ព័ត៌មានទាន់ហេតុការណ៍៖

ការផ្ទុះនៅដេប៉ូប្រេងក្នុងប្រទេសហ្គីណេ ស្លាប់និងរបួសជាង៩០នាក់

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស 8 នាក់បានស្លាប់ និង84នាក់បានរងរបួសបន្ទាប់ពីការផ្ទុះមួយនៅឯកំពង់ផែប្រេងក្នុងរដ្ឋធានី Conakry របស់ប្រទេសហ្គីណេនៅព្រឹកថ្ងៃទី 18 ខែធ្នូ (ម៉ោងក្នុងតំបន់) ។
សាក្សីបាននិយាយថា ការផ្ទុះនៅកន្លែងស្តុកប្រេងដ៏សំខាន់របស់ប្រទេសអាហ្រ្វិកខាងលិចបានអង្រួនសង្កាត់រដ្ឋបាល Kaloum នៅកណ្តាលរដ្ឋធានី Conakry ដោយការផ្ទុះបានបំផ្លាញបង្អួចផ្ទះនៅក្បែរនោះ និងបណ្តាលឱ្យមនុស្សរាប់រយនាក់ភៀសខ្លួន។
នៅកន្លែងកើតហេតុមានផ្សែងខ្មៅ ដែលអាចមើលឃើញពីចម្ងាយរាប់គីឡូម៉ែត្រ។ ភ្លាមៗនោះ ក្រុមពន្លត់អគ្គិភ័យបានមកដល់ ដើម្បីគ្រប់គ្រងភ្លើង ខណៈដែលរថយន្តដឹកប្រេងជាច្រើនគ្រឿងត្រូវបានទាហាននិងប៉ូលិសដឹកចេញពីឃ្លាំង។
ហ្គីណេមិនមែនជាប្រទេសផលិតប្រេងទេ ហើយក៏មិនមានសមត្ថភាពចម្រាញ់ប្រេងដែរ។ ក្រុមហ៊ុនប្រេងរបស់ប្រទេសនេះនាំចូលផលិតផលចម្រាញ់ដែលភាគច្រើនត្រូវបានរក្សាទុកនៅក្នុងឃ្លាំង Kaloum និងចែកចាយតាមរថយន្តដឹកទំនិញទូទាំងប្រទេស។ គេមិនដឹងច្បាស់ថាតើការបំផ្ទុះនេះបានបង្កឱ្យខូចខាតចុងក្រោយប៉ុន្មាននោះទេ។
យោងតាមសារព័ត៌មាន Reuters នៅចុងថ្ងៃទី១៨ ខែធ្នូ ផ្សែងហុយនិងអណ្តាតភ្លើងនៅតែអាចមើលឃើញ ទោះបីក្រុមពន្លត់អគ្គិភ័យបានគ្រប់គ្រងក្តី។ រដ្ឋាភិបាលហ្គីណេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃដដែលនេះថាមូលហេតុនៃការឆេះមិនទាន់ត្រូវបានគេកំណត់នៅឡើយទេ។ ការស៊ើបអង្កេតនឹងត្រូវបានធ្វើឡើងដើម្បីកំណត់ពីមូលហេតុនិងកំណត់អត្តសញ្ញាណអ្នកដែលទទួលខុសត្រូវ។
សេចក្តីថ្លែងការណ៍បាននិយាយថា “រដ្ឋាភិបាលសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីព្រឹត្តិការណ៍នេះ ទំហំ និងផលវិបាកដែលអាចប៉ះពាល់ដល់ប្រជាជនដោយផ្ទាល់” ដោយអំពាវនាវឱ្យប្រជាជនស្នាក់នៅផ្ទះ និងនិយាយថាសាលារៀនត្រូវតែបិទនៅថ្ងៃដំបូងនៃសប្តាហ៍។
ហ្គីណេក៏មានឃ្លាំងប្រេងតូចមួយនៅកំពង់ផែ Kamsar ភាគខាងជើងនៃ Conakry ដែលភាគច្រើនត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនរុករករ៉ែ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖