ព័ត៌មានទាន់ហេតុការណ៍៖

តោះស្វែងយល់បន្តិចថាតើ <<ការធ្វើកំណែទម្រង់ក្នុងវិស័យទូរគមនាគមន៍ នៅកម្ពុជា ដើរមកទល់សព្វថ្ងៃនេះយ៉ាងបែបដូចម្តេច?

ចែករំលែក៖

 ភ្នំពេញ ៖ តោះស្វែងយល់បន្តិចថាតើ <<ការធ្វើកំណែទម្រង់ក្នុងវិស័យទូរគមនាគមន៍ នៅកម្ពុជា ដើរមកទល់សព្វថ្ងៃនេះយ៉ាងបែបដូចម្តេច? ហើយវាមានការទាក់ទងអ្វីទៅនឹងនិន្នការពិភពលោក និងមានបញ្ហាប្រឈមអ្វីខ្លះដែលក្រសួង ប.ទ ត្រូវដឹងនិងមានវិធានការដោះស្រាយ?>>

នៅក្នុងពិភពលោកនេះ ដោយសារតែការធ្វើកំណែទម្រង់នៃការវិវត្តន៍នៃបច្ចេកវិទ្យាឈានតាមដំណាក់កាល និងយុគ្គសម័យនៃការតភ្ជាប់បណ្តាញអ៊ីនធឺណិត/ឌីជីថល ដូចនេះការដាក់ចេញនូវគោលនយោបាយ ការដាក់ចេញនូវផែនការអភិវឌ្ឍន៍ ការធ្វើនិយ័តកម្ម និងទម្រង់ទីផ្សារក្នុងវិស័យទូរគមនាគមន៍ វាក៏មានបរិបទ និងរបត់ប្រែប្រួលឱ្យទាន់នោះផងដែរ។ នេះជាអត្ថបទបកស្រាយដោយលោក អ៊ឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងម៉ាស្ទ័រវិទ្យាសាស្រ្តទូរគមនាគមន៍ ពីអតីតសហភាពសូវៀត ។ 

 

អនុលោមតាមបរិបទ និងការវិវត្តន៍នៃការគ្រប់គ្រង (ការធ្វើគោលនយោបាយ ការដាក់ចេញនូវផែនការអភិវឌ្ឍន៍ ការចេញនូវច្បាប់ និងបទដ្ឋានគតិយុត្តគ្រប់គ្រងវិស័យ និងការធ្វើនិយ័តកម្ម) លើវិស័យទូរគមនាគមន៍ ឈានដល់យុគ្គសម័យគ្រប់គ្រងដំណាក់កាលទី៤ គឺការគ្រប់គ្រងបូកបញ្ជូលគ្នារវាងវិស័យ ទូរគមនាគមន៍ វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន វិស័យសោតទស្សន៍ និងឌីជីថលកម្ម។ 

ប៉ុន្តែកម្ពុជាយើងមិនទាន់អាចអនុវត្តបាននៅឡើយ ដូចនេះយើងមិនអាចនិយាយថាកម្ពុជាយើងកំពុងស្ថិតក្នុងដំណាក់កាលនិយ័តកម្មជំនាន់មួយណានៅឡើយ វាជាដំណាក់កាលកូនកាត់។

@ តោះពិនិត្យបន្តិចមើល ថាកម្ពុជាបានធ្វើកំណែទម្រង់អ្វីខ្លះនៅក្នុងការគ្រប់គ្រងវិស័យទូរគមនាគមន៍មកទល់ពេលនេះ ចាប់ពីការងើបឡើងពីសម័យវាលពិឃាដ ៣ឆ្នាំ៨ខែ។

* ដំណាក់កាលទី១៖ មុនឆ្នាំ២០០៦ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានសមត្ថកិច្ចជាអ្នកធ្វើគោលនយោបាយផង ជានិយ័តករផង ជាប្រតិបត្តិករផង និងជារដ្ឋសមាជិកក្នុងកិច្ចសហការអន្តរជាតិ លើវិស័យ ប្រៃសណីយ៍ និងវិស័យទូរគមនាគមន៍។

* ដំណាក់កាលទី២) ក្នុងឆ្នាំ២០០៦ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបំបែកខ្លួនចេញពីការធ្វើជាប្រតិបត្តិករទូរគមនាគមន៍ តាមរយៈនៃកាបង្កើតសហគ្រាសសាធារណ:ដែលហៅថា “ទូរគមនាគមន៍កម្ពុជា ឬ ទ.ក.” ហើយក្រសួងនៅសល់តែការគ្រប់គ្រង និងមានសមត្ថកិច្ចជាជាអ្នកធ្វើគោលនយោបាយ ជានិយ័តករ និងជារដ្ឋសមាជិកក្នុងកិច្ចសហការអន្តរជាតិ លើវិស័យប្រៃសណីយ៍ និងវិស័យទូរគមនាគមន៍។ 

* ដំណាក់កាលទី៣) ក្នុងឆ្នាំ២០១១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបំបែកខ្លួនចេញពីការធ្វើជាប្រតិបត្តិករប្រៃសណីយ៍មួយទៀត តាមរយៈនៃការបង្កើតសហគ្រាសសាធារណៈមួយ ដែលហៅថា “ប្រៃសណីយ៍កម្ពុជា ឬ ប.ក.” ហើយក្រសួងនៅសល់តែការគ្រប់គ្រង និងមានសមត្ថកិច្ចជាជាអ្នកធ្វើគោលនយោបាយ ជានិយ័តករ និងជារដ្ឋសមាជិកក្នុងកិច្ចសហការអន្តរជាតិ លើវិស័យប្រៃសណីយ៍ និងវិស័យទូរគមនាគមន៍ និងជាប្រតិបត្តិករប្រៃសណីយ៍ផងដែរ។

* ដំណាក់កាលទី៤) នៅក្នុងឆ្នាំ២០១២ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបំបែកខ្លួនចេញពីការធ្វើជានិយ័តករទូរគមនាគមន៍ តាមរយៈបង្កើតឱ្យមាននិយ័តករទូរគមនាគមន៍ឯករាជ្យមួយ ដែលហៅថា “បញ្ញត្តិករទូរគមនាគមន៍កម្ពុជា (មុនអនុម័តច្បាប់ស្តីពីទូរគមនាគមន៍) ឬ និយ័តករទូរគមនាគមន៍កម្ពុជា (ក្រោយអនុម័តច្បាប់ស្តីពីទូរគមនាគមន៍)” ហើយក្រសួងនៅសល់តែការគ្រប់គ្រង និងមានសមត្ថកិច្ចជាអ្នកធ្វើគោលនយោបាយ ជាអ្នកដាក់ចេញនូវផែនការអភិវឌ្ឍន៍ ជាអ្នកដាក់ចេញនូវច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ  និងជារដ្ឋសមាជិកក្នុងកិច្ចសហការអន្តរជាតិ លើវិស័យប្រៃសណីយ៍ និងវិស័យទូរគមនាគមន៍។

* ដំណាក់កាលទី៥) នៅក្នុងឆ្នាំ២០១៣ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល បញ្ចូលអង្គភាព NiDA ឱ្យស្ថិតក្រោមរចនាសម្ព័ន្ធគ្រប់គ្រងរបស់ខ្លួន ពេលនោះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានសមត្ថកិច្ចជាអ្នកធ្វើគោលនយោបាយ ជាអ្នកដាក់ចេញនូវផែនការអភិវឌ្ឍន៍ ជាអ្នកដាក់ចេញនូវច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ និងជារដ្ឋសមាជិកក្នុងកិច្ចសហការអន្តរជាតិ លើវិស័យ ប្រៃសណីយ៍ វិស័យទូរគមនាគមន៍ និងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ 

នៅក្នុងចុងឆ្នាំ២០១៥ ច្បាប់ស្តីពីទូរគមនាគមន៍ បានអនុម័តឱ្យប្រើប្រាស់ជាផ្លូវការ និងក្នុងឆ្នាំ២០១៦ តាមការផ្តល់អំណាចតាមអនុក្រឹត្យស្តីពីការផ្តល់ការអនុញ្ញាតបំពេញប្រតិបត្តិការលើវិស័យបច្ចេកវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃ ក.ប.ទ. ក្លាយជានិយ័តករវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បន្ថែមទៀត។

* ដំណាក់កាលទី៦) ជាដំណាក់កាលបច្ចុប្បន្ន ដែលតម្រូវឱ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានតួនាទីគ្រប់គ្រង និងមានសមត្ថកិច្ចគ្រប់គ្រងបន្ថែមមួយទៀតទៅលើការគ្រប់គ្រងនិងអភិវឌ្ឍន៍ហេដ្ឋារចនា-សម្ព័ន្ធទ្រទ្រង់លើការតភ្ចាប់ឌីជីថល ស្របតាមចំនុចទី៣ ចតុកោណទី២ នៃយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភាជាតិ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាជាតិ ដែលតម្រូវឱ្យមាន “ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី ៤.០” ។

សន្និដ្ឋាន៖ មកទល់នឹងដំណាក់កាលទី៦ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននិងកំពុងមានសមត្ថកិច្ចគ្រប់គ្រងលើវិស័យប្រៃសណីយ៍ វិស័យទូរគមនាគមន៍ វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល (រួមមាន៖ បណ្តាញជំនាន់ទី៥ (5G) គឺជាហេដ្ឋារចនាសម្ព័ន្ធឌីជីថល សម្រាប់ឆ្ពោះទៅកាន់ ឧស្សាហកម្មជំនាន់ទី ៤.០ និងដើរតួនាទីធ្វើឱ្យគ្រប់វិស័យវៃឆ្លាត ដែលយើងហៅថា “កម្មវិធីប្រើប្រាស់ ឬ Apps/Applications” រួមមាន៖ សិប្បកម្មវៃឆ្លាត សុវត្ថិភាពនិងសន្តិសុខវៃឆ្លាត ការដឹកជញ្ជូនវៃឆ្លាត សុខាភិបាលវៃឆ្លាត ទីក្រុងឬគេហដ្ឋានវៃឆ្លាត ឋាមពលវៃឆ្លាត គមនាគមន៍វៃឆ្លាត និងវិស័យដទៃទៀតវៃឆ្លាត។

@ ក្របខណ្ឌអន្តរជាតិនៃការធ្វើកំណែទម្រង់របស់ស្ថាប័ន ជំនាញគ្រប់គ្រងវិស័យទូរគមនាគមន៍៖

មកទល់បច្ចុប្បន្ននេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅលើពិភពលោក ស្ទើតែទាំងអស់គេបានប្តូរទៅការគ្រប់គ្រងនិងធ្វើនិយ័តកម្មជំនាន់ទី៤ និងឈានទៅរកការគ្រប់គ្រងនិងធ្វើនិយ័តកម្មជំនាន់ទី៥ ទៅហើយ ដូចជា៖

១) នៅក្នុងបណ្តាប្រទេសទាំង ១០ របស់សហគមអាស៊ាន រួមមាន៖

    យោងតាមការសិក្សាទៅលើការអនុវត្តរបស់បណ្តាប្រទេសទាំង ១០ នៅក្នុងអាស៊ាន បានបង្ហាញឱ្យយើងថា មានប្រទេសចំនួន ០៧ នៅក្នុងអាស៊ាន ដែលបានវិវត្តន័ខ្លួនដល់ដំណាក់កាលគ្រប់គ្រងលើវិស័យ នៅក្នុងនិយ័តកម្មជំនាន់ទី៤ និងបានធ្វើការផ្លាស់ប្តុរឈ្មោះទៅជាក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឬ Ministry of Information and Communication Technology រួមមាន៖ 

១) ប្រទេសមីយ៉ាន់ម៉ា មានឈ្មោះ “Ministry of Communications and Information Technology, Burma

ដែលជាស្ថាប័នរដ្ឋគ្រប់គ្រងលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន និងមានឈ្មោះដើម គឺ “Ministry of Communications, Posts and Telegraphs , Burma ” ។

២) ប្រទេសវៀតណាម មានឈ្មោះ “Ministry of Information and Communication, Vietnam ” ជាស្ថាប័នរដ្ឋ ទទួលខុសត្រូវលើកាសែត ការផ្សព្វផ្សាយសាធារណៈ ប្រៃសណីយ៍ ទូរគមនាគមន៍ និងអ៊ីនធឺណិត សោតទស្សន៍ ហ្វ្រេកង់ស៍វិទ្យុ បច្ចេកវិទ្យាព័ត៌មាន វិទ្យុ ទូរទស្សន៍ និងហេដ្ឋារចនាសម្ព័ន្ធផ្សព្វផ្សាយជាតិ។

៣) ប្រទេសហ្វីលីពីន មានឈ្មោះ  “Department of Information and Communications Technology” ស្ថាប័នរដ្ឋទទួលខុសត្រូវលើការដាក់ចេញនូវផែនការអភិវឌ្ឍន៍ និងជម្រុញបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលជាប្រធានបទក្នុងការគាំពារកិច្ចអភិវឌ្ឍជាតិ។

៤) ប្រទេសម៉ាឡេស៊ី មានឈ្មោះ “Ministry of Communications and Multimedia” ជាស្ថាប័នរដ្ឋគ្រប់គ្រងទូរគមនាគមន៍ ពហុផ្សព្វផ្សាយ សោតទស្សន៍ ព័ត៌មាន ការពារទិន្នន័យបុគ្គល កិច្ចការពិសេស ឧស្សាហកម្មផ្សព្វផ្សាយ ឧស្សាហកម្មភាពយន្ត ឈ្មោះដែន ប្រៃសណីយ៍ សេវាទូរស័ព្ទចល័ត/អចល័ត ប្រ៊ដប៊ែន ហត្ថលេខាឌីជីថល សេវាកាតព្វកិច្ចសកល សោតទស្សន៍អន្តរជាតិ និងមាតិការ។

៥) ប្រទេសសឹង្ហបុរី មានឈ្មោះ “Ministry of Communications and Information” ជាស្ថាប័នរដ្ឋ ទទួលខុសត្រូវលើបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា វិស័យផ្សព្វផ្សាយនិងដេហ្សាញ សៀវភៅទូរស័ព្ទសាធារណៈ ក៏ដូចជាគោលនយោបាយទូរគមនាគមន៍សាធារណៈ និងព័ត៌មាន។

៦) ប្រទេសប្រ៊ុយណេ មានឈ្មោះ “Ministry of Transport and Info-communications” ជាស្ថាប័នរដ្ឋ ដែលទទួលខុសត្រូវលើអាកាសចរណ៍ស៊ីវិល ដឹកជញ្ជូនផ្លូវគោកនិងផ្លូវទឹក ទូរគមនាគមន៍ និងឧត្តុនិយម។

៧) ប្រទេសឥណ្ឌូនេស៊ី មានឈ្មោះ “Ministry of Communication and Information Technology” ជាស្ថាប័នរដ្ឋទទួលខុសត្រូវលើកិច្ចការបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មានវិទ្យា។

ប្រទេសដែលស្ថិតនៅក្នុងចន្លោះរវាងនិយ័តកម្មជំនាន់ទី៣ និងនិយ័តកម្មជំនាន់ទី៤ គឺប្រទេសកម្ពុជាយើង និងប្រទេសឡាវ។ 

ថ្វីត្បិតតែក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានគ្រប់គ្រងវិស័យទូរគមនាគមន៍ផង គ្រប់គ្រងវិស័យបច្ចេកវិទ្យាព័ត៌មានផង តាំងពីឆ្នាំ២០១៥មកក្តី ប៉ុន្តែក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅមិនទាន់បានប្តូរឈ្មោះទៅជា “ក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន” និងមិនទាន់បានគ្រប់គ្រងលើវិស័យមាតិការនិងសោតទស្សន៍ ដូចបណ្តាប្រទេសទាំង ៧ ខាងលើ ក្នុងអាស៊ាន នៅឡើយ ហើយវិស័យមាតិការ និងសោតទស្សន៍ទៀតសោត កំពុងស្ថិតនៅក្នុងវិសាលភាពគ្រប់គ្រងរបស់ក្រសួងព័ត៌មាន។

ហើយប្រទេសដែលកំពុងត្រៀមខ្លួនហក់ចូលទៅក្នុងការធ្វើនិយ័តកម្មជំនាន់ទី៥ នោះគឺប្រទេសថៃឡង់ដ៍ មានឈ្មោះដើម “Ministry of Information and Communication Technology, Thailand ” ដែលបច្ចុប្បន្នមានឈ្មោះថា  “Ministry of Digital Economy and Society, Thailand” ដែលចាប់ផ្តើមប្តូរឈ្មោះជាផ្លូវការចាប់ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦។

២) បណ្តាប្រទេសនៅក្នុងទ្វីបអាស៊ី និងទ្វីបអ៊ឺរ៉ុប៖

បណ្តាប្រទេសទាំង ៥៣ នៅក្នុងទ្វីបអាស៊ី និងបណ្តាប្រទេសទាំង ៥០ នៅក្នុងទ្វីបអ៊ឺរ៉ុបដែលបានធ្វើការផ្លាស់ប្តូរឈ្មោះក្រសួងរបស់គេទៅតាមនិន្នការ និងបរិបទនៃការវិវត្តន៍លើការគ្រប់គ្រង និងបច្ចេកវិទ្យា។

@ បញ្ហាកំពុងតែប្រឈម៖

យើងសង្កេតឃើញ និងអាចធ្វើការសន្និដ្ឋាន ដូចតទៅថា៖

១) ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននិងកំពុងមានសមត្ថកិច្ចគ្រប់គ្រងលើវិស័យចំនួន ៤ធំៗ រួមមាន វិស័យប្រៃសណីយ៍ វិស័យទូរគមនាគមន៍ វិស័យពត៌មានវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល។

២) ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ថ្វីត្បិតតែបាននិងកំពុងគ្រប់គ្រង និងមានសមត្ថកិច្ចគ្រប់គ្រងលើវិស័យទាំង ៤ធំៗ ដូចមានចែងក្នុងចំណុចទី១ ក្តី ប៉ុន្តែនាមករណ៍ឬឈ្មោះនៃក្រសួងមិនសមប្រកប ស្របទៅតាមបរិបទនៃការគ្រប់គ្រងនេះឡើយ និងមិនទាន់ច្បាប់និងលិខិតបទដ្ឋាគតិយុត្ត ក្នុងការធ្វើការផ្លាស់ប្តូរ នាមករណ៍ឬឈ្មោះថ្មីឱ្យស្របតាមបរិបទ និងការវិវត្តន៍នៃបច្ចេកវិទ្យា ការគ្រប់គ្រង និងក្របខណ្ឌកែទម្រង់របស់រាជរដ្ឋាភិបាល ព្រមទាំងក្របខណ្ឌអន្តរជាតិ នៅឡើយ។

៣) ក្នុងករណី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានបំណងចង់គ្រប់គ្រងនិងមានសមត្ថកិច្ចឱ្យស្របតាមបរិបទវិវត្តន៍ថ្មីនៃបច្ចេកវិទ្យា និងការធ្វើនិយ័តកម្មទូរគមនាគមន៍ ឱ្យទាន់យុគ្គសម័យនិយ័តកម្មជំនាន់ទី៤ និងរត់ឱ្យទាន់និយ័តកម្មជំនាន់ទី៥ គឺតម្រូវឱ្យក្រសួងទាញយកការគ្រប់គ្រងលើវិស័យសោតទស្សន៍ និងមាតិការ ដែលកំពុងតែស្ថិតនៅក្នុងសមត្ថកិច្ចគ្រប់គ្រង ដោយក្រសួងព័ត៌មាន ដែលជាបញ្ហាលំបាកក្នុងការអនុវត្តឱ្យទាន់ពេលវលា។

ដោយអនុលោមតាមការបញ្ញត្តិនៃច្បាប់ ក្រសួងប្រៃសណីយ៍និងទូររគមនាគមន៍ មានភារកិច្ចរៀបចំលិខិតបទដ្ឋានគតិយុត្តិនិងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការពង្រឹងការធ្វើនិយ័តកម្មនិងគ្រប់គ្រងប្រតិបត្តិករទូរគមនាគមន៍និងទីផ្សារ របស់ស្ថាប័ននិយ័តករទូរគមនាគមន៍កម្ពុជា រួមមាន៖ សរុបលិខិតបទដ្ឋាន មានចំនួន ៣៤ ប្រភេទ រួមមាន៖ អនុក្រឹត្យមានចំនួនសរុប ១០ (អនុម័តបានចំនួន ៥) ប្រកាសមានចំនួនសរុប ១៨ (អនុម័តបានចំនួន ៤) ប្រកាសរួមមានចំនួនសរុប ៣ (អនុម័តបានចំនួន ១)សេចក្តីសម្រេច ឬ សេចក្តីណែនាំ មានចំនួនសរុប ៣។

@ ការវាយតម្លៃលើផលប៉ះពាល់នៃការអនុវត្តច្បាប់នៅក្នុងវិស័យទូរគមនាគមន៍៖

១) ការអនុវត្តមុខងារនិងភារកិច្ចរបស់ ក.ប.ទ និង ន.ទ.ក មិនសង្គត្ត ភាពទៅការបញ្ញត្តិនៃច្បាប់ស្តីពី ទូរគមនាគមន៍។

២) កង្វះយន្តការគ្រប់គ្រងថ្លៃសេវាទូរគមនាគមន៍ ដែលដាក់ចេញដោយប្រតិបត្តិករទូរគមនាគមន៍ និងយន្តការប្រកួតប្រជែងដោយស្មោះត្រង់ នៅក្នុងទីផ្សារទូរគមនាគមន៍។

៣) ការចុះខ្សោយគុណភាពសេវាទូរគមនាគមន៍៖

+ យឺតយ៉ាវក្នុងការពង្រីកសេវាអ៊ីនធឺណិតចល័តនងអចល័តឱ្យដល់ទីជនបទ ស្របតាមបទប្បញ្ញត្តិស្តីពីកាតព្វកិច្ចសេវាសកល (USO)

+ ការច្រឡំបល់ក្នុងការធ្វើឌីជីថលកម្មបច្ចេកវិទ្យា តាមរយៈការពង្រឹង និងពង្រីកលើការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ជាពិសេសការបង្កើនគុណភាពសេវា និងការពង្រីកវិសាលភាពតំបន់គ្របដណ្តប់

សេវានៃបណ្តាញជំនាន់ទី៤ (4G) និងការបង្ហោះបណ្តាញ ជំនាន់ទី៥ ហៅថា 5G ដើម្បីឆ្លើយតបទៅនឹងដំណើរឆ្ពោះទៅរកសង្គមឌីជីថល និងឧស្សាហកម្ម 4.0។

៤) កម្សោយក្នុងការគ្រប់គ្រងធនធានកម្រ ជាពិសេសការគ្រប់គ្រងវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ។

៥) មិនទាន់ធ្វើការផ្លាស់ប្តូរពីវិញ្ញាបនបត្រ លិខិតអនុញ្ញាត និងអាជ្ញាបណ្ណដែលផ្តល់មុនច្បាប់ស្តីពីទូរគមនាគមន៍ចូលជាធរមាន ទៅជាវិញ្ញាបនបត្រ លិខិតអនុញ្ញាត និងអាជ្ញាបណ្ណថ្មី ស្របតាមមាត្រា ១១០ និងបទប្បញ្ញត្តិពាក់ព័ន្ធ ដូចដែលបានបញ្ញត្តិនៅក្នុងច្បាប់ស្តីពីទូរគមនាគមន៍៕

ដោយ ៖ សហការី


ចែករំលែក៖