ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើភាគីពាក់ព័ន្ធបន្តផ្សព្វផ្សាយពីហានិភ័យ និងវិធីសាស្រ្តបង្ការជំងឺមិនឆ្លង ដល់ពលរដ្ឋឱ្យបានកាន់តែផុលផុស ដោយចាត់ទុកជំងឺមិនឆ្លងជាបញ្ហារួម និង​ពហុវិស័យ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានស្នើដល់អ្នកពាក់ព័ន្ធបន្តសកម្មភាពផ្សព្វផ្សាយពីហានិភ័យ និងវិធីសាស្រ្តបង្ការជំងឺមិនឆ្លង ឱ្យកាន់តែផុលផុសដើម្បីធ្វើឱ្យពលរដ្ឋមានការយល់ដឹងកាន់តែច្រើន ជាពិសេសក្នុងចំណោមស្រ្តី រួមនឹងការបង្កលក្ខណៈងាយស្រួលសម្រាប់ ការពិនិត្យសុខភាព ហើយមានតម្លៃសមរម្យ​។ សម្តេចបញ្ជាក់ថា លើសពីនេះ ការ អប់រំសុខភាពមិនគួរផ្តោតត្រឹមតែការផ្តល់ព័ត៌​មានដល់សហគមន៍ នូវអ្វីដែលពួកគេអាចធ្វើបាន ឬធ្វើមិនបាននោះឡើយ។

“យើងត្រូវមានវិធានបែបសន្តិនិយម ដែលមានការគិត គូរដល់ការផ្លាស់ប្តូរឥរិយាបទ របៀបរបបរស់នៅ របៀប របបហូបចុក និងបរិស្ថានរស់នៅ ដោយប្រើប្រាស់ទិន្ននន័យនិងបច្ចេកវិទ្យា រួមទាំងធ្វើយុទ្ធនាការឱ្យមានការគាំទ្រពីភ្នាក់ងារសុខាភិបាលនិងសហគមន៍ ដូចជាអ្នកស្ម័គ្រចិត្តជាដើមដល់អ្នកដែលរស់នៅតំបន់ដាច់ ស្រយាល ពិបាកទទួលបានសេវាសុខាភិបាលនានា​” ជានេះការអំពាវនាវរបស់សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអំពាវនាវដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពស់ខ្ពង់បើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «វិធីសាស្រ្ដបង្ការជំងឺមិនឆ្លង និងការកាត់បន្ថយគម្លាតយេនឌ័រដែលបណ្ដាលមកពីជំងឺមិនឆ្លង» ដែលប្រារព្ធធ្វើនាព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ​នៅសណ្ឋាគារកាំបូឌីយ៉ាណាក្នុងរាជធានីភ្នំពេញ។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ក៏បានស្នើអាជ្ញាធរសុខាភិបាលជាតិធ្វើការរួមគ្នាជាមួយស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូនានា ក្នុងការចែករំលែកព័ត៌មាន ទិន្នន័យកម្មវិធីបណ្តុះបណ្តាល និងការអនុវត្តល្អៗ ដើម្បី បង្កើតភាពជាដៃគូ ពហុវិស័យក្នុងការស្រាវជ្រាវនិងបង្ការជំងឺមិនឆ្លងឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេស គិតគូរពីតម្រូវការជាក់ស្តែងរបស់ស្រ្តី ដែលជាទូទៅមានលក្ខណៈខុសពីបុរសនៅក្នុងការទទួលបានព័ត៌មាន និងការបណ្តុះបណ្តាល ស្តីពីអាហារូបត្ថម្ភ និងការថែទាំសុខ ភាព ព្រមទាំងលទ្ធភាពផ្នែកហិរញ្ញវត្ថុ ក្នុងការទទួលបានការព្យាបាល​។

សូមជម្រាបថា​ ជំងឺមិនឆ្លងមានដូចជា ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺផ្លូវចិត្ត និងជំងឺមហារីក។តាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា មនុស្សគ្រប់វ័យ និងគ្រប់ទីកន្លែងទាំងអស់ គឺសុទ្ធតែរងផលប៉ះពាល់ដោយសារជំងឺមិនឆ្លងនេះ។ រៀងរាល់ឆ្នាំ មនុស្សប្រមាណ ១៧លាននាក់ នៅលើសកលលោក បានស្លាប់ មុនពេលឈានចូលដល់វ័យ ៧០ឆ្នាំ ដោយសារជំងឺមិនឆ្លងនេះ។

បញ្ហាប្រឈមនាំឱ្យកើតជំងឺមិនឆ្លងមានជាច្រើន។ ជំងឺមិនឆ្លងគឺជាជំងឺរបស់អ្នកមាន។​ ផ្ទុយទៅវិញ ចំនួននៃកត្តាហានិភ័យ នៃជំងឺមិនឆ្លង បាននិងកំពុងកើនឡើង គ្រប់ទីកន្លែងទាំងនៅទីក្រុង និងតំបន់ជនបទ ដោយពួកគេបានប្រើប្រាស់ថ្នាំជក់ សេពគ្រឿងស្រវឹង គ្រឿងញៀន ទទួលបន្លែផ្លែឈើមិនគ្រប់គ្រាន់ ឬបន្លែនិងផ្លែឈើមានសារធាតុគីមីខ្ពស់ និងមិនសូវហាត់កីឡាជាដើម។ អត្រាការជក់បារីក្នុងចំណោមបុរសមានច្រើនជាងស្រ្តី ហើយកសិករ កម្មករ ដែលមានអាយុចាប់ពី១៨ ដល់៤៩ឆ្នាំ មានទម្លាប់នៃការជួបជុំទទួលគ្រឿងស្រវឹង ដែលជាបច្ច័យមួយនាំឱ្យធ្លាក់ខ្លួនឈឺ។

សម្តេចមហារដ្ឋសភាធិការធិបតី បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដ៏ឧត្តុង្គឧត្តម ដែលរាជរដ្ឋាភិបាលសម្រេចបាន និងការបន្តយកចិត្តទុកដាក់ខ្ពស់ លើការងារសុខភាព និងសុខុមាលភាពប្រជាជន។ សម្តេចបានគូសបញ្ជាក់ថា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំណត់យកការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ជាគោលនយោបាយអាទិភាពចម្បង តាមរយៈទំនើបភាវូបនីកម្មប្រព័ន្ធផ្តល់សេវាថែទាំសុខភាព ឆ្ពោះទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល នៅដំណាច់ឆ្នាំ២០៣០ ការរៀបចំឱ្យបានរឹងមាំ នូវប្រព័ន្ធសន្តិសុខសង្គម និងជំនួយសង្គម ការលើកកម្ពស់វិស័យធានារ៉ាប់រង ការពង្រឹងនិងការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល ការយកចិត្តទុកដាក់លើវិស័យកីឡា និងសុខភាពសាធារណៈ ការលើកកម្ពស់សមភាពយេនឌ័រ និងការជំរុញសង្គមឌីជីថល។ រាជរដ្ឋាភិបាលបានបន្តបង្កើនកញ្ចប់ថវិកាជាតិ រហូតដល់ ៥៥០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០២៤ សម្រាប់ទ្រទ្រង់វិស័យសុខាភិបាល។

នៅក្នុងក្របខណ្ឌនីតិប្បញ្ញត្តិវិញ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍ថា រដ្ឋសភាជាតិកម្ពុជាបានអនុវត្តតួនាទីរបស់ខ្លួនយ៉ាងសកម្ម ក្នុងការរួមចំណែកការពារ និងលើកកម្ពស់សុខភាពប្រជាជន។ រដ្ឋសភាបានអនុម័តច្បាប់​ ដែលមានលក្ខណៈទូលំទូលាយ​​ និងគ្របដណ្តប់ ដែលឆ្លើយតប ទៅនឹងការបង្ការគ្រប់គ្រងជំងឺមិនឆ្លង និងដោះស្រាយវិសមភាព​យេន​ឌ័រ នៅក្នុងគោលនយោបាយសាធារណៈ  ដូចជា ច្បាប់ស្តីពីការត្រួតពិនិត្យថ្នាំជក់ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងច្បាប់ស្តីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យជាដើម៕

ដោយ៖ សូរិយា


ចែករំលែក៖