ព័ត៌មានទាន់ហេតុការណ៍៖

ត្រូវស្វែងយល់ អំពី ជំងឺទឹកនោមប្រៃ ចំពោះមនុស្សពេញវ័យ!

ចែករំលែក៖

ភ្នំពេញ ៖ ត្រូវស្វែងយល់ អំពី ជំងឺទឹកនោមប្រៃ ចំពោះមនុស្សពេញវ័យ! 

១) អ្វីទៅជាជំងឺទឹកនោមប្រៃ ហើយវាមានរោគសញ្ញាអ្វីខ្លះ? 

ជាធម្មតា តម្រងនោមរបស់មនុស្សយើងមានចំនួន២ ហើយតម្រងនោមនីមួយៗ មានកោសិកាតម្រង ឬ Glomeruli ចំនួន១លានកោសិកា។ 

ជំងឺទឹកនោមប្រៃ កើតឡើងដោយសារការខូចខាតនូវមុខងាររបស់កោសិកាតម្រង (Glomeruli) និងបង្កអោយអ្នកជំងឺ ចាប់ផ្តើមមានវត្តមាន សារធាតុប្រូតេអ៊ីនក្នុងទឹកនោមយ៉ាងច្រើន (លើសពី ៣ក្រាម ក្នុងរយៈពេល ២៤ម៉ោង) ព្រមទាំងបាត់បង់សារធាតុសាច់ (Albumin) នៅក្នុងឈាម ដែលជាហេតុធ្វើអោយអ្នកជំងឺលេចចេញនូវអាការៈ ហើម ជាពិសេសនៅបរិវេណត្របកភ្នែក និងជើងទាំងសងខាង។ 

រោគសញ្ញាផ្សេងទៀតមានដូចជា៖

   – ទឹកនោមមានពពុះច្រើនខុសធម្មតា 

   – ឡើងគីឡូលឿន ខុសធម្មតា ដោយសារហើម

   – អស់កម្លាំង ល្ហិតល្ហៃ

   – បាត់បង់ចំណង់ក្នុងការបរិភោគអាហារជាដើម។ 

២) មូលហេតុអ្វីបានជា កើតជំងឺទឹកនោមប្រៃ? 

ជំងឺទឹកនោមប្រៃ ចំពោះមនុស្សពេញវ័យ មានមូលហេតុច្រើន ប្រែប្រួលទៅតាមអាយុ និងភេទរបស់អ្នកជំងឺ។ មូលហេតុភាគច្រើន គឺបណ្តាលមកពី៖

   – ការខូចខាតនូវកោសិកាតម្រង Glomeruli (ជំងឺ Minimal change disease ជំងឺ Focal segment glomerulosclerosis) ។

   – ជំងឺ លូពីស (Lupus nephritis)

   – ជំងឺទឹកនោមផ្អែម រុំារ៉ៃយូរឆ្នាំ

   – ជំងឺបំរុងក្រឡាភ្លើង ឬ ក្រឡាភ្លើង ចំពោះស្រ្តីមានផ្ទៃពោះ

   – ការប្រើប្រាស់ថ្នាំដែលមានលទ្ធភាពពុលតម្រងនោម ដូចជា ថ្នាំបំបាត់ការឈឺចាប់ NSAIDs ថ្នាំ Lithium ថ្នាំ D-Penicillamine ជាដើម។

   – ផ្សេងៗទៀត ដូចជា ជំងឺឆ្លងមួយចំនួន (រលាកថ្លើម ឆ្លងមេរោគអេដស៍) ជំងឺមហារីកសួត មហារីកឈាម ជាដើម។ 

ការរុករកមូលហេតុពិតប្រាកដ ដែលបង្កអោយមានជំងឺទឹកនោមប្រៃ គឺពិតជាមានសារៈសំខាន់ណាស់ សំរាប់ការព្យាបាល និងការការពារកុំអោយមានផលវិបាករហូតដល់ខ្សោយតម្រងនោមរ៉ាំរ៉ៃ។ នេះជាបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕ 

ដោយ ៖ សហការី


ចែករំលែក៖