ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចស្តីពីការដាក់ឱ្យអនុវត្តសាកល្បងការផ្តល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃ នៅរដ្ឋបាលក្រុង ស្រុកនៃខេត្តជាប់ព្រំដែនជាមួយព្រះរាជាណាចក្រថៃ

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចស្តីពីការដាក់ឱ្យអនុវត្តសាកល្បងការផ្តល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃ នៅរដ្ឋបាលក្រុង ស្រុកនៃខេត្តជាប់ព្រំដែនជាមួយព្រះរាជាណាចក្រថៃ។

រាជរដ្ឋាភិបាលសម្រេច :

ប្រការ១..ត្រូវបានដាក់ឱ្យអនុវត្តសាកល្បងការផ្តល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃ នៅរដ្ឋបាលក្រុង ស្រុក នៃខេត្តជាប់ព្រំដែនជាមួយព្រះរាជាណាចក្រថៃសម្រាប់រយៈពេល ០៦ខែ ដោយគិតចាប់ពីថ្ងៃទី០១ ខែ មករា ឆ្នាំ ២០២៤។

ក្នុងរយៈពេលអនុវត្តសាកល្បងនេះ អភិបាលក្រុង ស្រុកនៃខេត្តជាប់ព្រំដែនជាមួយព្រះរាជាណាចក្រថៃត្រូវបានធ្វើប្រតិភូកម្មអំណាចឱ្យ ក្នុងការពិនិត្យ សម្រេច និងចុះហត្ថលេខាលើប័ណ្ណព្រំដែនកម្ពុជា-ថៃជូនប្រជាពលរដ្ឋខ្មែរដែលមានលំនៅឋានអចិន្ត្រៃយ៍នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងការអនុវត្តសាកល្បងនេះនឹងត្រូវបន្តដោយស្វ័យប្រវត្តិ ប្រសិនបើពុំមានការសម្រេចផ្សេង ណាមួយពីរាជរដ្ឋាភិបាលកម្ពុជា។

ប្រការ២..រដ្ឋបាលក្រុង ស្រុកដូចមានចែងក្នុងមាត្រា១ នៃសេចក្តីសម្រេចនេះត្រូវរៀបចំការផ្តល់សេវា ប័ណ្ណព្រំដែនកម្ពុជា-ថៃជូនប្រជាពលរដ្ឋខ្មែរ តាមរយៈការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក និងទីតាំងផ្សេងទៀតតាមការចាំបាច់ដែលកំណត់ដោយរដ្ឋបាលក្រុង ស្រុកសាមី ដោយប្រើប្រាស់ កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវាក្នុងអង្គភាពច្រកចេញចូលតែមួយ និងប្រព័ន្ធគ្រប់គ្រង ប័ណ្ណព្រំដែនកម្ពុជា។

ប្រការ៣..លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការផ្តល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃជូនប្រជាពលរដ្ឋខ្មែរនៅ រដ្ឋបាលក្រុង ស្រុក ត្រូវអនុលោមតាមប្រកាសលេខ ១៤៧៧ ប្រក ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់ប័ណ្ណព្រំដែនកម្ពុជា-ថៃ។

ប្រការ៤..តម្លៃសេវា និងរយៈពេលអតិបរមានៃការផ្តល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃ ត្រូវអនុលោមតាម ប្រកាសអន្តរក្រសួងលេខ ៣៤៩៤ ប្រក ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការបន្ថែមសេវាផ្តល់ប័ណ្ណព្រំដែនលើតារាងឧបសម្ព័ន្ធនៃប្រកាសអន្តរ ក្រសួងលេខ ១៤៣៤២ ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ ក្រោមជាតិ។

រដ្ឋបាលក្រុង ស្រុកនៃខេត្តជាប់ព្រំដែនជាមួយព្រះរាជាណាចក្រថៃ ត្រូវធ្វើការផ្សព្វផ្សាយឱ្យ បានទូលំទូលាយជូនដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនអំពីតម្លៃសេវា និងរយៈពេលនៃការផ្តល់ សេវាប័ណ្ណព្រំដែននេះ។

ប្រការ៥..រដ្ឋបាលខេត្តពាក់ព័ន្ធត្រូវរៀបចំគម្រោងចំណូលពីកម្រៃសេវាផ្តល់ប័ណ្ណព្រំដែនកម្ពុជា-ថៃសម្រាប់ ការគ្រប់គ្រងប្រចាំឆ្នាំ។

ចំណូលប្រមូលបានពីកម្រៃសេវាផ្តល់ប័ណ្ណព្រំដែនកម្ពុជា-ថៃ រដ្ឋបាលក្រុង ស្រុកត្រូវរាយការណ៍ ជូនរដ្ឋបាលខេត្ត ដើម្បីកត់ត្រាជាចំណូលរបស់រដ្ឋបាលខេត្តសាមីដែលមានការពាក់ព័ន្ធ។

ប្រការ៦..ចំណូលដែលប្រមូលបានពីសេវាផ្តល់ប័ណ្ណព្រំដែនកម្ពុជា-ថៃ ត្រូវចាត់ចែង និងបែងចែកតាម គោលការណ៍ដែលមានចែងក្នុងប្រកាសអន្តរក្រសួង ៣៤៩៥ ប្រក ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ របស់ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការផ្តល់ថវិការង្វាន់លើការគ្រប់គ្រង និងការប្រមូល ចំណូលពីកម្រៃសេវាផ្តល់ប័ណ្ណព្រំដែន។

ថវិការង្វាន់របស់រដ្ឋបាលខេត្តដែលប្រមូលបានពីការផ្តល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃនៅ រដ្ឋបាលក្រុង ស្រុកនីមួយៗ ត្រូវបែងចែកដល់រដ្ឋបាលក្រុង ស្រុកសាមីចំនួន ៨៥% ផ្អែកតាមទំហំសេវា ដែលរដ្ឋបាលក្រុង ស្រុកនីមួយៗបានផ្តល់ និងរក្សាទុកនៅរដ្ឋបាលខេត្តចំនួន ១៥%។

ប្រការ៧..ក្រសួងមហាផ្ទៃត្រូវចាត់ចែងការងារដូចខាងក្រោម៖

រៀបចំ និងផ្តល់ការគាំទ្រដល់ការបំពាក់ឧបករណ៍ និងសម្ភារនានាជូនរដ្ឋបាលក្រុង ស្រុកនៃខេត្តជាប់ព្រំដែនជាមួយព្រះរាជាណាចក្រថៃសម្រាប់បម្រើឱ្យការផ្តល់សេវាប័ណ្ណព្រំដែន កម្ពុជា-ថៃ ត្រូវផ្តល់ការបណ្តុះបណ្តាល និងផ្តល់ការគាំទ្រនានាដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃរដ្ឋបាល ក្រុង ស្រុកនៅក្នុងការផ្តល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃជូនប្រជាពលរដ្ឋខ្មែរ បែងចែកប័ណ្ណព្រំដែនកម្ពុជា-ថៃក្នុងបរិមាណសមស្របជូនដល់រដ្ឋបាលក្រុង ស្រុកនីមួយៗ ដោយផ្អែកតាមស្ថានភាព និងតម្រូវការជាក់ស្តែងរបស់រដ្ឋបាលក្រុង ស្រុកសាមីតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការផ្តល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃដោយរដ្ឋបាល ក្រុង ស្រុកក្នុងរយៈពេលនៃការអនុវត្តសាកល្បងនេះ និងរាយការណ៍អំពីលទ្ធផលនៃការ អនុវត្តសាកល្បងជូនប្រមុខរាជរដ្ឋាភិបាល។

ប្រការ៨..រដ្ឋបាលខេត្តត្រូវផ្តល់កិច្ចសហការ និងគាំទ្រដល់រដ្ឋបាលក្រុង ស្រុកក្នុងការផ្តល់សេវាប័ណ្ណ ព្រំដែនកម្ពុជា-ថៃ ព្រមទាំងតាមដាន ត្រួតពិនិត្យ និងវាយតម្លៃអំពីការផ្តល់សេវាប័ណ្ណព្រំដែននេះ។

ប្រការ៩..បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះត្រូវទុកជានិរាករណ៍។

ប្រការ១០..រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនជាមួយព្រះរាជាណាចក្រថៃ ត្រូវ ទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖