ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក អំពាវនាវដល់ប្រជាជនយកចិត្តទុកដាក់រក្សាសុខភាពអំឡុងពេលអាកាសធាតុចុះត្រជាក់ និងរក្សាទឹកទុកសម្រាប់រដូវប្រាំង

ចែករំលែក៖

ភ្នំពេញ ៖ លោកចាន់ យុត្ថា រដ្ឋលេខាធិការ និងជាមន្រ្ដីនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមថ្លែងនៅថ្ងៃ ទី១៩ ខែធ្នូនេះថា ចាប់ពីថ្ងៃទី២០ ខែធ្នូនេះទៅ ខ្យល់ មូសុងឦសានចាប់ផ្ដើមបង្កើនឥទ្ធិលលើព្រះរាជាណា ចក្រកម្ពុជា ដោយនឹងធ្វើឲ្យស្ថានភាពអាកាសធាតុនៅកម្ពុជាចាប់ផ្ដើមចុះត្រជាក់ ជាលើកទី២ នៅក្នុងរដូវ លំហើយឆ្នាំ២០២៣នេះ។ លោកបន្តថា អាកាសធាតុនឹងចាប់ចុះត្រជាក់ខ្លាំងពីថ្ងៃទី២១ ទៅដល់ថ្ងៃទី២៤ ខែធ្នូ ពិសេសគឺតំបន់ជួរភ្នំ តំបន់ខ្ពង់រាប ដែលអាកាស ធាតុអាចចុះត្រជាក់ដល់ ១៤-១៥អង្សាសេនៅពេលយប់ ពេលទៀបភ្លឺ និងពេលព្រឹក។ 

លោក ចាន់ យុត្ថា ថ្លែងថា បណ្ដាខេត្ដដែលអាកាសធាតុចុះត្រជាក់ចន្លោះពី ១៥ ទៅ ១៦ អង្សាសេ រួមមានខេត្ដ

មណ្ឌលគិរី ព្រះវិហារ ឧត្ដរមានជ័យ រតនគិរី និងខេត្ដប៉ៃលិន។ ចំណែកឯបណ្ដាខេត្ដដែលនឹងមានអាកាស ធាតុចុះត្រជាក់ចន្លោះពី ១៧ ដល់ ១៩អង្សាសេរួមមាន ខេត្ដបន្ទាយមានជ័យ ព្រះវិហារ ឧត្ដរមានជ័យ រតនគិរី និងខេត្ដប៉ៃលិន ក្រៅពីនេះរាជធានី ខេត្ដដទៃទៀត នឹងមានសីតុណ្ហភាពចន្លោះពី ២០ ទៅ ២៣អង្សាសេ។ 

នៅចំពោះមុខអាកាសធាតុចុះត្រជាក់នាប៉ុន្មានថ្ងៃខាង មុខនេះលោកចាន់ យុត្ថា អំពាវនាវដល់ប្រជាជនយក ចិត្តទុកដាក់លើសុខភាព ពិសេសគឺកុមារតូច និងមនុស្សចាស់។ 

លោក ចាន់ យុត្ថា មានប្រសាសន៍ថា ៖«ទាក់ទងនិងអាកាសធាតុចុះត្រជាក់ គឺសូមយកចិត្តទុកដាក់ចំពោះសុខភាព ពិសេសកុមារ និងមនុស្សចាស់ ត្រូវតែមានសម្លៀកបំពាក់ក្រាស់ៗដើម្បីការពារនៅធាតុអាកាសត្រជាក់ ហើយមួយវិញទៀតគឺនៅតាមជនបទដាច់ ស្រយាលភាគច្រើន ពេលព្រឹក ឬពេលយប់ច្រើនតែប្រើប្រាស់ភ្លើងដើម្បីកម្ដៅរាងកាយ ដើម្បីជួយការពារនូវភាពរងា អ៊ីចឹងទេការប្រើប្រាស់ភ្លើងក៏សូមមេត្ដាយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ពីព្រោះរដូវលំហើយនេះអ្វីៗនៅជុំវិញគឺស្ងួតហើយងាយបង្កឲ្យមានការឆាបឆេះ។ ដូច្នេះការប្រើប្រាស់ភ្លើងដើម្បីកម្ដៅរាងកាយនិងក៏សូមឲ្យយកចិត្តទុកដាក់ការពារឲ្យបានគត់មុតល្អ»។

លោក ចាន់ យុត្ថា ឲ្យដឹងទៀតថា សម្រាប់រដូវលំហើយនៅក្នុងឆ្នាំ២០២៣នេះ បានចូលមកដល់ប្រហាក់ប្រហែលនិងឆ្នាំកន្លងមកដែរ ហើយចំពោះអាកាសធាតុចុះត្រជាក់នេះ អាចកើតមានឡើងក្នុងរង្វង់៣ ឬក៏ ៤ ដងក្នុង១ឆ្នាំ ដែលមានរយៈពេលមិនយូរប៉ុន្មាននោះទេ។ លោកបន្តថា បន្ទាប់ពីបញ្ចប់រដូវលំ ហើយទៅ រដូវប្រាំងនឹងចូលមកដល់ ដែលអាកាសធាតុនឹងឡើងកម្ដៅ ហើយសម្រាប់រដូវប្រាំងឆ្នាំ២០២៤ អាកាសធាតុក្ដៅខ្លាំង ដែលប្រជាជនត្រូវតែមានការត្រៀមខ្លួនទុកជាមុន គឺការរក្សាទឹកទុក ចៀសវាងការបូមបាចដែលនាំឲ្យអស់ទឹក។ 

លោក ចាន់ យុត្ថា ថ្លែងថា«ឆ្លៀតឱកាសនេះខ្ញុំក៏សូមធ្វើការអំពាវនាវបន្ថែមទៀត ព្រោះថា នៅពេលនេះយើងកំពុងទទួលរងឥទ្ធិពលពីបាតុភូត អែលនីញូ (ឥទ្ធិពលក្ដៅ) នៅឡើយ។ អ៊ីចឹង រដូវប្រាំងអាចមានភ្លៀងកក់ខែតិចតូច ជាពិសេសចាប់ពីពាក់កណ្ដាលខែ កុម្ភៈទៅ សីតុណ្ហភាពចាប់ផ្ដើមកើនឡើង ហើយសីតុណ្ហភាពចាប់ផ្ដើមក្ដៅខ្លាំងក្នុងខែ ៣ និងខែ ៤ (ខែ មីនា និងខែ មេសា)។ ទី១ សីតុណ្ហភាពខ្ពស់នៅក្នុងរដូវប្រាំង ដែលធ្វើឲ្យរំហួតច្រើន ហើយទី២ គឺភ្លៀងកក់ខែ ដោយសារយើងនៅទទួលរងឥទ្ធិពលពីបាតុភូត អែលនីញូ នៅ ឡើយ ដូច្នេះភ្លៀងកក់ខែអាចមានតិចតូចជាងបណ្ដាឆ្នាំកន្លងទៅ អ៊ីចឹងទេ សូមអំពាវនាវដល់សាធារណជន ក៏ ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីសូមមេត្តាយកចិត្តទុកដាក់ថែរក្សាប្រភពទឹកដែលមានស្រាប់ឲ្យនបានល្អ ធ្វើម៉េចចៀសវាងការបូមបាចពង្រីង ឬក៏ធ្វើឲ្យបាត់បង់ប្រភពទឹកនាំឲ្យខ្វះទឹកប្រើប្រាស់ក្នុងរដូវប្រាំង»។

លោកអ្នកនាំពាក្យរំពឹងថា តាមរយៈសេចក្ដីជូនព័ត៌មានរបស់ក្រសួងធនធានទឹក ប្រជាជននឹងមានការត្រៀម ខ្លួន ទាំងការការពារសុខភាពក្នុងរដូវលំហើយដែលនឹងចុះត្រជាក់នាពេលខាងមុខ និងការរៀបចំរក្សាទឹកទុកដើម្បីប្រើប្រាស់ក្នុងរដូវប្រាំងនាពេលខាងមុខ៕

ដោយ៖ សូរិយា


ចែករំលែក៖