ព័ត៌មានទាន់ហេតុការណ៍៖

ចោទប្រកាន់ជាផ្លូវការ ទៅលើជនជាតិចិនមួយក្រុម ដែលប្រើអំពើហិង្សា និង វាយកម្ទេចរថយន្តជនរងគ្រោះ នៅមូលដ្ឋានខណ្ឌបឹងកេងកងនាប៉ុន្មានថ្ងៃមុននេះ

ចែករំលែក៖

ភ្នំពេញ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ថា តំណាងអយ្យការបានបេីកការស៊េីបសួរលេីជនត្រូវចោទទាំងអស់ពីបទ ហិង្សាមានស្ថានទម្ងន់ទោស និងធ្វេីឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស តាមមាត្រា២១៨ និងមាត្រា៤១០,៤១១ នៃក្រមព្រហ្មទណ្ឌ ។

សូមបញ្ជាក់ថា កម្លាំងនគរបាលព្រហ្មទណ្ឌ បានសហការជាមួយប៉ុស្ដិ៍បឹងកេងកងទី១ ខណ្ឌបឹងកេងកង ឃាត់ខ្លួនជនសង្ស័យ៩នាក់ជាជនជាតិចិន ក្រោយពួកគេបើករថយន្តដេញស្ទាក់រថយន្តជនរងគ្រោះកំពុងបើកបរតាមផ្លូវ វាយ គប់ ទាត់ធាក់ និងកាប់ទៅលើជនរងគ្រោះ និងរថយន្តយ៉ាងព្រៃផ្សៃ ដែលជនរងគ្រោះមិនដែលស្គាល់ និងមានទំនាស់ជាមួយពួកគេនោះឡើយ។ អំពើហិង្សារបស់ក្រុមជនពាលជនជាតិចិនខាងលើនេះ មានរូបភាពសាហាវ ហើយត្រូវបានគេសន្និដ្ឋានថា ពួកនេះ អាចប្រើរូបភាពបញ្ហាចរាចរនៅលើដងផ្លូវ រួចហើយបង្កជម្លោះប្រើហិង្សា ពេលមានឱកាសអាចធ្វើសកម្មភាពប្លន់ ឬចាប់ជំរិតជនរងគ្រោះតែម្ដង។

ករណីហិង្សានេះ បានកើតឡើងកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២២៖៣០នាទី ស្ថិតនៅចំណុច ផ្លូវព្រះមុនីវង្សកែងផ្លូវ ៣៩២ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុកម្លាំងសមត្ថកិច្ចកំពុងល្បាតនៅក្នុងមូលដ្ឋាន លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែប្រទះឃើញករណីហិង្សា ហើយកម្លាំងសមត្ថកិច្ចក៏បានជួយអន្ដរាគមន៍ឃាត់ខ្លួនជនបង្ករួមនឹងវត្ថុតាង មកកាន់អធិដ្ឋាននគរបាលខណ្ឌបឹងកេងកងដើម្បីធ្វើការសាកសួរ។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

វត្ថុតាងចាប់យករួមមាន៖ ទូរស័ព្ទដៃ ០៩គ្រឿង, កាំភ្លើងខ្លី ០១ដើម ម៉ាកឡុក១៩ ពណ៌ខ្មៅ បង់ចំនួន០១ គ្រាប់កាំភ្លើងចំនួន១០គ្រាប់, កាបូបស្ពាយចំហៀង ០១, អត្តសញ្ញាណប័ណ្ណខ្មែរ០១, កាតគ្រីសម្គាល់រថយន្ត ០១, បណ្ណបើកបរ ០១, បណ្ណសម្គាល់ការងារ ០១, កាតធនាគា ០៥, កាតកាន់កាប់កាំភ្លើង០១ និងប្រាក់១៥០០ដុល្លារ។

ចំណែកជនរងគ្រោះជាជនជាតិចិនមានគ្នាចំនួន២នាក់ជិះរថយន្តមួយគ្រឿងរួមដំណើរជាមួយគ្នា៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖