ភ្នំពេញ ៖ លោកស្រី យី សុខវួច ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនអតីតគ្រូពេទ្យម្នាក់ ដើម្បីយកទៅសាកសួរតាមពាក្យបណ្តឹងពីបទ.ឆបោក ពាក់ព័ន្ធក្នុងការរកស៊ីទិញ.លក់ដីខ្យល់ ។
ដោយអនុវត្តតាមបទបញ្ជាលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងសមត្តកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវ និងនាំខ្លួនជនត្រូវចោទ ជាអតីតគ្រូពេទ្យម្នាក់ នៅចំណុចភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤៣៦(វ)ច.ន ចុះថ្ងៃទី១១ ខែឧសភាឆ្នាំ ២០២៣ របស់លោក ស្រី យី សុខវួច ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ.ឆបោក ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២១។
ជនត្រូវចោទមានឈ្មោះ សំ សីណា ភេទប្រុស អាយុ ៥៣ ឆ្នាំ មុខរបរ គ្រូពេទ្យឯកជន អតីតពេទ្យរដ្ឋ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យបានរងនូវពាក្យបណ្តឹងពាក់ព័ន្ធពីបទ.ឆបោក តាមរូបភាពទិញ.លក់ដីខ្យល់ក្នុងទឹកប្រាក់ប្រមាណ១៥ ម៉ឺនដុល្លារអាមេរិក ។ សមត្តកិច្ចបង្ហើបឲ្យដឹងទៀតថា ក្នុងអំឡុងឆ្នាំ២០២១ ជនសង្ស័យបានទទួលយកប្រាក់ពីជនរងគ្រោះជាបន្តបន្ទាប់ ដើម្បីរៀបចំដីធ្លីមួយកន្លែង នៅក្នុងស្រុកស្រែអំបិលខេត្តកោះកុង ។ លុះពេលបានប្រាក់ប្រមាណ១៥ ម៉ឺនដុល្លារអាមេរិកដល់ដៃហើយ ជន សង្ស័យមិនមានដីធ្លីឲ្យទៅដើមបណ្តឹងទេ ថែមទាំងគេចវេះមិនព្រមចូលខ្លួនដោះស្រាយជាមួយម្ចាស់ប្រាក់ទៀត ដូច្នោះទើបជនរងគ្រោះបានដាក់ពាក្យបណ្តឹង ដើម្បីចាត់ការលើបុគ្គលអតីតគ្រូពេទ្យរូបនោះទៅតាមផ្លូវច្បាប់៕
ដោយ៖ រ៉ារ៉ា