ភ្នំពេញ៖ បុរសម្នាក់ជាមន្ត្រីនគរបាលបានយកកាំភ្លេីងខ្លីបាញ់ក្បាលសម្លាប់ខ្លួនឯងបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមក្រោយពីមានទំនាស់ជាមួយប្រពន្ធបន្តិចបន្តួច។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ណយ ផារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលអង្គភាពតម្រួតបទបញ្ជា ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណេីតនៅភូមិលោង សង្កាត់សុពណ៌ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុ ប្រពន្ធជនរងគ្រោះខលទៅប្តីចូលហើយតែមិនមានអ្នកលេីក។ លុះមួយសន្ទុះក្រោយមកជនរងគ្រោះក៏មកដល់ផ្ទះ ពេលនោះប្រពន្ធក៏សួរនាំបន្តិចបន្តួចបណ្តាលឱ្យកេីតជាជម្លោះហើយប្រពន្ធដេញឱ្យដេកក្រៅផ្ទះ។
ប្រភពដដែលបានបន្តថា ខណៈជនរងគ្រោះកំពុងដេកនៅមុខផ្ទះស្រាប់តែប្រពន្ធយកទឹកមកជះដាក់ជនរងគ្រោះស្រែកហៅឱ្យទៅដេកក្នុងផ្ទះវិញ ភ្លាមនោះជនរងគ្រោះដេីរចូលទៅក្នុងបន្ទប់យកកាំភ្លេីងខ្លីម៉ាក NP42.9 បាញ់ក្បាលចំហៀងខាងស្តាំធ្លាយទៅថ្ងាសខាងមុខចំហៀងខាងឆ្វេងស្លាប់ភ្លាមៗតែម្តង។
ក្រោយកេីតហេតុសមត្ថកិច្ចមលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុហុ៊មព័ទ្ធកន្លែងកេីតហេតុ។
យោងតាមការពិនិត្យជាក់ស្ដែងកន្លែងកើតហេតុនិងការបញ្ជាក់ពីលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យអមសាលាដំបូងរាជធានីភ្នំពេញបានសន្និដ្ឋានថា សពស្លាប់ដោយសារធ្វើអត្តឃាត(បាញ់សម្លាប់ខ្លួនឯង) រួចប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត៕
ដោយ៖ សុខាសែនជ័យ