ព័ត៌មានទាន់ហេតុការណ៍៖

លោក ខៀវ កាញារីទ្ធ ៖ រៀនពីអតីតកាលដើម្បីយល់ពីបច្ចុប្បន្នសម្រាប់គូសវាអនាគត ភាគទី៦

ចែករំលែក៖

ភ្នំពេញ ៖ ដំបូងសូមអភ័យទោសដែលនៅបន្តយូរ តែជិតចុងឆ្នាំ ការងារក៏ច្រើន បុណ្យក៏ច្រើន ហេតុនេះរយាលក្នុងការវិភាគ ម្យ៉ាងទៀតសភាពការណ៍នៅមជ្ឈឹមបូព៌ាក៏វិវត្តជារៀងរាល់ថ្ងៃដែលតម្រូវអោយបង្អក់ខ្លះ ៗ ។

តើការវាយប្រហាររបស់ពួកហាម៉ាស់អាចបំបែកការខិតចូលគ្នារវាងអុីស្រាអែល និង ប្រទេសអារ៉ាប់នានាពីលើខ្នងប៉ាលេស្ទីនបានទេ ?

មកទល់នឹងពេលនេះ គេឃើញថាគោលដៅនេះបានសម្រេចជាជំហានដំបូងហើយ ។ ថ្វីត្បិតតែប្រទេសអារ៉ាប់ខ្លះនៅទីទើ ឬ រិះគន់ការវាយប្រហាររបស់ពួកហាម៉ាស់នៅថ្ងៃទី ៧ តុលា ២០២៣ នេះក្តី តែការទម្លាក់គ្រាប់បែក និង វាយប្រហារលើប្រជាជនសុីវិលនៅក្នុងតំបន់ហ្កាហ្សារាប់ខែដែលបង្កជាវិនាសកម្មដ៏ធំធេងបំផុតក្នុងសតវត្សរ៍ទី ២១ នេះ លែងធ្វើអោយប្រទេសអារ៉ាប់ រួមទាំងប្រទេសកាន់សាសនាឥស្លាមឯទៀតនៅស្ទាក់ស្ទើរទៀតហើយ ។ ទន្ទឹមនឹងការផ្តន្ទាទោសអុីស្រាអែល ក៏មានការលើកឡើងនូវការចាំបាច់ក្នុងការបង្កើតឡើងរដ្ឋប៉ាលេស្ទីនមួយដូចការសម្រេចរបស់អង្គការសហប្រជាជាតិតាំងពីដើមរៀងមកថ្វីបើពេលនេះ អុីស្រាអែលបានទាត់ចោលសេចក្តីសម្រេចនេះ ហើយក្រោយការវាយប្រហារថ្ងៃទី ៧ តុលា ២០២៣ នេះ បានប្រកាសជាចំហថានឹងមិនមានការបង្កើតរដ្ឋប៉ាលេស្ទីនទេ ហើយក្រោយពីការបញ្ចប់សង្គ្រាមលើកនេះខ្លួននឹងដាក់កងទ័ពអោយនៅត្រួតត្រាជាអចិន្ត្រៃយ៍លើតំបន់ហ្កាហ្សាដោយមិនមានអាជ្ញាធរប៉ាលេស្ទីនទៀតទេយ៉ាងណាក៏ដោយ។ នេះជាការលើកឡើង របស់លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម ។ 

លោកបន្តថា៖ ការចរចារឿងបទឈប់បាញ់បណ្តោះអាសន្នកន្លងមក និង ការដោះលែងអ្នកជាប់នៅក្នងកណ្តាប់ដៃភាគីទាំងសងខាងសុទ្ធតែបានផ្តល់ប្រៀបខ្លាំងទៅលើពួកហាម៉ាស់ ។ នៅជំហានដំបូង លោកនាយករដ្ឋមន្ត្រីអុីស្រាអែល Netanyahu បានប្រកាសថា លោកមិនចរចាជាមួយពួកហាម៉ាស់ដែលជាពួកភេរវករឡើយ តែទីបំផុតលោកត្រូវបង្ខំចិត្តចាត់តាំងតំណាងទៅអង្គុយចរចារំដោះអ្នកជាប់ចំណាប់ខ្មាំងជាមួយពួកហាម៉ាស់ដដែល ( ដូចដែលសហរដ្ឋអាមេរិកប្រកាសមិនចរចាជាមួយពួកវៀតកុងជាដាច់ខាត ព្រោះអាមេរិកថាពួកវៀតកុងជាកូនជឹងហាណូយហេតុនេះមិនជជែកជាមួយអ្នកបម្រើទេ ជជែកតែជាមួយចៅហ្វាយគឺគ្រប់គ្រាន់ ហើយ ទីបំផុតត្រូវតែអង្គុយតុជាមួយ«អ្នកបម្រើ»ដដែល  ) ។ ការទទួលអោយពួកហាម៉ាស់អង្គុយតុចរចា ការទទួលយកលក្ខណ្ឌនៃកិច្ចចរចា និង ការដោះលែងអ្នកទោសប៉ាលេស្ទីនមួយចំនួន បានបង្កើនប្រជាប្រិយភាពរបស់ពួកហាម៉ាស់យ៉ាងសម្បើមនៅក្នុងចំណោមប្រជាជនប៉ាលេស្ទីន ដែលនេះជាទុនមួយដ៏ធំរបស់ពួកហាម៉ាស់នៅពេលខាងមុខ ។

ការសម្លាប់ប្រជាជនប៉ាលេស្ទីនជិត២ ម៉ឺននាក់មិនមែនជាជ័យជំនះរបស់អុីស្រាអែលទេ តែផ្ទុយទៅវិញគឺអុីស្រាអែលកំពុងកសាងទុនអោយពួកហាម៉ាស់ទៅវិញ ។ យុទ្ធសាស្ត្ររបស់កងទ័ពព្រៃ និង យុទ្ធសាស្ត្រនៃសង្គ្រាម Asymmetry គឺវ៉ៃហើយរត់ពួន ។ ទីកន្លែងដែលពួនល្អបំផុតគឺដូចត្រីពួនក្នុងទឹក ពោលក្នុងប្រជាជន ។ ហើយនៅពេលដែលគេធ្វើការបង្ក្រាបគេមិនអាចចៀសបានពីការប៉ះពាល់ប្រជាជនស្លូតត្រង់ឡើយ នៅពេលនោះហើយដែលអ្នកបង្ក្រាបបានបង្កើតឡើងគូសត្រូវជាយថាហេតុរបស់ខ្លួនហើយអ្នករត់គេចកាន់តែមានអ្នកគាំទ្រខ្លួនច្រើនឡើងៗ ។ 

មួយវិញទៀត ជំហររឹងត្អឹងរបស់អុីស្រាអែលកំពុងតែបុកគ្នានឹងជំហររដ្ឋការអាមេរិក ដែលបច្ចុប្បន្នលោកចូ បៃដិន កំពុងដឹកនាំ ។ ស្ថានភាពនយោបាយផ្ទៃក្នុងនៅសហរដ្ឋអាមេរិកមិនអំណោយផលទេដល់លោក ហេតុនេះលោកបៃដិនត្រូវការយកជោគជ័យខ្លះលើនយោបាយអន្តរជាតិទៅទប់ផ្ទៃក្នុង ។ លោកបៃដិនក៏ត្រូវការប្រមូលក្រុមប្រទេសអារ៉ាប់អោយនៅជាមួយសហរដ្ឋអាមេរិក ឬ ហោចណាស់អោយនៅអព្យាក្រិត្យដែរ ហេតុនេះលោត្រូវប្រកាន់ជំហរមួយសម្របសម្រួលពិសេសលើគំនិតនៃការបង្កើតរដ្ឋប៉ាលេស្ទីននេះតែម្តង ។ ការឹងត្អឹងរបស់រដ្ឋភិបាលលោក Netanyahu បានបង្ខំអោយអាមេរិកធ្លោយសម្តីថា លោក Netanyahu គួរចុះចេញពីតំណែង ឬ យ៉ាងហោចណាស់ដូរពួកក្បាលរឹងចេញខ្លះពីក្នុងរដ្ឋាភិបាលពិតជាមិនបានជួយដល់ការដណ្តើមឆ្នោតនៅពេលខាងមុខនេះនៅក្នុងប្រទេសអុីស្រាអែលទេ ( អាមេរិកក៏ត្រូវសម្លឹងមើលការបោះឆ្នោតរើសប្រធានាធិបតីក្នុងឆ្នាំ ២០២៤ ដែរ  )

នៅមាន ត …….៕

ដោយ ៖ សិលា


ចែករំលែក៖