ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សា បឋមភូមិ ជូនដល់សិស្សប៊ែលធីថ្នាក់ទី៩ ជំនាន់ទី១៨ឆ្នាំសិក្សា២០២២–២០២៣ ចំនួន ៣,១៦៦នាក់ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (ស្ពានអាកាសចោមចៅ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុបនិង លោកជំទាវ។
លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ បានឱ្យដឹងថា៖ បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន ២៩សាខា (២៦សាខា កំពុងដំណើរការ និង ៣សាខាកំពុងសាងសង់) ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២,៤៤៦នាក់ (នារី៩៧៨នាក់) និងមានសិស្សានុសិស្សកំពុងសិក្សា សរុបចំនួន ៦០,៥៥៩នាក់ (នារី២៩,២៩២នាក់)។
ក្នុងឆ្នាំសិក្សា២០២២–២០២៣ នេះ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី៩ ដែលបានប្រឡងបញ្ចប់សញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ(ឌីប្លូម) ចំនួន ៣,១៩៥នាក់ (បីពាន់មួយរយកៅសិបប្រាំនាក់) ក្នុងនោះ ជាប់ ៣,១៦៦នាក់ (បីពាន់មួយរយហុកសិបប្រាំមួយនាក់) ស្មើនឹង ៩៩.០៩%។ដោយសិស្សមានចំនួនច្រើន ពិធីប្រគល់សញ្ញាបត្រមធ្យម សិក្សាបឋមភូមិនេះ ត្រូវបានរៀបចំជា៣លើក គឺលើកទី១៖ ថ្ងៃទី១៦ ធ្នូ ២០២៣ ចំនួន១,០១៤នាក់ មកពី ១០សាខា, លើកទី២៖ ថ្ងៃទី៣០ ធ្នូ ២០២៣ ចំនួន ១,១១១នាក់ មកពី ៦សាខា និងលើកទី៣៖ ថ្ងៃទី១៣ មករា ២០២៤ ចំនួន ១,០៤១នាក់ មកពី ៨សាខា។ ចំពោះសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា បឋមភូមិទាំងអស់នឹងទទួល បានសញ្ញាបត្រពីរ ហើយសញ្ញាបត្រទាំងពីរនេះត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុងវែបសាយរបស់ប៊ែលធី ដើម្បី ទុកជាកាលប្បវត្តិសម្រាប់សិស្សគ្រប់រូបទាញយក (Download) ប្រើប្រាស់ជាផ្លូវការផងដែរ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត បានថ្លែងកោតសរសើរចំពោះក្មួយៗដែលបានខិតខំយកចិត្តទុកដាក់ ប្រឹងប្រែងសិក្សារៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាក ដល់គ្រួសារ និង សង្គមជាតិរហូតទទួលបានជោគជ័យប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នាពេលនេះ។ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សារៀនសូត្របន្ថែមទៀតនៅថ្នាក់ទី១០–១១ និងទី១២ ដើម្បីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងទទួលបាននិទ្ទេសល្អ ហើយអាចបន្តទៅសិក្សានៅថ្នាក់ ឧត្តមសិក្សាឱ្យបានគ្រប់ៗគ្នា។ ទន្ទឹមគ្នានេះដែរ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះមាតាបិតា អ្នកអាណាព្យាបាលទាំងអស់ដែលតែងតែគាំទ្រ និងបញ្ជូនបុត្រធីតារបស់ខ្លួនមកសិក្សានៅតាមបណ្តាសាខានៃសាលា ប៊ែលធី អន្តរជាតិ។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត និង លោកជំទាវ បានចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រដល់ សិស្សជ័យលាភីទាំង ១,០១៤នាក់ នាពេលនោះផងដែរ៕

ដោយ៖ ជីណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច