ខេត្តបាត់ដំបង៖ ស្ថានីយបុរេប្រវត្តិសាស្ត្រល្អាងស្ពាន ជាឈ្មោះរូងភ្នំថ្មកំបោរមួយដែលមានទីតាំងស្ថិតនៅក្នុងភ្នំទាក់ទ្រាំង ភូមិគីឡូម៉ែត្រ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីទីរូមខេត្តបាត់ដំបង តាមបណ្តោយផ្លូវលេខ៥៧ ឆ្ពោះទៅខេត្តប៉ៃលិន។
ស្ថានីយបុរេប្រវត្តិសាស្ត្រល្អាងស្ពាននេះ ត្រូវបានរកឃើញនិងត្រូវបានធ្វើកំណាយលើកដំបូងដោយលោកស្រី សេស៊ី ម៉ូរ៉េ និងលោក រ៉ូឡង់ ម៉ូរ៉េ នៅទសវត្ស ១៩៦០។ បន្ទាប់មកការស្រាវជ្រាវបានអាក់ខានជាង៤០ឆ្នាំ។ រហូតមកដល់ឆ្នាំ២០០៩ ទើបមានការស្រាវជ្រាវបន្ត ដែលធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាមួយសារមន្ទីរជាតិប្រវត្តិសាស្ត្រធម្មជាតិនៃប្រទេសបារាំង ដែលមានលោក ហេង សុផាឌី និងលោក អ៊ូប៊ែរ ហ្វ័ររេទីយ៉េ ជាអ្នកដឹកនាំ។
ការធ្វើកំណាយជាហូរហែកន្លងមក បានរកឃើញវត្ថុបុរាណជាច្រើនដូចជា ឧបករណ៍ថ្មបំបែក, ថ្មរំលីង, ភាជន៍, គ្រឿងលម្អកាយ (អង្កាំនិងកងដៃធ្វើពីថ្ម និងបន្តោងខ្សែកធ្វើពីចង្កូមសត្វ) បំណែកឆ្អឹងសត្វ ព្រមទាំងផ្នូរសពជាដើម។ លទ្ធផលវិភាគលើវត្ថុបានពីកំណាយបានបង្ហាញថា ស្ថានីយល្អាងស្ពានមានមនុស្សមកតាំងទីបីដំណាក់កាលផ្សេងគ្នាគឺ សម័យថ្មបំបែកមានអាយុកាលប្រហែល ៧១០០០ឆ្នាំ, វប្បធម៌ហាវប៊ីនញៀនមានអាយុចន្លោះពី ១០០០ ដល់ ៥០០០ឆ្នាំ និងចុងក្រោយគឺ សម័យថ្មរំលីង មានអាយុប្រហែល ៣០០០ឆ្នាំ ដោយគេបានយកល្អាងស្ពានជាកន្លែងបញ្ចុះសព។
កាលប្រវត្តិទទួលបាននាពេលនេះ ធ្វើឡើងតាមវិធីសាស្ត្របីផ្សេងៗគ្នា ដូចជា (14C, OSL, U-Th) ទៅលើស្រទាប់ដីផ្សេងៗគ្នា ចាប់ពីផ្ទៃខាងលើរហូតដល់ជម្រៅ ៥ម៉ែត្រ។
រហូតមកទល់ពេលនេះ ល្អាងស្ពានជាស្ថានីយបុរេប្រវត្តិសាស្ត្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលប្រទះឃើញឧបករណ៍ថ្មនៃវប្បធម៌ហាវប៊ីនញៀនច្រើនប្រភេទ ហើយស្ថិតក្នុងស្រទាប់ដីជាក់លាក់។ ផ្អែកលើកាលប្រវត្តិ បរិមាណ និងលក្ខណៈនៃឧបករណ៍ថ្មទាំងនោះ ជួយឱ្យយល់បានកាន់តែប្រសើរពីបច្ចេកទេសនៃការផលិតឧបករណ៍ថ្មវប្បធម៌ បរិស្ថាន និងបរិបទទូទៅ នៃវប្បធម៌ហាវប៊ីនញៀន ព្រមទាំងទំនាក់ទំនងជាមួយសង្គមអ្នកបរបាញ់ និងប្រមូលអនុផលព្រៃឈើដទៃទៀតនៅតំបន់អាស៊ីអាគ្នេយ៍ដីគោក៕
ដោយ ៖ សហការី