ខេត្តត្បូងឃ្មុំ៖ លោក សយ ស៊ាងហុង នាយផ្នែករដ្ឋបាលជលផលត្បូងឃ្មុំ បានថ្លែងឱ្យដឹងថា មន្ត្រីជំនាញជលផលត្បូងឃ្មុំ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ បានចូលរួមលែងត្រីរាជញីមួយក្បាលមានទម្ងន់ ១៦៣ គីឡូក្រាម ប្រវែងដងខ្លួន ២,២៥ម៉ែត្រ ដែលអ្នកនេសាទជនជាតិអ៊ិស្លាមចាប់បាន ចូលទៅក្នុងទន្លេមគង្គវិញ។
លោកនាយផ្នែករដ្ឋបាលជលផលរូបនេះ បានបន្តថា លោក និងមន្ត្រីខណ្ឌសហការជាមួយក្រុមការងារវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប (IFreDI) នៃរដ្ឋបាល ជលផល នាយរងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ យោធាភូមិភាគ២ ប្រជាពលរដ្ឋ និង ក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ (Wonder of the Mekong) បានចូលរួមលែងត្រីរាជញី មួយក្បាលមានទម្ងន់ ១៦៣គីឡូក្រាម ប្រវែងដងខ្លួន ២,២៥ម៉ែត្រ ដែលចាប់បានដោយ អ្នកនេសាទ ឈ្មោះ ស៊េន យ៉ាក់កូប រស់នៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅគល់ស្ពានគីហ្សូណា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។
សូមជម្រាបថា ត្រីរាជញីមួយក្បាលនេះ មានឈ្មោះ«នារីរ័ត្នត្បូងឃ្មុំ» ត្រូវបានក្រុមការងារបំពាក់ស្លាកដើម្បីតាម ដានចរាចរណ៍ផ្លាស់ទីរបស់ត្រី។ ខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ ជំនួសមុខឱ្យក្រុមការងារជល ផលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក ស៊េន យ៉ាក់កូប និងប្រជាពលរដ្ឋ ភូមិព្រែកតូច ដែលបានរាយការណ៍ជូនរដ្ឋបាលជលផល និងបានចូលរួមលែង អភិរក្សត្រីរាជ កម្រនេះចូលទៅក្នុងទន្លេវិញ។ ប្រសិនមានអ្នកចាប់បាន សូមរាយការណ៍មកកាន់រដ្ឋបាលជលផលតាមរយៈលេខ 012805347, 077555804, 097 909 0001៕
ដោយ៖ សហការី