ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តបែនដឹកដីមួយគ្រឿងយ៉ាងលឿនតាមបណ្ដោយផ្លូវ៣៦៩ ដោយមិនប្រយ័ត្នជ្រុលទៅបុកបង្កាន់ដៃស្ពានអ្នកតាវាំងពេញទំហឹង បណ្ដាលឱ្យរថយន្តខ្ទេចផ្នែកខាងមុខមេីលលែងយល់ និងគាបតៃកុងជាប់ក្នុងកាប៊ីនរងរបួសយ៉ាងធ្ងន់ធ្ងរ តែត្រូវបានប្រជាពលរដ្ឋជួយគាស់ចេញដឹកបញ្ជូនតាមរថយន្តសាមុយនៃមន្ទីរពេទ្យរដ្ឋមួយកន្លែងយកទៅសង្គ្រោះភ្លាមៗ ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី ១៦ខែធ្នូ ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៦៩ ក្នុងសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តបែនដឹកដីមួយគ្រឿង ពណ៌ស មិនស្គាល់ផ្លាកលេខ បើកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ ៣៦៩ ទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន លុះពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកបង្កាន់ដៃស្ពានអ្នកតាវាំងពេញទំហឹងបណ្ដាលឲ្យបាក់បង្កាន់ដៃស្ពានរងការខូចខាតមួយចំនួន រីឯរថយន្តបង្កវិញខ្ទេចមួយកំណត់មុខមើលលែងយល់ និងធ្វេីឱ្យតៃកុងគាបជាប់ក្នុងកាប៊ីនរងរបួសធ្ងន់ ត្រូវបានពលរដ្ឋជួយគាស់ចេញពីក្នុងរថយន្តរួចទាក់ទងទៅខាងរថយន្តសាមុយឱ្យមកដឹកយកទៅសង្គ្រោះអាយុជីវិត ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងសហការជាមួយមន្ត្រីចរាចរណ៍ជំនាញដេីម្បីធ្វេីការវាស់វែងស្ទួចយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធីនាពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ