ក្រុមបាល់ទាត់ Sevilla នៅក្របខណ្ឌកំពូលរបស់អេស្ប៉ាញបានសម្រេចចិត្តបញ្ចប់តំណែងគ្រូបង្វឹក Diego Alonso ភ្លាមក្រោយកូនក្រុមនេះប្រកួតចាញ់ក្រុម Getafe នៅក្នុងទឹកដីរបស់ខ្លួនដោយលទ្ធផល ៣-០កាលពីម្សិលមិញ។
គ្រូបង្វឹកសញ្ជាតិអ៊ុយរ៉ាហ្គាយវ័យ៤៨ឆ្នាំលោក Diego Alonso ត្រូវបានក្លិប Sevilla ជ្រើសរើសយកមកដឹកនាំកាលពីថ្ងៃទី១០ ខែតុលា ប៉ុន្តែដឹកនាំពុំទទួលបានជោគជ័យមួយប្រកួតសោះទាំងនៅក្នុង Leagueនិងពានរង្វាន់ទ្វីបអឺរ៉ុប។ ក្នុងចំណោម១៣ប្រកួតដែល Diego Alonso បានដឹកនាំគឺឈ្នះតែ២ប្រកួតនៅក្នុងកម្មវិធីពានរង្វាន់ Copa del Rey ដែលពួកគេប្រកួតជាមួយនឹងក្រុមនៅក្របខណ្ឌទាបជាងខ្លួនប៉ុណ្ណោះ។
Sevilla បានឈ្នះជើងឯក Europa League ជាលើកទី៧កាលពីរដូវកាលមុន ប៉ុន្តែរដូវកាលនេះពួកគេបានធ្លាក់ចេញពីក្របខណ្ឌChampions Leagueដោយឈរបាតតារាងក្នុងពូលជាមួយនឹងក្រុមArsenal, PSVនិង Lens។ បច្ចុប្បន្នពួកគេកំពុងតែឈរលេខរៀងទី១៦នៅអេស្ប៉ាញ La Ligaមាន១៣ពិន្ទុក្នុងចំណោម១៦ប្រកួត៕
ដោយ៖ ភារៈ