ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលស្រុកសង្កែ បានបញ្ជូនជនសង្ស័យម្នាក់ជាប់ចោទពីបទលួចជីកសិកម្ម បញ្ជូនទៅស្នងការនគរបាលខេត្តបាត់ដំបងដើម្បីបន្តនីតិវិធី។
មន្ត្រីនគរបាលស្រុកសង្កែបានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣វេលា ម៉ោងប្រមាណ ១៩ និង៣០នាទី នៅចំណុចក្រុមទី០២ ភូមិថ្មី ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីលួច មានស្ថានទម្ងន់ទោស (លួចជីកសិកម្ម) មួយកើតឡើងបង្កដោយជនសង័្សយមិនស្គាល់មុខ បានលួចយកជីកសិកម្មរបស់ជនរងគ្រោះឈ្មោះ គីញ ហ្វារីន ភេទប្រុស អាយុ២៧ឆ្នាំមានទីលំនៅ ចំណុចកេីតហេតុខាងលេី អស់ជីចំនួន០៦ការ៉ុង។
ពេលដឹងថា បាត់ជី ជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាល។ ក្រោយពីទទួលបណ្តឹងរួចមកនិងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែបាន ដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ព្រៀង ស៊េីបអង្កេតរហូតបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យឈ្មោះ រ៉ា ឌី ភេទ ប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង នាវេលាម៉ោង១៤និង ៣០ នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្ទះរបស់ជនសង្ស័យ និងបានដកហូតជីកសិកម្មចំនួន៣ការ៉ុង។
ក្រោយធ្វេីកំណត់ហេតុស្តាប់ចម្លេីយរួចរាល់ ជនសង្ស័យសារភាពថា ខ្លួនពិតជាបានហែកជញ្ជាំងតូបលួចជីកសិកម្មខាងលេីនេះ ពិតប្រាកដមែន និងបានលក់ជីចំនួន០៣ការ៉ុងឱ្យទៅអ្នកភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ប៉ុន្តែមិនទាន់បានយកប្រាក់នោះទេ ។
ករណីនេះនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យមកអនុវត្តតាមនីតិវិធី៕
ដោយ៖ សូរិយា