ភ្នំពេញ៖ ស្ត្រី២នាក់ត្រូវជាយាយនិង ម្តាយធំដែលប្រដៅក្មេងស្រីម្នាក់ដោយប្រើសកម្មភាពហិង្សាឬទង្វើចាប់ចងដៃ ចងជើងឱ្យយំស្រែកនៅមុខផ្ទះនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ដើម្បីសួរនាំ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចផ្ទះមួយកន្លែងក្នុងក្រុមទី៥ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចមិនទាន់បញ្ជាក់ពីអត្តសញ្ញាណរបស់ស្ត្រីទាំង២ នាក់នោះនៅឡើយទេ គឺដឹងត្រឹមថា ស្រ្តីទាំង២នាក់ខាងលើ ម្នាក់ជាយាយបង្កើត ម្នាក់ទៀតជាម្តាយធំ រស់នៅទីកន្លែងកើតហេតុខាងលើ ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ (ក) អាយុ៦ឆ្នាំ រស់នៅជាមួយស្ត្រីខាងលើ។
តាមប្រភពព័ត៌មានពីស្ត្រីជាយាយនិង ម្តាយធំដែលធ្វើសកម្មភាពហិង្សាលើក្មេង បានបញ្ជាក់ថា ដោយសារតែក្មេងស្រីម្នាក់នេះជាក្មួយនិងជាចៅរបស់គាត់ទើបពួកគាត់ប្រដៅបែបនេះ។ ពួកគាត់មានក្មួយនិងចៅចំនួន៤នាក់ ហើយក្នុងចំណោម៤នាក់នេះ ៣នាក់ចេះស្តាប់បង្គាប់និងរៀនពូកែ ចំណែកចៅស្រីម្នាក់នេះមិនស្តាប់ការណែនាំ រៀនមិនស្តាប់គ្រូ ហើយមុនឈានដល់ការចាប់ចងដៃចងជើង ក៏ដោយសារតែចៅស្រីម្នាក់នេះបានលេងភ្លើងនៅក្នុងផ្ទះ ទើបធ្វើឱ្យរូបគាត់ជាម្តាយធំ និងយាយខឹងសម្បាជាខ្លាំងព្រោះខ្លាចឆេះផ្ទះ ។ ពេលនោះពួកគាត់ក៏សម្រេចចាប់ក្មេងស្រីនោះ ចងដៃចងជើងដើម្បីប្រដៅនិងជាការព្រមានទៅលើចៅស្រីនោះឱ្យរាងចាល ចេះស្តាប់បង្គាប់ដូចចៅ៣នាក់ផ្សេងទៀតដែរ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឱ្យដឹងថា លោកយាយ និងម្តាយធំដែលធ្វើបាបក្មេងស្រីនេះ ពួកគាត់មានចិត្តអាក្រក់បែបហ្នឹងតាំងពីអើយមកហើយ គឺតែងតែធ្វើបាបចៅរបស់ខ្លួន បើសិនមិនស្តាប់បង្គាប់ នេះជាទង្វើប្រដៅក្មេងមែនទេ? ការប្រដៅក្មេងដោយប្រើអំពើហិង្សា ជាបទល្មើសហិង្សាដោយចេតនា ឬ ធ្វើទារុណកម្មលើកុមារ ដែលកុមារស្ថិតក្រោមការការពារដោយច្បាប់ និងមិនត្រូវរងគ្រោះពីអំពើហិង្សាណាមួយលើរាងកាយកុមារឡើយ។
បច្ចុប្បន្ន ម្តាយធំនិងលោកយាយត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ រ៉ារ៉ា