កាសែតអាល្លឺម៉ង់ BILD នាពេលថ្មីៗនេះ បានដកស្រង់ប្រភពចារកម្មដែលនិយាយថា រុស្ស៊ីកំពុងបង្កើតផែនការប្រយុទ្ធរយៈពេលមធ្យមថ្មីមួយ ដើម្បីបន្ត “យុទ្ធនាការយោធាពិសេស” នៅក្នុងប្រទេសអ៊ុយក្រែនរយៈពេល 3 ឆ្នាំទៀត រហូតដល់ឆ្នាំ 2026 ដោយមានគោលដៅចាប់យកទីក្រុងធំៗ។
កាសែត BILD សរសេរថា គោលដៅយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅអ៊ុយក្រែនរហូតដល់ដំណាច់ឆ្នាំ 2024 គឺចាប់យកទាំងស្រុងតំបន់ Donetsk និង Lugansk និងផ្នែកខ្លះនៃតំបន់ Kharkov ដែលលាតសន្ធឹងដល់ទន្លេ Oskil ។ នៅឆ្នាំ 2026 កងកម្លាំងរុស្ស៊ីត្រូវបានគេគ្រោងនឹងដណ្តើមយកតំបន់សំខាន់ៗនៃតំបន់ Zaporizhzhya, Dnipropetrovsk និង Kharkov រួមទាំងទីក្រុងយុទ្ធសាស្ត្រដូចជា Kharkov, Dnipro និង Zaporizhzhia ។
របាយការណ៍ស៊ើបការណ៍អាល្លឺម៉ង់និយាយថា រុស្ស៊ីមិនទាន់មានគម្រោងចូលក្រុង Kherson ឬ Odessa ភ្លាមៗទេ។ វិមានក្រឹមឡាំងបច្ចុប្បន្នចង់គ្រប់គ្រងច្រាំងខាងឆ្វេងនៃទន្លេ Dnipro ដោយប្រើប្រាស់ទន្លេជាផ្នែកខាងមុខក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន។
របាយការណ៍របស់អាល្លឺម៉ង់បង្ហាញថា រុស្ស៊ីសុខចិត្តស៊ូទ្រាំនឹងការខាតបង់ធំៗដើម្បីសម្រេចគោលដៅរបស់ខ្លួន។ របាយការណ៍ក៏បានបញ្ជាក់ដែរថា ទីក្រុងម៉ូស្គូកំពុងគណនាកម្រិតនៃការធ្លាក់ចុះនៃការគាំទ្រដែលលោកខាងលិចមានចំពោះអ៊ុយក្រែន។ យោងតាមរបាយការណ៍ រុស្ស៊ីមិនមានចេតនាបញ្ឈប់សង្គ្រាមនៅពេលនេះទេ៕
ដោយ៖ ធីរីណា(រូបថត៖ NYTIMES)