ព័ត៌មានទាន់ហេតុការណ៍៖

ចិនបន្ធូរបន្ថយលក្ខណៈមួយចំនួនដើម្បីជួយទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសខ្លួន

ចែករំលែក៖

​ទីក្រុងប៉េកាំងនិងសៀងហៃបានសម្រេចបន្ធូរបន្ថយលក្ខណៈមួយចំនួនដើម្បីជួយស្តារវិបត្តិទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសចិនឡើងវិញតាមរយៈការកក់ប្រាក់មុនទាបនិងផ្តល់កម្ចីរយៈពេលវែងជាងមុន។

​ប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ២ពិភពលោកកំពុងតែជួបបញ្ហាទីផ្សារអចនទ្រព្យចាប់តាំងពីវិបត្តិកូវីដ-១៩មកម្លេះ​ហើយវិស័យនេះកាន់តែធ្លាក់ដុនដាបពីបញ្ហាមួយទៅបញ្ហាមួយទៀតដែលជាហេតុធ្វើឲ្យគ្មានទំនុកចិត្តពីអ្នកវិនិយោគក៏ដូចជាអ្នកទិញប្រើប្រាស់ផ្ទាល់។

​ដោយសារតែឃើញសញ្ញាធ្លាក់ចុះកាន់តែខ្លាំងមិនអាចងើបឡើងវិញ អជ្ញាធរក្រុងប៉េកាំងបានចេញសេចក្តីថ្លែងការណ៍មួយថា ពួកគេនឹងបញ្ចុះការកក់ប្រាក់ទិញផ្ទះមកត្រឹម៣០ភាគរយប៉ុណ្ណោះ ដោយពីមុនអតិថិជនតម្រូវឲ្យកក់ប្រាក់ចាប់ទី៣៥ទៅ៤០ភាគរយសម្រាប់អ្នកទិញផ្ទះដំបូងនិងទី២។ ចំណែកអ្នកទិញផ្ទះជាលើកទី២ នៅក្នុងតំបន់ជាយក្រុងទាំង៦តំបន់តម្រូវឲ្យកក់ប្រាក់៥០ភាគរយមុន ហើយតំបន់ដែលមិនស្ថិតនៅក្នុងទីក្រុង​ត្រូវបង់៤០ភាគរយមុន ដោយពីមុនអតិថិជនត្រូវបង់ពី៦០ទៅ៨០ភាគរយ។ ចំពោះការទិញផ្ទះនៅក្នុងទីក្រុងសៀងហៃ អជ្ញាធរសម្រេចបញ្ចុះការកក់ប្រាក់ពី៥០ទៅ៧០ភាគរយមកត្រឹម ពី៤០ភាគរយទៅ៥០ភាគរយប៉ុណ្ណោះ។

​ដើម្បីជួយសម្រួលដល់ការទិញអចលនទ្រព្យក្នុងកំឡុងពេលដ៏លំបាកនេះចិនក៏បានបន្ថែមរយៈពេលកម្ចីរហូតដល់ទៅ៣០ឆ្នាំ ដោយពីមុនអតិថិជនអាចយកកម្ចីទិញផ្ទះត្រឹមតែ២៥ឆ្នាំ ៕

ដោយ៖ ភារៈ​


ចែករំលែក៖