ភ្នំពេញ៖ បើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រទេសអាមេរិក គឺជាទីផ្សារដ៏ធំដែលកម្ពុជា បាននាំចេញទំនិញទៅច្រើនជាងគេ។ គិតត្រឹមរយៈពេល ១១ខែ ឆ្នាំ ២០២៣ ទំនិញកម្ពុជា នាំចេញទៅទីផ្សារអាមេរិក សម្រេចបានប្រមាណ ៨,១ពាន់លានដុល្លារ ថយចុះជិត ១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានចំនួនជាង ៨,២ពាន់លានដុល្លារ។
របាយការណ៍ដដែលបន្តថា សម្រាប់ខែវិច្ឆិកា ការនាំចេញរបស់កម្ពុជាទៅអាមេរិកសម្រេចបានជាង ៦៤៥លានដុល្លារ កើនឡើង ៧.៦ភាគរយ បើនឹងឆ្នាំ ២០២២ សម្រេចបានជិត ៦០០លានដុល្លារប៉ុណ្ណោះ។
គួរជម្រាបថា ទំនិញសំខាន់ៗដែលកម្ពុជា នាំទៅអាមេរិក មានដូចជា៖ សម្លៀកបំពាក់ ,ផលិតផលធ្វើដំណើរ ,ស្បែកជើង ,គ្រឿងបង្គុំអេឡិចត្រូនិកអគ្គិសនី និងកង់។ ខណៈទំនិញអាមេរិកនាំមកកម្ពុជា មានដូចជា៖ រថយន្ត ,ឧបករណ៍អេឡិចត្រូនិក ,គ្រឿងម៉ាស៊ីន ,ផលិតផលប្រើបច្ចេកវិទ្យាទំនើបៗ និងឱសថ ជាដើម។
បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ដែរថា ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក នៅក្នុងឆ្នាំ២០២២កន្លងទៅ មានទឹកប្រាក់សរុបជាង ៩,២ ពាន់លានដុល្លារ កើនឡើង ១៨,៦ ភាគរយបើធៀបឆ្នាំ ២០២១ ដែលមានចំនួន ៧, ៨២៦ ពាន់លានដុល្លារ។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ប្រមាណ ៨,៩ ពាន់លានដុល្លារ កើនឡើង ១៩,៧ ភាគរយ និងនាំចូលមានចំនួនជាង ៣១២ លានដុល្លារ ធ្លាក់ចុះ ៧,១ ភាគរយ៕
ដោយ៖ សហការី