ខេត្តបាត់ដំបង៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិក្តិយសសូមគោរពជម្រាបជូន សាធារណជន អ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមឲ្យបានជ្រាបថា នារសៀលថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ២០២៣ នេះសមត្ថកិច្ចនគរបាលបានស្រាវជ្រាវនិងឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយក្នុងករណី ឃាតកម្មកូនដើមចាក់សម្លាប់ ឳពុកចុងនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបងបានហើយ។
កិច្ចប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជារបស់នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ,ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយ មានការចូលរួមពីសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលមានលោកឧត្តមសេនីយ៍ទោ ស ថេង ជាស្នងការនិងដោយបានការសម្រប សម្រួលលើនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ មុខសញ្ញាជាជនសង័្សយឈ្មោះ វណ្ណាវី វច្ចណៈ ភេទប្រុសអាយុ៣០ឆ្នាំមានទីលំនៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចស្រាវជ្រាវ រហូត ចាប់ខ្លួនបាននៅចំណុចព្រំប្រទល់ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបងចំណុចឃុំថ្មដា ស្រុកវាលវែង ក្នុងពេលដែលមុខសញ្ញារូប នេះព្យាយាមរត់គេចខ្លួនប៉ុនប៉ងចូលទៅក្នុងប្រទេសថៃ បន្ទាប់ពី បានធ្វើសកម្មភាពនៅស្រុកភ្នំព្រឹកខេត្តបាត់ដំបងរួចមក។
សូមជម្រាបជូនថា កាលពីថ្ងៃទី ១៣ខែ ធ្នូ ឆ្នាំ ២០២៣ វេលាម៉ោងប្រមាណ ១៨ និង ៤០នាទី នៅចំណុចក្រុមទី៩ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងមានករណីឃាតកម្មដ៏រន្ធត់មួយបានកើតឡើងដែលករណីនេះបង្កដោយឈ្មោះ វណ្ណាវី វច្ចណៈ ភេទ ប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិ សាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង(ត្រូវជាកូនដើម) បានធ្វើសកម្ម ភាព ប្រើប្រាស់កាំបិត(ចិតបន្លែ)ចាក់សម្លាប់ជនរងគ្រោះឈ្មោះ ហៃ សុភក្រ្តិ ភេទប្រុស អាយុ៦៥ ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវជា (ឪពុកចុង) ជាច្រើនកាំបិត បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ ក្រោយពេលធ្វើសកម្មភាពរួចភ្លាមៗជនសង័្សយរូបនេះបានរត់គេចខ្លួនបាត់ពីមូលដ្ឋានហើយការសន្និដ្ឋានជាជំហានដំបូងចំពោះករណីនេះ កើតឡើងដោយសាររឿងទំនាស់ក្នុងគ្រួសារ។
ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលមូលដ្ឋាន និងផែនជំនាញដែលមាន លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការធ្វើពិនិត្យកន្លែងកើតហេតុ ស្រាវជ្រាវនិងតាមស្វែងរកមុខ សញ្ញារូបនេះ ដោយមានកម្លាំងនគរបាលនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ផងនោះបានស្វែងរកជនសង័្សយខាងលើនិងបានឃាត់ ខ្លួនតែម្តង។
នៅពេលនេះសមត្ថកិច្ចបាននិងកំពុងនាំខ្លួនជនសង័្សយ មកកាន់គោលដៅដើម្បីធ្វើការសាកសួរស្រាវជ្រាវ ៕
ដោយ៖ សូរិយា