ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីមន្ទីរសាធារណការខេត្តព្រះវិហារម្នាក់ស្លាប់គាបជាប់ក្នុងរថយន្តពេលបុកជាមួយរថយន្តដឹកចេក

ចែករំលែក៖

ខេត្តព្រះវិហារ ៖ មន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារម្នាក់បានស្លាប់ដោយគាបជាប់នៅក្នុងរថយន្តរីឯភាគីអ្នកបើកបររថយន្តសាំយ៉ុងដឹកចេកក៏រងរបួសធ្ងន់ផងដែរ។

​ហេតុការណ៍នេះបានកើតឡើង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៣ នៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។

លោក លឹម អង់អាច អធិការនគរបាលស្រុករវៀងបានឲ្យ ដឹងថា : នៅរសៀលថ្ងៃទី១៨ធ្នូ ថាឈ្មោះ សំ វិចិត្រា ភេទប្រុសអាយុ៣៦ឆ្នាំមានតួនាទីជាប្រធានការិយាល័យដឹកជញ្ចូន នៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានស្លាប់ ។

មុនពេលកើតហេតុបានធ្វើដំណើរតែម្នាក់ឯងចូលក្រុងព្រះវិហារប៉ុន្តែរថយន្តដឹកចេកមានទិសដៅពីព្រះវិហារឆ្ពោះទៅកំពង់ធំ បើកបរដោយឈ្មោះ ចេងសុខជា ភេទប្រុស អាយុ៣៧ ឆ្នាំ ជាជនបង្ករ រស់នៅភូមិអូរតាថុក ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាមបើកបរខ្វះការប្រុងប្រយ័ត្ន រថយន្តជនបង្ករផ្ទុកសំពីងសំពោង កែខុសលក្ខណៈបច្ចេកទេស។

លោកអធិការនគរបាលស្រុករវៀងបានឲ្យដឹងទៀតថា : អ្នកជិះនៅក្នុងរថយន្តដឹកចេកមានចំនួន៤នាក់ក្នុងនោះអ្នកបើកបររងរបួសធ្ងន់។ដោយឡែកអ្នករួមដំណើរបីនាក់ទៀតមិនគ្រោះថ្នាក់ទេ។

លោកអធិការនគរបាលស្រុកនិយាយសន្និដ្ឋានថា : គ្រោះថ្នាក់អាចបណ្ដាលមកពីកត្តាមនុស្ស។ រថយន្តខូចខាតធ្ងន់ធ្ងរបុកខ្ទាតធ្លាក់ពីលើផ្លូវទាំងសងខាងបច្ចុប្បន្នយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកហើយ។

អង្គភាព មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តព្រះវិហារ ក៏បានចេញសារចូលរួមរំលែកទុក្ខ ដោយបញ្ជាក់ថា : ដំណឹងមរណភាព លោក សំ វិចិត្រា ប្រធានការិយាល័យដឹកជញ្ជូន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានទទួលមណរភាពនៅថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។

ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិក កម្មករ ទាំងអស់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមសំដែងនូវការសោកស្តាយអាឡោះអាល័យ និងក្រៀមក្រំជាទីបំផុត ចំពោះមរណភាពលោក សំ វិចិត្រានិងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយអាឡោះអាល័យបំផុត ចំពោះគ្រួសារសព ចំពោះការបាត់បង់ឪពុក និងស្វាមីជាទីគោរពស្រឡាញ់របស់ភរិយានិងកូនៗ។

សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ លោក សំ វិចិត្រា សូមឆាប់បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សហការី


ចែករំលែក៖