ខេត្តស្ទឹងត្រែង៖ អ្នកកាសែតអនឡាញម្នាក់ត្រូវកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តចាប់បញ្ជូនខ្លួនទៅពន្ធនាគារខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី១៨ខែធ្នូ២០២៣តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ។
ប្រភពបានឱ្យដឹងថា នៅថ្ងៃខែខាងលើកម្លាំងកងរាជអាវុធហត្ថបានចាប់ខ្លួនឈ្មោះគឹម ដែន ភេទប្រុស អាយុ២៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិណាអូង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ត្រូវបានចោទប្រកាន់ពីបទកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ ប្រព្រឹត្តនៅភូមិណាអួង (វាលប៉ារ៉ា) ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីថ្ងៃ ទី២៩ ខែមេសា ឆ្នាំ២០១៥ បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៩៧ កថាខណ្ឌ១ ចំណុច៦ នៃច្បាប់ស្តីពីព្រៃឈើ ។
តុលាការបានសម្រចដាក់ទោសឱ្យជាប់ពន្ធនាគារកំណត់ ០៥ (ប្រាំ)ឆ្នាំ គិតចាប់ពីសាលក្រមចូលជាស្ថាពរ រឹបអូសជាសម្បត្តិរដ្ឋនូវដីដែលមានទំហំ ៣២២៩ម៉ែត្រការេ៉ព្រមទាំងរោងទំហំ ៣មX៣ម ចំនួន០១ខ្នង ត្រង់ចំណុចនិយាមការUTM(624245-1539797) ក្នុងភូមិណាអួង(វាលប៉ារ៉ា) ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ក្រោយអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរួចមកកម្លាំងកងរាជអាវុធហត្ថក៏បានបញ្ជូនទៅពន្ធនាគារតែម្ដង៕
ដោយ ៖ ជីវ័ន្ត