ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទាញអារម្មណ៍ប្រជាពលរដ្ឋឱ្យពិចារណា អំពីការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវគ្រឿងបង្គុំសំណង់ដែលមានស្រាប់នៅក្នុងស្រុក និងត្រូវដឹងអំពីប្រភេទនៃគ្រឿងបង្គុំសំណង់ដែលត្រូវប្រើប្រាស់សម្រាប់ការសាងសង់។ ការថ្លែងបែបនេះរបស់លោកឧបកនាយរដ្ឋមន្រ្តី តាមរយៈសិក្ខាសាលាពិគ្រោះយោបល់ “គោលនយោបាយជាតិស្តីពីការលើកកម្ពស់ការប្រើប្រាស់សម្ភារៈសំណង់ក្នុងឧស្សាហកម្មគ្រឿងផ្គុំសំណង់ប្រកបដោយសុវត្ថិភាព និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យសំណង់”កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ម្សិលមិញនេះ។
លើការងារនេះដែរ លោករដ្ឋមន្រ្តី សាយ សំអាល់ បានណែនាំថា ត្រូវរួមគ្នារិះរកគោលនយោបាយ និងវិធានការដើម្បីគ្រប់គ្រងថែរក្សាធនធាន ដែលជាគ្រឿងបង្គុំសំណង់ទាំងនោះឱ្យបានល្អ និងមាននិរន្តរភាពជាប្រយោជន៍ប្រើប្រាស់ក្នុងវិស័យសំណង់សម្រាប់ជំនាន់នេះ និងជំនាន់ក្រោយៗទៀត ។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា លោកមានបំណងចង់ឃើញវិស័យសំណង់ គ្រឿងបង្គុំសំណង់ ឧស្សាហកម្មកម្ចីប្រាក់ រុក្ខជាតិលម្អ គឺជាកន្លែងដែលប្រជាជនមានការងារធ្វើ មានប្រាក់ចំណូល ហើយសង្ឃឹមថា តាមរយៈនេះប្រជាពលរដ្ឋគ្រប់រូបនៅក្នុងសង្គមជាតិនឹងមានលំនៅឋានរស់នៅសមរម្យ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើនិងប្រាក់ចំណូល ហើយកូនចៅប្រជាពលរដ្ឋបានទទួលការសិក្សាអប់រំគ្រប់ៗគ្នា នោះប្រទេសជាតិនឹងរក្សាបាននូវសុខសន្តិភាពនិងការរីកចម្រើនតជំនាន់ ។
សូមជម្រាបថា សិក្ខាសាលាពិគ្រោះយោបល់ “គោលនយោបាយជាតិស្តីពីការលើកកម្ពស់ការប្រើប្រាស់សម្ភារៈសំណង់ក្នុងឧស្សាហកម្មគ្រឿងផ្គុំសំណង់ប្រកបដោយសុវត្ថិភាព និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យសំណង់” គឺជាការឆ្លើយតបទៅនឹងគោលនយោបាយ ការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឆ្លើយតបទៅនឹងគោលនយោបាយអាទិភាពទាំង ៣ចំណុច របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺការពង្រឹងសមត្ថភាពមន្ត្រី ,ការពង្រឹងសមត្ថភាពស្ថាប័ន និងការលើកកម្ពស់ប្រព័ន្ធលើកទឹកចិត្តដល់មន្ត្រី។
ក្នុងសិក្ខាសាលានេះដែរ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ឱ្យពិគ្រោះយោបល់នូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តសរុបចំនួន ១៥៥ ដើម្បីបម្រើឱ្យវិស័យសំណង់ ដែលក្នុងនោះរួមមាន៖
១. គោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនទីបង្ហាញផ្លូវ លិខិតបទដ្ឋាន បទប្បញ្ញតិ្ត បទដ្ឋានបច្ចេកទេស និងគោលការណ៍ណែនាំបច្ចេកទេស កំពុងដំណើរការរៀបចំមានចំនួន ៤០
២. លិខិតបទដ្ឋានគតិយុត្តដែលបានរៀបចំរួច និងដាក់ជូនក្រុមការងារច្បាប់ដើម្បីពិនិត្យមានចំនួន ៥
៣. លិខិតបទដ្ឋានគតិយុត្តកំពុងឆ្លងក្រុមការងារអន្តរក្រសួងមានចំនួន ៣
៤. លិខិតបទដ្ឋានគតិយុត្តគ្រោងរៀបចំមានចំនួន ៤០
៥. លិខិតបទដ្ឋានគតិយុត្តដែលបានអនុម័តរួចមានចំនួន ៦៧
ជាមួយគ្នានោះ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ឡៅ ទិព្វសីហា បានថ្លែងថា សិក្ខាសាលានេះរៀបចំឡើងដើម្បីប្រមូលធាតុចូលសម្រាប់ការតាក់តែងសេចក្តីព្រាងគោលនយោបាយជាតិ ស្ដីពីការលើកកម្ពស់ការប្រើប្រាស់សម្ភារៈសំណង់ ក្នុងឧស្សាហកម្មគ្រឿងផ្គុំសំណង់ប្រកបដោយសុវត្ថិភាព និងលិខិតបទដ្ឋានបទប្បញ្ញត្តិបច្ចេកទេសក្នុងវិស័យសំណង់ ។ ក៏ជាវេទិកាមួយដ៏សំខាន់ដើម្បីប្រមូលមតិយោបល់និងធាតុចូលថ្មីបន្ថែមទៀត សម្រាប់ការតាក់តែងលិខិតបទដ្ឋានគតិយុត្ត ,បទប្បញ្ញត្តិបច្ចេកទេសទាក់ទងនឹងវិស័យសំណង់ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយនិងអនុវត្តបានប្រកបដោយប្រសិទ្ធភាព ដើម្បីធានាថាសម្ភារៈសំណង់ដែលប្រើប្រាស់មានគុណភាពនិងសុវត្ថិភាព ។ បង្កើនបរិយាកាសដែលអាចជឿទុកចិត្តបានសម្រាប់ម្ចាស់សំណង់និងអ្នកប្រើប្រាស់សំណង់ ៕
ដោយ៖ តារា