ព័ត៌មានទាន់ហេតុការណ៍៖

ប្រលោមលោកប្រចាំថ្ងៃសៅរ៍÷រឿង៖ ព្រានប្រាក់ អន្ទាក់ឧកញ៉ា(តពីថ្ងៃសៅរ៍មុន)

ចែករំលែក៖

បានឮមន្ត្រីប៉ូលិសបញ្ជាក់បែបនេះ ធ្វើឲ្យពូពុធ ហួសចិត្តយ៉ាងខ្លាំងនូវសកម្មភាពរបស់កូនស្រីពៅដែលពីមុនមកមិនធ្លាប់ធ្លាក់ក្នុងអបាយមុខបែបនេះសោះ តើហេតុអ្វី ពេលនេះកូនស្រីធ្លាក់ខ្លួនជ្រកក្នុងអាចម៍ជន្លេន។ 

   – ណ្ហើយពូ ! កុំទាន់ស្អប់ខ្ពើមសោមាអី ទាំងនេះដោយសារតែនាងសេពគប់មិត្តភក្កិមិនល្អទើបធ្លាក់ខ្លួនក្នុងភក់ជ្រាំបែបនេះ។ យកល្អយើងគួរតែរកដំណោះស្រាយនិងសុំការសម្របសម្រួលជាមួយសមត្ថកិច្ចដើម្បីឲ្យនាងរួចផុតពីការចោទប្រកាន់នេះវិញ ព្រោះថាបើតាមខ្ញុំគិតសោមាមិនទាន់ធ្លាក់ខ្លួនជ្រៅនៅឡើយទេដោយនេះគ្រាន់តែនាងត្រូវគេចាប់បង្ខំឲ្យសេពគ្រឿងញៀនតែប៉ុណ្ណោះ។ បានន័យថាមិនដល់ថ្នាក់ជួញដូរថ្នាំញៀនជាទោសធ្ងន់ធ្ងរនោះទេ។ ( វិសាលពោលលួងចិត្តពូពុធ)

   ពូពុធដកដង្ហើមធំ និងលូកដៃហុចបាយកញ្ចប់និងទឹកសុទ្ធបីបួនដបតាមចម្រឹងបង្អួចឲ្យកូនស្រី រួចបានថ្លែងប្រាប់ថា 

  កូនញ៉ាំបាយសិនទៅចាំប៉ាសម្របសម្រួលជាមួយសមត្ថកិច្ចដោះលែងកូន។ តែកូនត្រូវសន្យានឹងប៉ាថា ចាប់ពីថ្ងៃនេះទៅកូនឈប់ប្រព្រឹត្តអំពើអបាយមុខ និងសេពគប់មិត្តភក្តិមិនល្អទៀត កូនឃើញហើយ តើបានចំណេញអ្វីក្រៅពីធ្វើឲ្យគ្រួសារលំបាកនោះ។

   សោមាលូកដៃទទួលយកកញ្ចប់បាយនិងដបទឹកសុទ្ធពីឪពុកដោយគ្មានវាចាថ្លែងមួយមាត់។នាងបានត្រឹមសម្លឹងមើលមុខឪពុកដោយអាការៈញ័រញាក់ប្រៀបដូចមនុស្សគ្មានវិញ្ញាណ។

   ក្រោយពីបានជួបមុខកូនស្រីពៅរួចហើយ ពូពុធ និងកំលោះវិសាលបានចូលទៅជួបលោកអធិការនគរបាលខណ្ឌ ដើម្បីធ្វើការសម្របសម្រួល។ ក្នុងឱកាសនោះដោយលោកអធិការ មើលឃើញថាសោមា ជាក្មេងស្រីរងគ្រោះដោយកនភឿនជាក្រុមក្មេងស្ទាវបបួលសេពគ្រឿងញៀនជាលើកដំបូង និងមិនពាក់ព័ន្ធការបង្ករបួសស្នាមដល់ភាគីម្ខាងនោះទើបលោកអធិការ ឲ្យពូពុធធ្វើកិច្ចសន្យាដើម្បីទទួលយកកូនស្រីទៅអប់រំ និងកុំឱ្យប្រព្រឹត្តជាលើកទីពីរទៀត។

   ដូចដកបន្លាពីដើមទ្រូង ពូពុធ និងវិសាល បានថ្លែងអំណរគុណចំពោះលោកអធិការ និងមន្ត្រីប៉ូលិសខណ្ឌទាំងអស់ដែលមានការយោគយល់អនុញ្ញាតឲ្យកូនស្រីវិលត្រឡប់ទៅផ្ទះវិញ។

   ពេលមកដល់ផ្ទះវិញ ថ្វីត្បិតតែការរកដំណោះស្រាយឱ្យសោមាចេញពីការឃុំឃាំងរបស់ប៉ូលិសក៏ដោយ តែទុក្ខកង្វល់បន្តចាក់ស្រេះពីរជំពូកទៀតគឺទីមួយត្រូវរកសំណងសងដល់ជនរងគ្រោះម្នាក់ដែលគាត់បើកម៉ូតូកង់បីបុកគេឲ្យរបួសកំពុងដេកពេទ្យ និងមួយជំពូកទៀតកូនស្រីច្បង ភាវី ធ្វើការទំនាក់ទំនងតាមទូរស័ព្ទមិនចូលសោះក្នុងរយៈពេលជាងមួយអាទិត្យនេះ ។ 

   កំពុងតែមានចំណោទក្នុងខួរក្បាលគិតអ្វីមិនចេញនោះស្រាប់តែទូរស័ព្ទដៃរបស់ពូពុធបានបន្លឺសំឡេងឡើង។ ពូពុធក្រឡេកមើលក្នុងទូរសព្ទដឹងថាអ្នកដែលខលមកនោះ គឺជាភាវីកូនស្រីរបស់គាត់។ គាត់ត្រេកអរណាស់ ប្រញាប់ឆ្លើយទៅកូន

– អាឡូ..គឺប៉ាទទួលហេតុអ្វីបានជាជាងមួយអាទិត្យនេះកូនបិទទូរស័ព្ទមិនឲ្យប៉ាម៉ាក់ទាក់ទងបាន ?

– សុំទោសប៉ានិងម៉ាក់ផង! កូនមិនបានប្រាប់ដោយសារកូនប្រញាប់ឡើងយន្តហោះទៅលេងស្រុកចិន ដើម្បីធ្វើការងារជាមួយមិត្តភក្កិណាប៉ា!

 – យ៉ាងណាក៏ដោយកូនគួរតែផ្ដល់ដំណឹងដល់គ្រួសារឲ្យបានដឹងផងមិនត្រូវស្ងាត់ឈឹងយ៉ាងនេះទេ។សូម្បីតែវិសាល ក៏គ្នាអន្ទះអន្ទែងនឹងរឿងកូនឯងដែលទូរស័ព្ទមិនចូលនេះដែរ។ (និយាយដល់ឈ្មោះវិសាលស្រាប់តែភាវីស្ងាត់មាត់ឈឹង ។ មួយសន្ទំនាងបន្តសម្តីក្រោយឪពុកថា

– ឱ! រឿងវិសាល ប៉ាឈប់គិតទៅរវាងខ្ញុំនឹងគាត់មិនមានការអ្វីទាក់ទងទៀតទេ។ ប៉ាប្រាប់គាត់ផងថា ចាប់ពីថ្ងៃនេះទៅគួរតែកាត់ចិត្តពីកូនទៅ ព្រោះអីកូននែ!នែ …

   នែ…នែ យ៉ាងម៉េច? កូនត្រូវដឹងថា ប៉ុន្មានថ្ងៃនេះវិសាលហត់នឿយណាស់ដែលគេបានមកជួយដោះទុក្ខធុរៈជាមួយគ្រួសារយើង។ កូនដឹងទេ ប៉ុន្មានថ្ងៃមកនេះប៉ូលិសចាប់សោមាឃុំនៅក្នុងប៉ុស្តិ៍ដោយសារតែវាសេពគប់មិត្តភក្តិមិនល្អហើយជក់គ្រឿងញៀន។

  អូ! ថ្ងៃនោះគាត់បានទូរស័ព្ទប្រាប់ខ្ញុំដែរ តែដោយសារខ្ញុំប្រញាប់ឡើងយន្តហោះទៅប្រទេសចិនទើបបិទទូរស័ព្ទទាក់ទងមិនបាន។ឥឡូវសោមាយ៉ាងម៉េចហើយ? ហើយម៉ាក់សុខសប្បាយឬទេប៉ា? ចំពោះរឿងវិសាលនិងខ្ញុំវិញ សូមប៉ាម៉ាក់ឈប់ទំនាក់ទំនងជាមួយគាត់ទៅ ព្រោះពេលនេះ កូនរកសុភមង្គលឃើញហើយ។

   ភ្ញាក់ដូចគេចោល កាលបើភាវីពោលថាកូនរកសុភមង្គលឃើញហើយ។ ពូពុធ ប្រញាប់សួរទៅកូនទាំងតក់ក្រហល់÷

  – យី! កូនមានរឿងអីជាមួយវិសាលឬបានជានិយាយអ៊ីចឹង? កូនស្រីត្រូវដឹងថា វិសាលជាមនុស្សស្លូតបូត សុភាពរាបសារនិងតែងតែយកអាសារដល់ក្រុមគ្រួសារយើងណាស់។ មួយរយៈនេះក្រោយកូនស្រីបែកពីប៉ាទៅនៅក្រុងកំពង់សោម គ្រប់បែបយ៉ាងវិសាល មិនមើលនឹងភ្នែកនោះទេ គឺគេតែងជួយដល់គ្រួសារយើងស្ទើរគ្រប់ពេល។ មានរឿងអីកូននិយាយប្រាប់ប៉ាមក…

   – មិនមានរឿងអីទេប៉ា…ប៉ាគ្រាន់តែដឹងថាពេលនេះកូនមានសុភមង្គលហើយ សូមចាត់ទុកវិសាលជាបងប្អូនទៅបានហើយ។

   – មិនកើតទេកូន…កូនធ្វើបែបនេះពិតជារមិលគុណគេពេកហើយ ពីមុនហេតុអីកូនស្រឡាញ់គេបាត់មុខមិនបាន តែឥឡូវផ្លាស់ប្ដូរចិត្តលឿនម៉្លេះកូនស្រីប៉ា?

   – ប៉ាកុំគិតច្រើនពេកមើល! អ្វីៗកូនបានសម្រេចចិត្តរួចហើយប៉ាចាំតែទទួលផលពីកូនទៅ កូនផ្ញើលុយចូលកុងប៉ារួចហើយ ចំនួន២៥០០ដុល្លារ សូមប៉ាយកទៅចាត់ចែងក្នុងគ្រួសារបណ្ដើរៗទៅ។

ភ្ញាក់ខ្លួនជាថ្មីម្ដងទៀត ពូពុធបើកភ្នែកធំៗ ហើយដោយខ្លាចស្តាប់ទៅច្រឡំក៏សួរបញ្ជាក់ទៅកូនវិញម្តងទៀត

 – ថាម៉េច? កូនផ្ញើលុយ២៥០០ដុល្លារឲ្យប៉ា? តើកូនបានលុយពីណាច្រើនម្ល៉េះ?

 – ប៉ាឈប់ឆ្ងល់ទៅ ដូចកូនបានប្រាប់ប៉ាហើយថា ចាប់ពីពេលនេះទៅកូនមានសុភមង្គលហើយមិនលំបាកដូចមុនទៀតទេប៉ា។ ម្យ៉ាងទៀតប៉ាឈប់ឱ្យម៉ាក់ធ្វើការរោងចក្រទៀតទៅកូនធានាចិញ្ចឹម។

   បើទោះបីជា ភាវី បញ្ជាក់ម្ដងហើយម្ដងទៀតពីរឿងដែលនាងមានសុភមង្គលរហូតសល់លុយរាប់ពាន់ដុល្លារផ្ញើមកឱ្យគាត់និងបង្ខំឲ្យម្ដាយឈប់ធ្វើការរោងចក្រក៏ដោយ ពូពុធ នៅតែមិនអស់ចិត្តនិងកើតមន្ទឹលសង្ស័យជារៀងរហូត។

(តទៅថ្ងៃសៅរ៍ក្រោយ)


ចែករំលែក៖