ព័ត៌មានទាន់ហេតុការណ៍៖

លោក កឹម ជាតិ មិនចប់ត្រឹមព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បញ្ចប់មុខតំណែង ពីអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ប៉ុណ្ណោះទេ បន្តវិធានការរឿងព្រហ្មទណ្ឌទៀត

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បញ្ចប់មុខតំណែង លោក កឹម ជាតិ ពីអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ។ នេះបើយោងតាម អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបានព្រះរាជក្រឹត្យ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។

ព្រះមហាក្សត្រត្រាស់បង្គាប់ :

មាត្រា ១ : បញ្ចប់មុខតំណែង លោក កឹម ជាតិ ពីអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។

មាត្រា ២ : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ។

សូមជម្រាបថា, លោក កឹម ជាតិ មិនចប់ត្រឹមព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បញ្ចប់មុខតំណែង ពីអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ប៉ុណ្ណោះទេ បន្តវិធានការរឿងព្រហ្មទណ្ឌថែមទៀត ។ នេះបង្ហាញអោយឃើញថា, រាជរដ្ឋាភិបាលអាណត្តិនីតិកាលទី៧ វះកាត់ហើយ មន្ត្រី ពុករលួយ កៀបសង្កត់អ្នករកស៊ី ហើយជាគំរូមួយ លុបបំបាត់ភាពមិនប្រក្រតីទាំងពីស្ថាប័នរដ្ឋ។

យោងតាម ព័ត៌មានដែលអាចទុកចិត្តបាន បញ្ជាក់ថា, មានលិខិតកោះហៅ របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផៃ្ទ កោះហៅឈ្មោះ កឹម ជាតិ ភេទប្រុស ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន… ផ្ទះលេខ៣៩E0 ផ្លូវលេខ៤៤០. សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ចូលមក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣វេលាម៉ោង៨និង៣០នាទី ដើម្បីមកបំភ្លឺបណ្ដឹងរបស់ក្រុមហ៊ុន ឈីវ ទីមិច គ្រុប។ ចំណុចនេះមានន័យថា, បញ្ចប់តួនាទីហើយ បន្តនីតិវិធីរឿងព្រហ្មទណ្ឌម្តង។

សូមជម្រាបថា, ខាងក្រុមហ៊ុនហ៊ានប្តឹង អតីតអនុគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ , ខណៈលោក កឹម ជាតិ ទាមទារប្រាក់ចំនួន $100,000 (ដប់ម៉ឺន ដុល្លារអាមេរិក) ជាថ្នូរ និងការបើកអោយដំណើរការអាជីវកម្មធម្មតាវិញ ទីបំផុតទោះបីជា លោក កឹម ជាតិ ធ្វើលិខិតដាក់ជូន ប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ជារបាយការណ៍មួយ ដែលផ្ទុយពីពាក្យបណ្ដឹង នោះក៏ដោយ ក៏ត្រូវបញ្ចប់តំណែង និងបន្តអនុវត្តរឿងព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា : បន្ទាប់ពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសេចក្តីជូនដំណឹង ផ្តល់លទ្ធភាព អោយបងប្អូនអាជីវករ អ្នករកស៊ី ក្រុមហ៊ុន រងគ្រោះដោយការ អនុវត្តច្បាប់ណាមិនប្រក្រតី ប្រព្រឹត្តពីខាងមន្ត្រីគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ សូមដាក់ពាក្យបណ្តឹងមក អគ្គធិការ ក្រសួងមហាផ្ទៃ បើកឆាកភ្លាម លោក កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណ:កម្មាធិការនេះ រងបណ្តឹងពីខាងក្រុមហ៊ុនហើយ ក្នុងសម័យ វះ កាត់នេះ ។ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” សូមលើកយកពាក្យបណ្តឹងនេះទាំងស្រុងមកបញ្ជាក់ទាំងស្រុង ក្នុងនោះ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ខាងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក៏បានបង្ហោះករណីផងដែរ ។

សូមបញ្ជាក់ថា ខាងក្រោមនេះជា ពាក្យបណ្តឹង ដោយបញ្ជាក់ថា: ខ្ញុំបាទមេធាវី អ៊ូច សុភត្រា អត្តលេខ ៧០១ ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មាន ការិយាល័យក្រុមមេធាវី ស៊ីនហាន អាសយដ្ឋានផ្សារទំនើប ស៊ីធីម៉ល ជាន់ទី២ ផ្លូវលេខ ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាមេធាវីតំណាងឲ្យ ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប។

សូមគោរពចូលមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ ក្រសួងមហាផ្ទៃ

កម្មវត្ថុ សុំប្តឹងក្រុមការងាររបស់អង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ដែលដឹកនាំ ដោយ ឯកឧត្តម គឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណ:កម្មាធិការ

យោង៖ – សេចក្តីសំរេចលេខ: 4686 ស.ស.រ ចុះថ្ងៃទី15 ខែកញ្ញា ឆ្នាំ២០២៣

– ហ្វេសប៊ុកផេកផ្លូវការរបស់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ -លិខិតប្រគល់សិទ្ធិមេធាវី ចុះថ្ងៃទី ០៦ ខែ តុលា ឆ្នាំ២០២៣ របស់ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប។

តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទសូមជំរាបជូន ឯកឧត្តមអគ្គាធិការ មេត្តាជ្រាបថា៖ កាល ពីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានក្រុមប្រតិបត្តិការ របស់គណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មួយក្រុម ដឹកនាំដោយ ឯកឧត្តម គឹម ជាតិ អនុរដ្ឋលិខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណ:កម្មាធិការបានចូលមកក្នុងទីតាំង ឃ្លាំងស្រាស្របច្បាប់របស់ក្រុមហ៊ុនកូនក្ដីខ្ញុំបាទ ដោយចោទប្រកាន់ថាផលិតផលរបស់ ក្រុមហ៊ុនកូនក្ដីខ្ញុំបាទមានដូចជា ស្រាចំរុះ និងប្រេងកូឡា ប្រេងខ្យល់ មិនស្របច្បាប់ ហើយតំរូវអោយដកហូតស្រា មួយចំនួនទៅពិនិត្យ និងតំរូវអោយបិទសៀលលើទ្វារឃ្លាំងមិនអោយក្រុមហ៊ុនកូនក្ដីខ្ញុំបាទធ្វើអាជីវកម្មបាន និង ទាមទារប្រាក់ចំនួន $100,000 (ដប់ម៉ឺន ដុល្លារអាមេរិក) ជាថ្នូរ និងការបើកអោយដំណើរការអាជីវកម្មធម្មតាវិញ ដោយខ្លាចរាំងស្ទះដល់ដំណើរការអាជីវកម្មក្រុមហ៊ុន កូនក្ដីខ្ញុំបាទក៏បានយល់ព្រមប្រគល់សាច់ប្រាក់សុទ្ធអោយ ក្រុម ឯកឧត្តម កឹម ជាតិ

តាមការទាមទារ នៅល្ងាចថ្ងៃដដែល និងបង្គាប់អោយអ្នកតំណាងក្រុមហ៊ុន ផ្តិតមេ ដៃព្រមទទួលលើកិច្ចសន្យាស្នើសុំកែប្រែកំហុស ដោយលើលិខិតនោះពុំមានចុះលេខចេញរបស់លេខាធិកាដ្ឋានជា ផ្លូវការឡើយ។ ទើបតែពេលថ្មីៗនេះ ក្រុមហ៊ុនកូនក្ដីខ្ញុំបាទបានទទួលដំណឹងពីការប្រកាសរបស់ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយឲ្យអ្នកដែលទទួលរងភាពអយុត្តិធម៌ ដោយសារគណៈកម្មការនេះ ដាក់ពាក្យប្ដឹងមកអគ្គាធិការដ្ឋាន នៃ ក្រសួងមហាផ្ទៃ។

ហេតុដូចនេះខ្ញុំបាទសូមសំណូមពរស្នើសុំដល់ ឯកឧត្តមអគ្គាធិការ ដូចខាងក្រោម:

១-ស្នើសុំអោយ ឯកឧត្តម គឹម ជាតិ ប្រគល់ស្រាចំនួន 48ដប ដែលបានដកហូតអោយក្រុមហ៊ុនវិញ។

២-ស្នើសុំអោយ ឯកឧត្តម គឹម ជាតិ ប្រគល់ប្រាក់ចំនួន $100,000 (ដប់ម៉ឺនដុល្លារអាមេរិក) អោយមកក្រុម ហ៊ុនកូនក្ដីខ្ញុំបាទវិញ។

៣-ស្នើសុំអោយ ឯកឧត្តម អគ្គាធិការ មានវិធានការផ្លូវច្បាប់ចំពោះ ឯកឧត្តម គឹម ជាតិ ដែលបាន ប្រព្រឹត្តកំហុសធ្វើអោយ ប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុន ក៏ដូចជាប្រជាជនទូទៅ។

សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូម ឯកឧត្តម មេត្តាជួយអន្តរាគមន៍ និងមានវិធានការច្បាប់ តាមនីតិវិធីចំពោះទង្វើ និងសកម្មភាព ឯកឧត្តម គឹម ជាតិ ដែលបានប្រព្រឹត្តិកន្លងមក ដើម្បីផ្តល់នូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងកិត្តិយសដល់ក្រុមហ៊ុនកូនក្ដីខ្ញុំបាទ ដោយក្ដីអនុគ្រោះបំផុត។

ពាក់ព័ន្ធក្នុងករណីនេះ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ លោក គឹម ជាតិ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជា អនុប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ដែលរងបណ្តឹងខាងបានប្រាប់ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរស័ព្ទថា ,

សូមជម្រាបជូនថា , មុនមានពាក្យបណ្ដឹង អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ បានរកឃើញនូវ ភាពមិនប្រក្រតី របស់ក្រុមការងារនេះដល់ ៧០% ។ ដូច្នេះអាចមានមន្ត្រីមួយចំនួនទៀត កំពុងតែស្ថិតក្នុងការស៊ើបអង្កេតសាវជ្រាវផងដែរ។

ពាក់ព័ន្ធក្នុងករណីនេះ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ លោក កឹម ជាតិ បានប្រាប់ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរស័ព្ទថា , មិនមែនជាការពិតទេបាទ ពីព្រោះការដឹកនាំ ជាសិទ្ធរបស់ព្រះរាជអាជ្ញា  ហើយករណីនេះ ជាករណីមួយដែលបានចុះលេខសំណុំរឿងនៅតុលាការ ជាសំណុំរឿងព្រហ្មទណ្ឌ ហើយព្រះរាជអាជ្ញាជាអ្នកបើកដឹកនាំកម្លាំង។ លោក កឹម ជាតិ បន្តថា៖ ចំពោះបណ្តឹងហ្នឹងចោទប្រកាន់ខ្ញុំទាំងស្រុង ហើយខ្ញុំក៏អត់ដឹងថាអ្នកណា បំបែកព័ត៌មាននេះចេញមកខាងក្រៅ ! ពីព្រោះខាង អគ្គាធិការ គេអត់ទាន់ហៅខ្ញុំសួរនាំ ប៉ុន្តែខ្ញុំបានធ្វើរបាយការណ៍បំភ្លឺ មួយជូនទៅប្រធានគណះកម្មាធិការ ហើយនឹងដាក់ចូលអគ្គាធិការវិញ បកស្រាយទៅលើបណ្តឹងបង្កាច់ បង្ខូច កេរឈ្មោះខ្ញុំ .., លោកថា ៖ នេះជាការងារនៅក្នុងក្រសួង ហើយខ្ញុំក៏អត់ដឹងថាសារព័ត៌មាន លោកដឹងព័ត៌មានពីណា ! ដូច្នេះការងារបន្ត នៅក្នុងក្រសួងជាអ្នកធ្វើការ ចឹងខុសត្រូវ ខាងអគ្គាធិការ គេធ្វើការចុះ ..! ។

និយាយរួម លោក កឹម ជាតិ ហាក់ទម្លាក់កំហុសមកលើតំណាងអយ្យការ លោក មុត ដារា ដែលជាអ្នកដឹកនាំសម្របសម្រួលនីតិវិធី ដល់មន្ត្រីនគរបាលយុត្តិធម៌។ ប៉ុន្តែអង្គភាពមជ្ឈមណ្ឌលព័ត៌មាន” នគរវត្ត” មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេពីលោក មុត ដារា ដោយទូរសព្ទចូលគ្មានអ្នកទទួល។

ដោយឡែកលោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ជាមួយនឹងសំណួរ តាមប្រព័ន្ធ Telegram ដោយសួរថា , សូមគោរពជម្រាបសួរឯកឧត្តម 🙏 ខ្ញុំពីទីប្រឹក្សា មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” សូមអនុញ្ញាតជម្រាបសួរពីឯកឧត្តមដ៏ខ្ពងខ្ពស់ថា : មានបណ្តឹងមួយ របស់មេធាវី អ៊ុច សុភត្រា តំណាងអោយក្រុមហ៊ុន ឈីវ ទីមុិច គ្រុប បានដាក់គោរពចូលមក ឯកឧត្តមឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ ក្រសួងមហាផ្ទៃ សុំប្តឹងក្រុមកាងាររបស់ អង្គភាព គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ដែលដឹកនាំ ដោយ ឯកឧត្ដម គឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន គណៈកម្មាធិការ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ , មានករណីទាមទារប្រាក់ ១០មុឺនដុល្លារ ជាថ្នូរនឹងការបើកដំណើរអាជីវកម្មធម្មតាវិញ។  ពាក្យបណ្តឹងចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ក្នុងនោះមានការបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នោះថែមទៀត។ តើករណីនេះឯកឧត្តមបានទទួលដឹងឬនៅ នឹងមានវិធានការបែបណា ក្នុងនាមប្រធានអង្គភាព ។ សូមអរគុណឯកឧត្តម 🙏។ លោកបានឆ្លើយយ៉ាងខ្លីថា, ( ក្រសួងបាននិងកំពុងដំណើរការលើករណីនេះហើយ។) ។

សំណួរដដែលនេះទៅកាន់ លោកឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ ក្រសួងមហាផ្ទៃ ប្រធានអង្គភាពទទួលបណ្តឹងនេះ លោកបានបញ្ជាក់ប្រាប់អោយដឹងថា , ( សុំបងទាក់ទងទៅអ្នកនាំពាក្យក្រសួង

អរគុណ) ។

លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផៃ្ទ ពាក់ព័ន្ធករណីនេះ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ បានប្រាប់ អង្គភាពមជ្ឈមណ្ឌល”នគរវត្ត”ថា , ទីមួយខ្ញុំចង់បញ្ជាក់ថា, ករណីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកបានចេញសេចក្តីសម្រេចមួយឲ្យផ្អាកសកម្មភាព របស់ក្រុមការងារនៃ ក្រុមគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ដោយសារតែមានភាពមិនប្រក្រតី

ការចុះបង្ក្រាប ឬការចុះត្រួតពិនិត្យ ផលិតផលក្លែងក្លាយនានាកន្លងមក ហើយមានពាក្យបណ្ដឹង ពីសំណាក់ម្ចាស់អាជីវកម្ម ម្ចាស់ផលិតផល នេះក្នុងក្របខណ្ឌរួមជាទូទៅទេ។

លោក ទូច សុខ: បានបន្តថា, ជំហានទី ២ មក អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ លោកទទួលបានសមត្ថកិច្ចពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ដើម្បីនឹង ធ្វើការអង្កេតស្រាវជ្រាវទៅលើក្រោមការងារ គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ដោយធ្វើការអង្កេត ស្រាវជ្រាវ និង អធិការកិច្ចទៅលើនៃការបំពេញ តួនាទីភារកិច្ចរបស់ក្រុមការងារ នីមួយៗ ដែលស្ថិតក្នុងឱវាទក្រសួងមហាផ្ទៃ ហើយជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានបំពេញនៅលទ្ធផលបានប្រមាណជា ៧០% រកឃើញថាមានភាពមិនប្រក្រតី ហើយដែលត្រូវធ្វើរបាយការណ៍មកកាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងក្រុមប្រឹក្សាវិន័យ រួមនិងថ្នាក់ដឹកនាំរបស់ក្រសួង ដើម្បី ពិនិត្យពិចារណា វិនិច្ឆ័យ សម្រេច ក្នុងការដាក់ទណ្ឌកម្ម ឬ វិន័យផ្សេងៗទៅតាមវិន័យកងកម្លាំង ០០៦របស់នគរបាលជាតិ និងលិខិតបទដ្ឋាន ជាធរមានផ្សេងៗទៀត ដើម្បីធ្វើការពិនិត្យឲ្យបានម៉ត់ចត់។

លោកបន្តថា : ក្រោយមកទៀតអគ្គាធិការដ្ឋានក៏បានប្រកាសលេខ ទូរសព្ទចំនួន 2 ខ្សែ កាលនោះ ! គឺប្រកាសឲ្យបងប្អូនដែលជាម្ចាស់អាជីវកម្ម ម្ចាស់ផលិតផល ផ្សេងៗដែលរងភាពអយុត្តិធម៌ រងភាពមិនប្រក្រតីពីក្រុមការងារ ដែលចុះទៅបង្ក្រាប ឬត្រួតពិនិត្យ រាល់ផលិតផលក្លែងក្លាយ នៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ឲ្យដាក់ពាក្យបណ្ដឹង ចូលមក។ លោកបញ្ជាក់ថា, ពាក្យប៉ុណ្ណឹងដែលដាក់ចូលមកហ្នឹង ដូចមានតែពីរពាក្យបណ្ដឹងទេ ដែលបានដាក់មកជាលាយលាក់អក្សរ ចំពោះពីរបណ្ដឹងទៀត តាមទូរសព្ទ , ហើយតាមទូរសព្ទនេះក៏គាត់យកទូរសព្ទអ្នកផ្សេង ទាក់ទងមកជាមួយក្រុមអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ប្រហែលជាគាត់មិនចង់បង្ហាញអំពីអត្តសញ្ញាណ ឬក៏គាត់អាចបារម្ភអំពីសុវត្ថិភាពផ្សេងៗ។ ចំណុចនេះជាបញ្ហាមួយពិបាកដែលធ្វើឲ្យខាងអគ្គាធិការដ្ឋានពិបាកក្នុងការប្រមូល ព័ត៌មានដើម្បីដាក់បន្ទុកទៅលើមន្ត្រី ធ្វើការមិនត្រឹមត្រូវទៅតាម គោលការណ៍ថ្នាក់នាំ និងលិខិតបទដ្ឋាន។

អ្នកពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខ: បន្តថា, ដោយឡែកចំពោះករណីឯកឧត្តម គឹមជាតិ ដែលមានពាក្យបណ្ដឹង មានមេធាវីផងនេះ ក៏ស្របទៅនឹងគោលការណ៍ របស់ក្រសួងមហាផ្ទៃ ដែលដាក់ឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធ រងភាពអយុត្តិធម៌ ក៏ប្ដឹងមកដែរ  ។ ដូច្នេះក្នុងនាមក្រសួងមហាផ្ទៃ ក៏សម្ដែងនូវការស្វាគមន៍ទទួលយកនូវ ពាក្យបណ្ដឹងនេះ ដើម្បីយកមកពិនិត្យពិចារណា ហើយពាក្យបណ្ដឹងនេះ អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ បានទទួល ហើយបានពិនិត្យទៅលើខ្លឹមសារនៃពាក្យបណ្ដឹង ។ បន្ទាប់ពីពិនិត្យខ្លឹមសារលើពាក្យបណ្ដឹងនេះហើយ អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ បានស្នើសុំការឯកភាពពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជូនទៅកាន់ស្ថាប័នជំនាញ នៅក្រសួងមហាផ្ទៃ ។ ពោលគឺ ទៅកាន់នគរបាលយុត្តិធម៌ ដើម្បីឲ្យ នគរបាលយុត្តិធម៌ លោកប្រើជំនាញ នីតិវិធី និង ច្បាប់ទៅតាមការស៊ើបអង្កេត របស់លោកបន្តទៀត ដោយសារ ពាក្យបណ្ដឹងហ្នឹងមើលទៅវាពាក់ព័ន្ធទៅនឹងករណី ព្រហ្មទណ្ឌច្រើនជាងការ ការអនុវត្តតួនាទីភារកិច្ចបែបបទរដ្ឋបាល ។ លោកបន្តថា, រឿងនេះបានចាត់ចែងទៅតាមជំនាញរួចហើយ ប៉ុន្តែត្រង់ថាលទ្ធផលយ៉ាងណា យើងមិនអាចដឹងបានភ្លាមៗនៅឡើយទេ។ ត្រូវការពេលវេលាក្នុងការស៊ើបអង្កេតស្រាវជ្រាវ ជាមួយភាគីពាក់ព័ន្ធទាំងអស់ដើម្បីធ្វើការ សម្រេចមួយដោយមានរបាយការណ៍ផ្ញើជូន ឯកឧត្តមអភិសន្តិបណ្ឌិត លោកចាត់ចែងទៅមុខបន្តទៅមុខទៀតបាន។

លោកបានបន្តថា, យើងមិនទាន់ធ្វើការចោទប្រកាន់ វាយតម្លៃ សន្និដ្ឋានថា គាត់គឺជាអ្នកប្រព្រឹត្តបទល្មើស ឬមិនប្រព្រឹត្តនោះទេ ព្រោះយើងរង់ចាំទៅតាមការស៊ើបអង្កេតស្រាវជ្រាវរបស់ជំនាញទៅតាម នីតិវិធីនិងច្បាប់ជាមុនសិន ។ តែទោះបីជាយ៉ាងណាក៏ដោយយើងនៅតែរង់ចាំការទទួលពាក្យបណ្ដឹងពីគ្រប់មជ្ឈដ្ឋាន ។

សូមបញ្ជាក់ថា , បើយោងតាមពាក្យបណ្ដឹងខាងលើនេះ ជាអំពើពុករលួយមួយយ៉ាងធំ និងជាបទល្មើសព្រហ្មទណ្ឌ ប្រសិនបើ ថ្នាក់ដឹកនាំនិងជំនាញ រកឃើញនូវពិរុទ្ធភាពនៃបទល្មើស។ មួយរយៈនេះ ខាង ក្រុមការងារគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ មិនតិចអ្នកទេ ដែលបង្ហាញពីក្តីព្រួយបារម្ភ ទៅលើផ្លូវច្បាប់ បន្ទាប់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ រកឃើញនូវកំហុសយ៉ាងតិច 70% ត្រូវបានបញ្ជាក់ថាអនុវត្តខុសប្រក្រតី ។

ទីបំផុត ! លោក កឹម ជាតិ មិនចប់ត្រឹមព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បញ្ចប់មុខតំណែង ពីអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ប៉ុណ្ណោះទេ បន្តវិធានការរឿងព្រហ្មទណ្ឌទៀត ។ គេនៅចាំតាមដានផងដែរថា តើរឿងព្រហ្មទណ្ឌនេះ លោក កឹម ជាតិ នឹងត្រូវឆ្លើយដាក់អ្នកណាខ្លះ ពីព្រោះខ្លួនដល់ម៉ោងធ្លាក់ទឹកហើយ ដូច្នេះប្រហែលជាមិនទុកមុខមាត់ឱ្យអ្នកដែលពាក់ព័ន្ធឡើយ ៕

ដោយ ៖ មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” 


ចែករំលែក៖