ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចឃុំខ្លួន លោក នាយកសាលានគរបាលជាតិភូមិភាគ៥ ក្រោមបទចោទ «រំលោភលើទំនុកចិត្ត» នារសៀលថ្ងៃទៅ១៩ ខែធ្នូ ឆ្នាំ២០២៣នេះ។
សូមបញ្ជាក់ថាលោកឧត្តមសេនីយ៍ទោ ប៉ិ វ៉ាន់ នាយកសាលានគរបាលជាតិភូមិភាគ៥ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួន កាលពីថ្ងៃទី១៧ ធ្នូ នៅពេលលោកផ្កាយ២នគរបាលរូបនេះ ធ្វើដំណើរទៅដល់ដីចម្ការរបស់គាត់មួយកន្លែងនៅស្រុកសំឡូត ដោយយោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនឃុំខ្លួនរបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ភ្នំពេញពីបទ «រំលោភលើទំនុកចិត្ត» ។
យោងតាមប្រភពព័ត័មាន លោក ប៉ិ វ៉ាន់ ហៅ គ្រូឡុង មានឋានន្តរស័ក្ដិឧត្តមសេនីយ៍ទោ និងមានតួនាទីជានាយកសាលានគរបាលជាតិភូមិភាគ៥ ដែលមានទីតាំងនៅចំណុចទួលម្កាក់ ស្ថិតក្នុងភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ។ ប្រភពបានឲ្យដឹងថា លោកផ្កាយ២ដែលសំបូររឿងអាស្រូវរូបនេះ ជាពិសេស សំណុំរឿងដីធ្លី នៅស្រុកសំឡូត ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមជំនំជម្រះ នៃសាលាឧទ្ធរណ៍ភ្នំពេញ ខណៈពេលលោកឧត្តមសេនីយ៍ទោរូបនេះ ធ្វើដំណើរចេញពីសាលានគរបាលជាតិ ទៅដល់ដីចម្ការរបស់គាត់នៅស្រុកសំឡូត ។
យោងដីកាបង្គាប់ឲ្យចាប់ខ្លួនឃុំខ្លួនលេខ៦៧ ដកឧ/២៣ ចុះថ្ងៃទី២២ មិថុនា ឆ្នាំ២០២៣ ដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៧ នៃសាលាឧទ្ធរណ៍ភ្នំពេញ លោក សួស សំអាត ដែលកោះសន្តិភាពទទួលបាននៅព្រឹកថ្ងៃទី១៨ ធ្នូ នេះ បានឲ្យដឹងថា ជនជាប់ចោទឈ្មោះ ប៉ិ វ៉ាន់ ភេទប្រុស អាយុ៥៤ឆ្នាំ ជាមន្ត្រីនគរបាលត្រូវបានចាប់ខ្លួនពីបទ «រំលោភលើទំនុកចិត្ត» ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលអំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១៥ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៣៩១,៣៩២នៃក្រមព្រហ្មទណ្ឌ ។
ជនជាប់ចោទឈ្មោះ ប៉ិ វ៉ាន់ នឹងនឹងត្រូវសមត្ថកិច្ចបញ្ជូនតទៅឃុំខ្លួនក្នុងពន្ធនាគារតែម្ដង ក្រោយត្រូវចាប់ខ្លួនបញ្ជូនដល់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ។ នេះយោងបើតាមខ្លឹមសារតាមអំណាចសាលដីកាព្រហ្មទណ្ឌ ដែលសរសេរនៅក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួនឃុំខ្លួនខាងលើនេះ៕
ដោយ ៖ រ៉ារ៉ា