ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងម្នាក់ នៅថ្ងៃសុក្រទី១៥ ខែធ្នូនេះបាននិយាយថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM) នៅក្នុងខែធ្នូនេះ ហើយការលើកឡើងនេះទៀតសោតធ្វើឡើងនៅមុនកិច្ចពិភាក្សាជាមួយក្រុមមន្ត្រីអាមេរិកពាក់ព័ន្ធនឹងចំណាត់ការឆ្លើយតបទៅនឹងការគំរាមកំហែងពីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។
លោក Kim Tae-hyo ជាទីប្រឹក្សាសន្តិសុខជាតិរងរបស់កូរ៉េខាងត្បូងមិនបានបញ្ជាក់ពីមូលដ្ឋាននៃការសន្និដ្ឋានរបស់លោកនោះទេ ប៉ុន្តែថាមីស៊ីលបាលិស្ទីគរបស់កូរ៉េខាងជើងគឺផ្ដោតលើការទប់ទល់នឹងយុទ្ធសាស្ត្រពង្រីកការកំញើញរបស់ទីក្រុងវ៉ាស៊ីនតោន។ ដូច្នេះហើយទើបលោកជឿថា ក្នុង ខែធ្នូនេះ កូរ៉េខាងជើងអាចនឹងធ្វើតេស្ដបាញ់មីស៊ីល ICBM។
លោក Kim Tae-hyo នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំជុំទី២នៃក្រុមប្រឹក្សាពិគ្រោះយោបល់នុយក្លេអ៊ែរដែលនឹងប្រព្រឹត្តទៅក្នុងទីក្រុងវ៉ាស៊ីនតោននៅថ្ងៃសុក្រសប្ដាហ៍នេះ។ កូរ៉េខាងជើងកាលពីខែកក្កដាកន្លងទៅបានអះអាងពីជោគជ័យក្នុងការធ្វើតេស្តបាញ់មីស៊ីល ICBM មួយគ្រាប់ប្រើឥន្ធនៈរឹង ដោយមីស៊ីលនេះហោះបានរយៈកម្ពស់ ៦,៦៤៨គីឡូម៉ែត្រ មុននឹងធ្លាក់ចូលសមុទ្រភាគខាងកើតនៃតំបន់ឧបទ្វីបកូរ៉េ។
លើសពីនេះទៅទៀត កាលពី ខែវិច្ឆិកាមុននេះ ទីក្រុងព្យុងយ៉ាងក៏បានអះអាងផងដែរពីការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ដំបូងបំផុតរបស់ខ្លួន យកទៅដាក់នៅគន្លងផែនដី ប្រកបដោយជោគជ័យ ខណៈដែលសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ថ្កោលទោសយ៉ាងខ្លាំងដោយចោទថាទីក្រុងព្យុងយ៉ាងប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលិស្ទីគដែលត្រូវបានហាមឃាត់៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN-VNA