍ខ្លះពាក់ពន្ធ័ការសិក្សា ស្រាវជ្រាវ និងបរិបទបែបណាខ្លះថាតើត្រូវធ្វើអ្វីដើម្បីចូលរួមកសាងប្រទេសជាតិអោយបានកាន់តែរីកចំរើន ។ លោក រំលឹកពីប្រវត្តិសាស្រ្តមួយចំនួនដែលកម្ពុជាបានឆ្លងកាត់ជាច្រើនតាំងពីសម័យសង្គ្រាម រហូតដល់ប្រទេសមានសុខសន្តិភាព ដោយក្នុងនោះបើពិនិត្យមើលអំពីធនធានមនុស្សរបស់កម្ពុជាកាលពីឆ្នាំ១៩៧៩ ស្ថានភាពកាលនោះគឺអ្នកចេះច្រើន បង្រៀនអ្នកចេះតិច ហើយអ្នកចេះតិចបង្រៀនអ្នកអត់ចេះ គឺពិតជាលំបាក ។ ដំណាក់កាលពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ គឺជាដំណាក់កាលពង្រឹងខ្លួន កសាងធនធានមនុស្ស ដោយធ្វើយ៉ាងមិចអោយមានអ្នកចេះដឹងច្រើន ។ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ ជាដំណកាលនៃការពង្រីកនៃការអភិវឌ្ឈធនធានមនុស្ស ។ ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៣ គឺជាដំណាក់កាលនៃការពង្រឹងបរិមាណ និងគុណភាព ដែលនិយាយពីមូលធុនមនុស្ស សំដៅលើមនុស្សដែលជាធនធាន មានចំណេះដឹង មានសមត្ថភាព ស្ថាដៃ និងសុខភាព ។ ដូច្នេះបើពិនិត្យជារួមក្នុងដំណើររយៈពេលជាង ៤០ ឆ្នាំនេះ គឺកម្ពុជាបានកសាងប្រទេសចាប់តាំងពីបាតដៃទទេ ព្រោះអ្នកចេះដឹងដែលមាននៅមុនឆ្នាំ១៩៧៩ ត្រូវបានខ្មែរក្រហមសំលាប់ចោល ។ ដោយការខិតខំប្រឹងប្រែងរបស់ថ្នាក់នាំប្រទេសរហូតមកដល់ពេលបច្ចុប្បន្ននេះ បានកសាងធនធានមនុស្សបានយ៉ាងច្រើន ប្រកបដោយសមត្ថភាពខ្ពស់ ហើយសម្រាប់បងប្អូនជានិស្សិតដែលត្រូវទៅបន្តការ សិក្សានៅប្រទេសអូស្ត្រាលី គឺជាធនធានមនុស្សដ៏សំខាន់ដែលត្រូវត្រឡប់មកជួយប្រទេសជាតិខ្លួនវិញ ។ ដូចនេះត្រូវប្រើប្រាស់ពេលវេលាអោយបានច្រើន សិក្សាដកស្រង់បទពិសោធន៍ប្រទេសគេក្នុងកិច្ចការងារ ទ្រឹស្តីជារឿងមួយ ប៉ុន្តែបទពិសោធន៍ជាផ្នែកមួយដ៏សំខាន់ ដែលអាចយកមកអនុវត្តន៍ការងារបានលឿនសម្រាប់យើង ។ ការអនុវត្តន៍មិនដូចជាទ្រឹស្តីទាំងស្រុងនោះទេ គឺមានភាពបត់បែន ហើយអាស្រ័យលើទេពកោសល្យនិងភាពឈ្លាសវៃក្នុងការសម្របទៅស្ថានការជាក់ស្តែង ។ ឆ្លៀតក្នុងឱកាសនេះដែរ លោក នេត្រ ភក្ត្រា បានផ្តាំផ្ញើដល់និស្សិតទាំងអស់ ត្រូវពង្រឹងសមត្ថភាព ចំណេះវិជ្ជា ចំណេះជំនាញអោយច្បាស់លាស់ , ត្រូវមាន ភាពស្មោះត្រង់ ជំនឿទុកចិត្ត និងការអំណត់ព្យាយាមក្នុងការបំពេញកិច្ចការងារ ។ ជាមួយគ្នានេះដែរត្រូវថែរក្សាសុខភាពអោយបានល្អ ពង្រឹង សាមគ្គីភាព ក្នុងនាមជាតិសាសន៍តែមួយ រក្សាក្តេរ៍ឈ្មោះ និងកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ ពិសេសខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីយកចំណេះវិជ្ជាមកបំរើប្រទេសខ្លួនវិញ ។

នៅក្នុងអាណត្តិទី ៧ នៃរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តោតសំខាន់លើមូលធនមនុស្ស ដោយធ្វើការកែទម្រង់រដ្ឋបាលសាធារណៈពង្រឹងប្រសិទ្ធិភាពស្ថាប័ន ការជ្រើសមន្រ្តីប្រកបដោយគុណាធិបតេយ្យ យកមកបំពេញកិច្ចការងារ និងប្រពន្ធ័លើកទឹកចិត្តដល់មន្រ្តី ដើម្បីបង្កើនប្រសិទ្ធិភាព ចំណេះដឹង ជំនាញ និងប្រសិទ្ធផលការងារ ។

ក្នុងឱកាសនេះដែរ លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានផ្តល់ជូននូវថវិកាចំនួន ១ ពាន់ដុល្លា ជាការលើកទឹកចិតដល់ ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាល អូស្ត្រាលីសម្រាប់ឆ្នាំសិក្សា២០២៤ ផងដែរ ៕

ប្រភព ៖ (ទទក)


ចែករំលែក៖