ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​បរិស្ថាន​៖​ បច្ចុប្បន្នមានស្មោយចំនួន ៦០០០គូ កំពុងបន្តពូជពងកូន នៅតំបន់រ៉ាមសារព្រែកទាល់ (បឹងទន្លេសាប)

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃសៅរ៍​ទី​១១​ ខែមករា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ តំបន់រ៉ាមសារព្រែកទាល់ (បឹងទន្លេសាប)​ តំបន់ការពារធម្មជាតិ ជាជម្រកជីវៈចម្រុះរស់នៅយ៉ាងសុខដុមរមនា។ 

ស្មោញ មានឈ្មោះភាសាអង់គ្លេស៖ Oriental Darter និងមានឈ្មោះវិទ្យាសាស្ត្រ៖ Anhinga melanogaster​ ។ បច្ចុប្បន្នមានស្មោយ ចំនួន ៦០០០គូ កំពុងបន្តពូជពងកូន នៅតំបន់រ៉ាមសារព្រែកទាល់ (បឹងទន្លេសាប)។

គួរជម្រាបជូនថា​ កាលពីម្សិលមិញនេះ​ក្រសួង​បរិស្ថាន​ បានឱ្យដឹងដែរថា សត្វក្រៀល (Antigone antigone sharpii) ត្រូវបានចាត់ថ្នាក់ចូលជាប្រភេទកំពុងទទួលរងការគំរាមកំហែងនៅក្នុងបញ្ជីក្រហមអង្គការ IUCN។ យោងតាមលទ្ធផលជំរឿនសត្វក្រៀលក្នុងឆ្នាំ២០២៣ សត្វក្រៀលមានចំនួន១៨០ក្បាល ត្រូវបានកត់ត្រា។ ក្នុងកំឡុងពេល១០ឆ្នាំចុងក្រោយនេះ ចំនួនរបស់សត្វក្រៀលត្រូវបានថយចុះក្នុងកម្រិតមួយដ៏គួរឳ្យព្រួយបារម្ភ ដោយសារតែការកើនឡើងនៃអត្រាការស្លាប់ និងការពងកូនមានកម្រិតបរាជ័យខ្ពស់។ កត្តាគំរាមកំហែងផ្សេងៗទៀតចំពោះសត្វក្រៀលមានដូចជា ការបាត់បង់ទីជម្រក ការរំខានដល់ការពងកូន ការបំពុលដែលបណ្តាលមកពីការប្រើថ្នាំគីមីកសិកម្មលើសកម្រិត កង្វះចំណី ការបរបាញ់ ការប្រែប្រួលវដ្ដទឹក និងកត្តាបម្រែបម្រួលអាកាសធាតុជាដើម។ 

តំបន់ការពារទេសភាពអន្លង់ព្រីងមានទីតាំងស្ថិត ខេត្តកំពត ជាតំបន់ដីសើមដ៏មានសក្តានុពលមួយ ជួយទ្រទ្រង់ ទៅដល់ការរស់នៅរបស់សត្វក្រៀលយ៉ាងតិច ៣៥% នៃចំនួនក្រៀលដែលមានទាំងអស់ នារដូវមិនបន្តពូជ។ ទោះយ៉ាងណាក៏ដោយ សត្វក្រៀលដែលមករកចំណីនៅក្នុងនិងជុំវិញតំបន់ខាងលើនេះ នៅតែបន្តរងការគំរាមកំហែងពីសកម្មភាពមួយចំនួនដូចជា ការបម្លែងទីជម្រក កង្វះចំណី និងការបំពុលបណ្តាលមកពី ការប្រើប្រាស់ថ្នាំនិងជីគីមីកសិកម្មលើសកម្រិតទៅលើដំណាំ។

ដើម្បីដោះស្រាយ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ ក្រសួងបរិស្ថាន បានផ្តួចផ្តើមបង្កើតកម្មវិធីស្រូវមិត្តក្រៀលក្នុងឆ្នាំ២០១៩ឡើង ដោយសហការជាមួយ អង្គការជីវិតធម្មជាតិនៅកម្ពុជាដែលក្នុងនោះមានលក្ខខណ្ឌចំនួន១២ ត្រូវបានកំណត់យកក្នុងការចង្អុលបង្ហាញកម្មវិធីស្រូវមិត្តក្រៀលដែលធ្វើឡើងដើម្បីលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ដែលកាត់បន្ថយការគំរាមកំហែង និងការបះពាល់ដល់ប្រភេទសត្វក្រៀល៕

ដោយ​៖ តារា​


ចែករំលែក៖