ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក៖ យន្តហោះមានបញ្ហាម៉ាស៊ីន អ្នកដំណើរជាង២០០នាក់ត្រូវជម្លៀសចេញ

ចែករំលែក៖

ជើងហោះហើរ Delta ត្រូវជម្លៀសខ្លួននៅលើផ្លូវរត់នៅឯអាកាសយានដ្ឋានអន្តរជាតិ Hartsfield-Jackson Atlanta ក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក ដោយសារបញ្ហាម៉ាស៊ីននៅកណ្តាលព្យុះព្រិល។ ឧបទ្ទវហេតុនេះបានធ្វើឱ្យមនុស្សជាច្រើនរងរបួស។
យោងតាមមន្ត្រីនៅអាកាសយានដ្ឋានអន្តរជាតិ Hartsfield-Jackson Atlanta ឧបទ្ទវហេតុនេះបានកើតឡើងនៅលើជើងហោះហើរ Delta 2668 ដោយដឹកអ្នកដំណើរចំនួន 201 នាក់កំពុងធ្វើដំណើរពីទីក្រុង Atlanta ទៅ Minneapolis សហរដ្ឋអាមេរិក។
យន្តហោះនេះត្រូវបានគេគ្រោងនឹងហោះចេញពីអាកាសយានដ្ឋាន Hartsfield-Jackson Atlanta នៅម៉ោង 7 ព្រឹក ថ្ងៃទី 10 ខែមករា (ម៉ោងក្នុងតំបន់) ប៉ុន្តែបន្ទាប់ពីការខិតខំប្រឹងប្រែងជាច្រើន នៅម៉ោងប្រហែល 9 ព្រឹកថ្ងៃដដែលនោះ ប្រធានក្រុមបានសម្រេចចិត្តលុបចោលការហោះហើរ។
អ្នកដំណើរនៅលើយន្តហោះត្រូវបានបង្ខំឱ្យជម្លៀសចេញដោយប្រើស្លាយសង្គ្រោះបន្ទាន់ ហើយត្រូវបានគេនាំត្រឡប់ទៅកន្លែងរង់ចាំវិញ។ ឧបទ្ទវហេតុនេះបានធ្វើឲ្យមនុស្ស៤នាក់រងរបួស ប៉ុន្តែគ្មានអ្នកណាម្នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរនោះទេ ។
ក្រុមហ៊ុនអាកាសចរណ៍ Delta មិនបានបញ្ជាក់ពីមូលហេតុដែលបណ្តាលឱ្យម៉ាស៊ីនខូចនោះទេ ប៉ុន្តែព្យុះព្រិលកំពុងបោកបក់ក្នុងតំបន់ Atlanta ដោយនាំមកនូវព្រិលធ្លាក់ខ្លាំង និងទឹកកក។
សេវាអាកាសធាតុជាតិអាមេរិកព្រមានប្រជាជនឱ្យនៅផ្ទះ ប្រសិនបើមិនចាំបាច់ចេញទៅក្រៅ។
ក្រុមហ៊ុន Delta បាននិយាយថា អាកាសយានិកពីរនាក់ និងអ្នកបម្រើការលើយន្តហោះ 5 នាក់បានអនុវត្តតាមបទប្បញ្ញត្តិ និងនីតិវិធីនៅពេលលុបចោលការហោះហើរ។
Delta បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គ្មានអ្វីសំខាន់ជាងសុវត្ថិភាពរបស់អ្នកដំណើរ និងអាកាសយានិករបស់យើងទេ។

យើងសុំទោសអតិថិជនរបស់យើងសម្រាប់បទពិសោធន៍នេះ” ដោយបន្ថែមថាវានឹងជួយអ្នកដំណើរឱ្យទៅដល់គោលដៅចុងក្រោយរបស់ពួកគេឱ្យបានលឿនតាមដែលអាចធ្វើទៅបាន៕ ដោយ៖ ធីរីណា

រូបថត​៖ CNBC


ចែករំលែក៖