ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុន Toyota ពិចារណាក្នុងការបង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ការងាររវាងបុគ្គលិកកម្ពុជា-ជប៉ុន ដើម្បីពង្រឹងនូវការដកបទពិសោធន៍លើចំណេះដឹង, វិជ្ជាជីវៈ, វប្បធម៌, ប្រពៃណី ក៏ដូចជាទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ

ចែករំលែក៖

(ទីក្រុងតូក្យូ)៖ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Ichiro KASHITANI សមាជិកក្រុមប្រឹក្សាភិបាល, ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Toyota Tsusho Corporation ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

ក្នុងឱកាសនៃជំនួបនេះ លោក Ichiro KASHITANI បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូនអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន  និងអំពីដំណើរការបង្កើតរោងចក្រដំទ្បើងរថយន្ត Toyota នៅក្នុងប្រទេសកម្ពុជា ដែលបាននិងកំពុងប្រព្រឹត្តទៅ  ហើយនឹងរួចរាល់នាពាក់កណ្តាលឆ្នាំ ២០២៤ ខាងមុខនេះ ។ ក្នុងជំនួបនេះផងដែរ លោកសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Toyota បានសុំការអនុញ្ញាតគោរពអញ្ជើញ សម្តេចនាយករដ្ឋមន្ត្រី ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំទ្បើងរថយន្ត Toyota នាពេលខាងមុខ ។ លើសពីនេះ លោកសមាជិកក្រុមហ៊ុន ក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ឱ្យដំណើរការដោយរលូន និងបានជំរុញទឹកចិត្តដល់វិនិយោគិនឱ្យកាន់តែមានទំនុកចិត្តក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបជាមួយលោក Ichiro KASHITANI ​ និងសហការី ព្រមទាំងបានសម្តែងនូវក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពរីកចម្រើនរបស់ក្រុមហ៊ុន រហូតសម្រេចចិត្តកសាងរោងចក្រដំទ្បើងរថយន្ត Toyota នៅកម្ពុជា ។ ជាមួយនិងការទទួលយកការអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំទ្បើងរថយន្ត Toyota នាឆ្នាំ២០២៤ ខាងមុខនេះ, សម្តេចនាយករដ្ឋមន្ត្រី បានលើកទ្បើងថា ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំទ្បើងរថយន្ត Toyota នេះ ស្របពេលទៅនិងឆ្នាំ២០១៤ គឺជាគម្រប់ខួបអនុស្សាវរីយ៍លើកទី៧១ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលនេះជាការសរបញ្ជាក់យ៉ាងប្រត្យក្សច្បាស់អំពីភាពលូតលាស់រីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ ក្នុងជំនួបនោះដែរ សម្តេចធិបតី បានសម្តែងនូវភាពជឿជាក់ថា តាមរយៈដំណើរការនៃរោងចក្រតំទ្បើងរថយន្ត Toyota នឹងនាំមកនូវវឌ្ឍនភាពរីកចម្រើនសម្រាប់ក្រុមហ៊ុន ក៏ដូចជាការបង្កើតឱកាសការងារប្រកបដោយគុណភាព និងការបណ្តុះបណ្តាលលើកកម្ពស់ថែមទៀតលើជំនាញវិស្វកម្មរថយន្ត សម្រាប់ប្រជាជនកម្ពុជាផងដែរ ។ លើសពីនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណាក្នុងការបង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ការងាររវាងបុគ្គលិកបម្រើការកម្ពុជា-ជប៉ុន ដើម្បីពង្រឹងនូវការដកបទពិសោធន៍លើចំណេះដឹង, វិជ្ជាជីវៈ, វប្បធម៌, ប្រពៃណី ក៏ដូចជាទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ៕

ដោយ ៖ សិលា


ចែករំលែក៖