ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងឱ្យពលរដ្ឋបានដឹង បញ្ចៀសចរាចរ ជាបណ្តោះអាសន្ន សម្ពោធអគារធនាគារវីងថោវើក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត សង្កាត់មនោរម្យ ថ្ងៃទី២០ ធ្នូនេះ

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្របនឹងរៀបចំពិធីសម្ពោធអគារធនាគារវីងថោវើ ស្ថិតនៅសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

    ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរ ជាបណ្តោះអាសន្នយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះមុនីវង្ស (ចាប់ពីស្តុបសណ្ឋាគារ ស ដល់ស្តុប បេកាសេ) និងលើកំណាត់មហាវិថីកម្ពុជាក្រោម (ចាប់ពីផ្សារធំថ្មី ដល់ស្តុបថ្មដា) ព្រមទាំងបរិវេណជុំវិញទីតាំង ប្រារព្ធពិធី ចាប់ពីវេលាម៉ោង០៥០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។

      អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយ អនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ។ ទទួល បានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ៧មករា មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ៖ សំរិត


ចែករំលែក៖