ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល​១១ថ្ងៃ! សមត្ថកិច្ចជំនាញ​ចរាចរណ៍​ រកឃើញយានយន្តល្មើសសរុបចំនួន ១,៩៥១គ្រឿង​នៅទូទាំងប្រទេស​ និង​ត្រូវ​បាន​ផាកពិន័យ​

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះ​ បានបង្ហាញពី​​របាយការណ៍លទ្ធផលរយៈពេល ១១ ថ្ងៃ ពោល​គឺ​ចាប់​ពីថ្ងៃទី១-១១ ខែមករា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសសរុបចំនួន ១,៩៥១គ្រឿង, ក្នុងនោះរថយន្តធំ ១៦គ្រឿង, រថយន្តតូច ៦៧៧គ្រឿង និងម៉ូតូ ១,២៥៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។​ ខណៈ​យានយន្តចូលគោលដៅចំនួន ២,៤៨៨គ្រឿង, រថយន្តធំ ១៨គ្រឿង, រថយន្តតូច ៩០៩គ្រឿង, ម៉ូតូ ១,៥៦១គ្រឿង ។

ជាមួយគ្នានេះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ ក៏​បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកប្រចាំថ្ងៃ​ ជាក់ស្ដែង​នៅថ្ងៃទី១១​ ខែមករានេះដែត រកឃើញយានយន្តល្មើសចំនួន ៥៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសផងដែរ។ 

ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ១០៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៩គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ៣២គ្រឿង និងម៉ូតូ ២៦គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៥៩គ្រឿង, រថយន្តធំ ១ គ្រឿង, រថយន្តតូច ៣២គ្រឿង និងម៉ូតូ ២៦គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

ដោយ​៖ តារា​


ចែករំលែក៖