ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចំអកឱ្យក្រុមប្រឆាំងដែលប្រមូលគ្នាមកធ្វើបាតុកម្ម ហើយមានចាប់រង្វាន់

ចែករំលែក៖

ប្រទេសជប៉ុន ៖ ថ្លែងក្នុងឱកាសដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា  និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ប្រមាណជាង ២ពាន់នាក់ សម្ដេចធិបតីបានចំអកឱ្យក្រុមប្រឆាំងដែលដឹកនាំដោយ «ម្សៀតូច» ដែែលបានប្រមូលគ្នាមកធ្វើបាតុកម្ម តែមានចាប់រង្វាន់ផ្សងសំណាងយកទូរសព្ទ iPhone និង iPad ជាដើម។

សម្ដេចធិបតីក៏បានសង្កត់ធ្ងន់ថា ទោះយ៉ាងណាក្រុមប្រឆាំងនឹងមិនអាចរកមនុស្សទៅធ្វើបាតុកម្មនៅថ្ងៃបន្ទាប់ ឱ្យបានពាក់កណ្ដាលនៃចំនួនអ្នកដែលមកទទួលស្វាគមន៍សម្ដេចនោះទេ បើទោះជាមានការបង្កើតកម្មវិធីចាប់រង្វាន់យ៉ាងណាក៏ដោយ។

យ៉ាងណាក៏ដោយ សម្ដេចធិបតីក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ រួបរួមគ្នាជាធ្លុងមួយដើម្បីជំរុញការអភិវឌ្ឍឱ្យកាន់តែស្ទុះលឿនទៅមុខបន្ថែមទៀត។ 

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ជនជាតិខ្មែរគឺជាប្រជាជនដែលមានអរិយធម៌និងកិច្ចខិតខំប្រឹងប្រែងខ្លាំង ដែលហេតុនេះហើយទើបទទួលបានការវាយតម្លៃល្អពីប្រជាជាតិដទៃនិងមានទំនាក់ទំនងល្អជាមួយនឹងប្រជាជននៃប្រទេសទាំងនោះផងដែរ។

សម្ដេចថ្លែងក្នុងពិធីជួបជាមួយពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ ជាមួយនឹងការបង្ហាញនូវក្ដីសប្បាយរីករាយដែលប្រទេសជប៉ុនបានបន្ថែមនូវគោលការណ៍សម្រាប់ពលករខ្មែរនៅក្នុងឆ្នាំ២០២៤ ចំនួន ៨ពាន់នាក់បន្ថែមទៀត។

សម្ដេចថាទាំងនេះគឺជាលទ្ធផលដែលពលករខ្មែរទៅធ្វើការនៅប្រទេសជប៉ុនកន្លងមក បានបង្ហាញទៅដល់ជប៉ុនដែលធ្វើឲ្យវិនិយោគិនជប៉ុនមានការពេញចិត្តក្នុងការទទួលយកពលករខ្មែរបន្ថែមទៀតទៅកាន់ប្រទេសនេះ៕

ដោយ ៖ សហការី


ចែករំលែក៖