ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវសមត្ថកិច្ចចាប់បញ្ចូនទៅតុលាការ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ពាក់ព័ន្ធពីបទគំរាមកំហែងនិងធ្វើអោយខូចខាតដោយចេតនា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៨និង៣០នាទី នៅត្រង់ចំណុចមាត់បឹង ស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ រស់ ភារុំ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នផ្ទះជួល ក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ អឿន សុចន្ធី ហៅ ពៅ ភេទ ប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងនោះ សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន ៖ ១-ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ សេ៊រីឆ្នាំ ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JR-1053 , ២-កាំបិតខ្វែវចំនួន០១, ៣-ពូថៅចំនួន០១, ៤-ចម្ពាមកៅស៊ូចំនួន០១។
គួររំលឹកថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៨និង៣០នាទី ជនរងគ្រោះ ឈ្មោះ រស់ ភារុំ ភេទប្រុស អាយុ២៨ឆ្នាំ និងឈ្មោះ ញ៉ាំ ចន្ធី ភេទ ប្រុស អាយុ៤៣ឆ្នាំ (ត្រូវជាបងថ្លៃ) បានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ សេ៊រីឆ្នាំ ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JR-1053 យកអួនទៅអូសរកត្រីនៅបឹងខាងក្រោយផ្ទះជួល ស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ ពេលទៅដល់ជនរងគ្រោះបានទុកម៉ូតូម៉ាកខាងលើនៅមាត់បឹង រួចចុះទៅអូសត្រី។ ពេលជនរងគ្រោះនិងឈ្មោះញ៉ាំ ចន្ធី កំពុងតែអូសអួនយកត្រី ស្រាប់តែជនសង្ស័យឈ្មោះ អឿន សុចន្ធី ហៅ ពៅ ភេទប្រុស អាយុ៤២ឆ្នាំ និងបក្ខពួក០២នាក់ទៀត ទី១-ឈ្មោះ ម៉ុង ភេទប្រុស អាយុ២២ឆ្នាំ និងទី២ មិនស្គាល់ឈ្មោះបានមកអះអាងថាជាម្ចាស់បឹង រួចស្រែកអោយជនរងគ្រោះថា ឈប់ៗ និងយកពូថៅ, ចម្ពាមកៅស៊ូនិងកាំបិតខ្វែវដេញកាប់ទៅលើជនរងគ្រោះ តែជនរងគ្រោះនិងឈ្មោះ ញាំ ចន្ធី បានរត់គេចខ្លួនទៅផ្ទះជួលចោលម៉ូតូនិងអួន ។ បន្ទាប់មកជនរងគ្រោះក៏បានទៅរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹសអោយជួយអន្តរាគមន៍ ហើយសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ បានឃើញម៉ូតូរបស់ជនរងគ្រោះត្រូវបានក្រុមជនសង្ស័យកាប់បណ្តាលឱ្យខូចខាតក្បាលម៉ូតូ ចំណែកជនសង្ស័យបានគេចខ្លួនបាត់ រួចសមត្ថកិច្ចក៏បានយកម៉ូតូរបស់ជនរងគ្រោះមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងទៅលើឈ្មោះ អឿន សុចន្ធី ហៅ ពៅ និងបក្ខពួក ដើម្បីអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។ លុះមកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤និង០០នាទី សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ អឿន សុចន្ធី ហៅ ពៅ នៅត្រង់ចំណុចភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមនឹង វត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹសតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) និងបក្ខពួកពិតជាបានធ្វើសកម្មភាពប្រើខ្វែវដេញកាប់ជនរងគ្រោះប្រាកដមែន ៕
ដោយ ៖ ភារ៉ា ដង្កោ