ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនស្រ្តីម្នាក់ប្រើអំពើហិង្សាលើកុមារីទៅតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌប្ញស្សីកែវ បានបញ្ជូនស្រ្តីម្នាក់ដែលពាក់ព័ន្ធករណីប្រើអំពើហិង្សាលើកុមារី អនីតិជន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីដែលសំណុំរឿងនេះ បានចូលដល់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងបើកការស៊ើបសួរ ។

សូមជម្រាបថា កាលពីវេលាម៉ោងប្រមាណ៨ យប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្ទះ៣០៩K ក្រុម៥ ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ ឃាត់ខ្លួនស្ត្រីម្នាក់ ករណីហិង្សាលើ អនីតិជន។

ក្មេងស្រីរងគ្រោះមានឈ្មោះ យ.វ.ស អាយុ៦ ឆាំ្ន ជាសិស្ស។

ចំណែកស្ត្រីដែលជាជនសង្ស័យឈ្មោះ ឃុន វ៉ាន់ដា អាយុ៣៧ ឆ្នាំ មុខរបរ នៅផ្ទះ  (ត្រូវជាអ៊ុំស្រីក្មេងរងគ្រោះ)។

មុនពេលកើតហេតុនៅថ្ងៃខែឆ្នាំខាងលើ ជនសង្ស័យបានហៅក្មួយចំនួន០៤នាក់ហូបបាយជុំគា្ន ក្នុងនោះក៏មានក្មេងស្រីរងគ្រោះម្នាក់ផងដែរ ។ ក្រោយពេលហូបបាយរួចជនសង្ស័យបានហៅជនរងគ្រោះមករៀន ប៉ុន្តែជនរងគ្រោះមិនទៅរៀនទេ ធើ្វឱ្យជនសង្ស័យខឹងដោយទ្រាំមិនបាន ក៏ទាយដៃជនរងគ្រោះចេញពី ក្នុងផ្ទះមកឈរខាងក្រៅរបងផ្ទះ រួចជនសង្ស័យបានបិទទា្វររបងដើរចូលទៅក្នងវិញ ចំណែកជនរងគ្រោះនៅស្រែកយំ ហើយក៏យកដៃវាយទា្វររបងផ្ទះ ធើ្វឱ្យជនសង្ស័យខឹងទ្រាំមិនបានក៏បើកទា្វររបងយកក្រម៉ាដែលទុកនៅលើម៉ូតូ ធ្វើសកម្មភាពចងដៃចងជើងជនរងគ្រោះឱ្យដេកផ្កាប់មុខទៅនិងដី ហើយពេលនោះជីដូនជនរងគ្រោះក៏បានចេញពីក្នុងផ្ទះ មកអង្គុយពីលើជនរងគ្រោះជួយចងជើងដែរ រួចដើរចូលក្នុងផ្ទះវិញបិទទា្វររបង ចំណែកជន រងគ្រោះនៅតែស្រែកយំននៀលដី ធ្វើឱ្យជនសង្ស័យទ្រាំមិនបានបើកទា្វររបងផ្ទះចេញមកក្រៅទះកំផ្លៀងជនរងគ្រោះចំនួន០៣ ដៃទៅលើផ្ទៃមុខម្តងទៀត ។ 

ដោយឃើញសកម្មភាពប្រើអំពើហិង្សាលើកុមារីយ៉ាងដូច្នោះ អ្នកជិតខាងមានការអាណិតអាសូរក្មេងស្រី នោះ ក៏បានថតរូបភាពជាវីដេអូរបង្ហោះលើបណ្តាញសង្គម ដើម្បី ឲ្យឪពុកម្តាយក្រុមគ្រួសារឬសាច់ញាតិគេដឹង ពិសេសទៀតនោះគឺចង់ឲ្យសមត្ថកិច្ចបានឃើញនិងជួយអន្តរាគមន៍លើជនរងគ្រោះ ។ ក្រោយពីបែកធ្លាយសកម្មភាពដោយអំពើហិង្សាលើកុមារីជាអនីតិជន។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាទៅលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលផែនព្រហ្មទណ្ឌ ដើម្បីចុះទៅអនុវត្តផ្ទាល់ ជាមួយលោកអធិការនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យយកមកចាត់ការតាមផ្លូវច្បាប់តែម្តងទៅ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖