ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុតអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ចេញដីកាបញ្ជាឱ្យជនបង្កជិះរថយន្ត​ Jeep overland ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2CB-9963 បុកមនុស្សស្លាប់ចូលខ្លួនឱ្យបានមុនថ្ងៃទី០៩ ខែមករាឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ជិះរថយន្ត​ Jeep overland ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2CB-9963 បុកមនុស្សស្លាប់ ស្ថាប័នអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួន បង្គាប់ឱ្យជនសង្ស័យបង្ហាញខ្លូននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ ដីកាបញ្ជាឱ្យចូលខ្លួននេះ ក៏មានអនុភាពបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរក និងនាំខ្លួនជនសង្ស័យមកកាន់អយ្យការផងដែរ ក្នុងករណីមិនព្រមចូលមកបង្ហាញខ្លួន។ចំពោះលទ្ធផលនៃការអនុវត្តដីកាបញ្ជាឱ្យចូលខ្លួននេះ ខ្ញុំនឹងជូនព័ត៌មានបន្ថែមតាមក្រោយទៀត។ ”

សូមជម្រាបថា  រថយន្ត​ Jeep overland ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2CB-9963 បេីកបុក​ជនរងគ្រោះ​ ជិះម៉ូតូ​បណ្ដាលអោយ​ស្លាប់​នៅ​ ខណ្ឌ​ទួលគោក​ ​កាល​ពី​យប់​ថ្ងៃ​ទី​ ១៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២៣​ ម្ចាស់​រថយន្ត​ឈ្មោះ​ សុខ​ លីណា​ ជា​ប្រពន្ធ​លោក​មេធាវី​ ព្រហ្ម​ វិចិត្រ​សុភា​ មាន​ទីលំនៅ​ផ្ទះ​លេខ​ ៥២ដេ​ ផ្លូវលេខ​ ៦៣​ ភូមិ​ ១៣​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ។  ចំពោះ​អ្នក​បេីកបររថយន្ត​បុកគេស្លាប់នេះ​ ត្រូវបាន​គេ​សង្ស័យថា​ជា​កូនប្រុស​ លោកស្រី​ សុខ​ លីណា​ ព្រោះតាម​ ឯកសារ​ដែល​សមត្ថកិច្ច​រកឃើញ​ក្នុង​រថយន្ដ​មានឈ្មោះ​ ព្រហ្ម​ វិចិត្រ​សុសក្ដា​ ធ្វេីការនៅ​ អគ្គ​នាយកដ្ឋាន​ភស្តុភារ​ និង​ហិរញ្ញវត្ថុ​ ។

សូមរំលឹកថា បុរសម្នាក់បានស្លាប់នៅមុខហាងមួយកន្លែងយ៉ាងអាណោចអាធ័ម បន្ទាប់ជិះម៉ូតូមួយគ្រឿងត្រូវបានរថយន្តស៊េរីទំនើបម៉ាកJeepបើកបុកនៅត្រង់ចំណុចផ្លូវបំបែកជាបួនកិនអូស ជិត៣០ម៉ែត្រ និងបុកបង្គោលផ្លាកសញ្ញាចរាចរណ៍មួយដើមទៀតបណ្តាលឲ្យបាក់  កាលពីវេលាម៉ោង ១០ និង ៣០នាទីយប់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣នៅតាមបណ្តោយផ្លូវ ៥៦៦ កែងនឹងផ្លូវ ៣១៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី១  ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ សៀង គឹម ហុង ភេទប្រុស អាយុ ២៩ឆ្នាំ អាសយដ្ឋានស្នាក់នៅផ្ទះលេខ១១អឺ០ ផ្លូវ២៧ ភូមិ ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកJeepចំនួនពីរ គ្រឿងមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2CB-9963 និងមួយគ្រឿងទៀតមិនចាំស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣១៧ ទើសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួនកែងនឹងផ្លូវ៥៦៥ កន្លែងកើតហេតុខាងលើស្រាប់តែរថយន្តJeepមួយគ្រឿងដែលពាក់ស្លាកលេខភ្នំពេញ2CB-9963 បានជ្រុលចង្កូតបុកជាមួយម៉ូតូហុងដា clickមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1DF-5396ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥៦៦ទិសដៅពីកើតទៅលិចចំពីចំហៀងពេញទំហឹងហើយកិនម៉ូតូអូសជិត៣០ ម៉ែត្រជាប់នៅក្រោមរថយន្តហើយទៅបុកនឹងបង្គោលផ្លាកសញ្ញាចរាចរណ៍មួយដើមទៀតបណ្ដាលឲ្យបាក់និងផ្លោងជនរងគ្រោះទៅមុខហាងមួយកន្លែងបែកក្បាលធ្លាយខួរស្លាប់នៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធ៌ម ។

ភ្លាមនោះគេឃើញមានបុរសបីនាក់ស្លៀកពាក់ស្អាតបាតសង្ស័យទើបនឹងចេញពីកម្មវិធីអ្វីមួយបានចុះពីលើរថយន្តបង្កមកមើលជនរងគ្រោះមួយសន្ទុះ ចំណែករថយន្តស៊េរីម៉ាកមួយគ្រឿងទៀតបានឈប់ចាំ។ក្រោយមកក្រោយមកក៏មានការភ្ញាក់ផ្អើលឆោឡោស្រាប់តែបុរសទាំងបីនាក់នោះបានឡើងជិះរថយន្តមួយJeepមួយគ្រឿងទៀតដែលឈប់ចាំគេចខ្លួនចេញពីកន្លែងកើតហេតុបាត់៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖