ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកក្រគរ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោកវរសេនីយ៍ឯក មោក ភារម្យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានឱ្យដឹង​នៅព្រឹកថ្ងៃ​ទី១៨​​ ខែធ្នូ​ ឆ្នាំ​២០២៣នេះថា​ កម្លាំងជំនាញស្រុកក្រគរ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវថ្មី ភូមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់​ កាលពីម្សិលមិញនេះ​។ 

លោកវរសេនីយ៍ឯក មោក ភារម្យ បានឱ្យដឹងទៀតថា ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងតាមមតិចង្អុលការដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងមានការសម្របសម្រួលពីឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ លោកបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោត ធ្វើការល្បាតក្នុងភូមិសាស្រ្តឃុំអន្លង់ត្នោត ប្រទះឃើញជនសង្ស័យជាមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀន នៅចំណុចខាងលើ សមត្ថកិច្ចធ្វើការឃាត់ខ្លួន និងរកឃើញសារធាតុញៀនចំនួន ១៦កញ្ចប់។

លោកអធិការ បានបន្តថា ៖ ជនសង្ស័យជាមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀន ឈ្មោះ ឯក សុផល ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិថ្គោលធំ ឃុំ អន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ វត្ថុតាងដកហូតរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៦កញ្ចប់ ទម្ងន់ ១១,៧៥  ក្រាមថ្លឹងតែសាច់ថ្នាំសុទ្ធ ជញ្ជីងអេឡិចត្រូនិច ចំនួន០១ ថង់ប្លាស្ទិចសម្រាប់រំលែកថ្នាំញៀនមួយចំនួន សម្រាប់ចូកថ្នាំញៀនចំនួនមួយ ទូរស័ព្ទដៃចំនួនមួយគ្រឿង សំបកកញ្ចប់បារី សំរាប់ដាក់ថ្នាំញៀនចំនួនមួយ និងម៉ូតូចំនួនមួយគ្រឿង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីរៀបចំនីតិវិធីបញ្ជូន៕

ដោយ៖ អរុណរះ


ចែករំលែក៖